(ភ្នំពេញ)៖ លោក ម៉ម សំនៀង អ្នកអត្ថាធិប្បាយព័ត៌មានដ៏ឆ្នើមរបស់ទូរទស្សន៍ BTV ដែលកំពុងវិវត្តន៍ខ្លួន ទៅជាតារាចម្រៀងនោះ នៅពេលនេះ បានបញ្ចេញបទចម្រៀងមួយបទ ក្រោមចំណងជើងថា «រាត្រីមាត់ស្ទឹងសង្កែ» ជាមរតកដើមរបស់លោក ស៊ិន ស៊ីសាមុត ដើម្បីផ្ញើជូនដល់បងប្អូននៅខេត្តបាត់ដំបង ពិសេសសាច់ញាតិជាច្រើនរបស់ខ្លួនដែលកំពុងរស់នៅទីនោះ។
បេក្ខជនដែលកំពុងប្រគួតក្នុងកម្មវិធីសំនៀងឯក របស់ទូរទស្សន៍បាយ័នរូបនេះបានឲ្យ Fresh News ដឹងថា គោលបំណងដែលខ្លួនចូលប្រឡងនោះ គឺដើម្បីចូលរួមអភិរក្ស និងអភិវឌ្ឍតន្ត្រីចម្រៀងខ្មែរ ដោយបន្ថែមថា បើលោកឈ្នះក្នុងការប្រឡង ក្នុងកម្មវិធី សំនៀងឯក លោកនឹងបង្កើនការផលិតបទចម្រៀង ស្នាដៃថ្មីរបស់ខ្លួនឲ្យកាន់តែច្រើន ក៏ដូចជា ចូលរួមច្រៀង បទមរតកដើមរបស់ខ្មែរឲ្យបានច្រើន។
ម៉ម សំនៀង ម្ចាស់បទ អូនឧញ៉ាតី រូបនេះ បានបញ្ជាក់ថា «ការប្រគួតដែលនឹងចាប់ផ្តើម នៅម៉ោង៨យប់នេះ នៅលើកញ្ចក់ទូរទស្សន៍បាយ័ន គឺជាវគ្គដ៏ក្តៅគគុក ដោយលោកត្រូវប៉ះប្រគួតជាមួយ បេក្ខជនមួយរូបទៀត ដើម្បីដណ្តើមឱកាសឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
ប្អូនប្រុសឲ្យដឹងទៀតថា ជោគវាសនារបស់ខ្លួន ក្នុងការប្រលងយប់នេះ គឺអាស្រ័យលើសំឡេងសារ បោះឆ្នោតគាំទ្រពីទស្សនិកជន។ ទស្សនិកជនអាចបោះឆ្នោតគាំទ្រប្អូនប្រុសបាន ដោយផ្ញើសារតាមទូរស័ព្ទពីរប្រព័ន្ធ គឺ Cellcard និង Smart ដោយ វាយលេខ ២ រួចផ្ញើរទៅ ១៨៨៨។
ទាក់ទងនឹងការងារជាអ្នកអត្ថាធិប្បាយព័ត័មានវិញ ប្អូនប្រុសនិយាយថា បើសិនជាប្រឡងជាប់ ក្នុងកម្មវិធីសំនៀងឯក ក៏ប្អូននៅបន្តធ្វើការងារនេះដដែល ព្រោះជាការងារដែលប្អូនស្រឡាញ់។
តើ សំនៀង អ្នកដែលធ្លាប់តែអត្ថាធិប្បាយព័ត៌មាន ហើយបែរជាមកធ្វើជាអ្នកចម្រៀងវិញនោះ មានសំឡេងពិរោះយ៉ាងណា សូមទស្សនាវីដេអូនេះទាំងអស់គ្នា!