(ភ្នំពេញ)៖ នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រុមអ្នកនយោបាយប្រឆាំងនៃអតីតបក្សសង្គ្រោះជាតិ ជាពិសេស សម រង្ស៊ី កឹម មនោវិទ្យា កូនស្រី កឹម សុខា មូរ សុខហួរ រួមនឹងគូកន បានធ្វើសកម្មភាពយ៉ាងខ្លាំងនៅលើឆាកអន្តរជាតិក្នុងការប្រឆាំងនឹងផលប្រយោជន៍កម្ពុជា តាមរយៈការញុះញង់ឱ្យបរទេសដាក់សម្ពាធនយោបាយ ទណ្ឌកម្មសេដ្ឋកិច្ច ដោយអំពាវនាវកុំឱ្យវិនិយោគនៅកម្ពុជា កុំផ្តល់ជំនួយឱ្យកម្ពុជា និងកុំទិញទំនិញពីកម្ពុជាដើម្បីឱ្យបរទេសមួយចំនួនជួយរបស់ គណបក្សសង្គ្រោះជាតិរស់ឡើងវិញ ដោះលែងជនក្បត់ជាតិ កឹម សុខា។ តាមពិតក្រុមអ្នកនយោបាយប្រឆាំងទាំងនេះបានផុងខ្លួនចាញ់បោកប្រាស់បរទេស ដែលបានប្រើប្រាស់ពួកគេដើម្បីបម្រើផលប្រយោជន៍ខ្លួន ពង្រីកឥទ្ធិពល ពង្រឹងភូមិសាស្ត្រ នយោបាយក្នុងតំបន់ដោយយកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យធ្វើជាលេស ក្នុងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ពួកអ្នកនយោបាយប្រឆាំងទាំងនេះបានព្យាយាមបំផ្លាញផលប្រយោជន៍កម្ពុជា តាមគ្រប់រូបភាពក្នុងក្តីសង្ឃឹមក្នុងភាពអស់សង្ឃឹមថា ចៅហ្វាយនាយរបស់ខ្លួន អាចជួយ សង្គ្រោះជីវិតនយោបាយរបស់ខ្លួនឡើងវិញ និងជួយលុបលាងនូវទង្វើ ក្បត់ជាតិ ឃុបឃិតជាមួយបរទេសដើម្បីបំផ្ទុះផែនការសម្ងាត់បដិវត្តន៍ពណ៌ដើម្បី បំផ្លាញសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមាន។ ក្រុមអ្នកនយោបាយ ប្រឆាំងទាំងនេះបានដើរសម្អុយកេរ្តិ៍កម្ពុជាលើឆាកអន្តរជាតិ បំផ្លាញផលប្រយោជន៍កម្ពុជាក្នុងក្តីសង្ឃឹមបរទេស ជាពិសេសព្រឹទ្ធសមាជិកអាមេរិក ដូចជា ចន ម៉ាក់ខេន និង Ted Cruz និងសម្ព័ន្ធមិត្រដែលជាឪម៉ែរបស់ខ្លួនអាចជួយខ្លួនឡើងដឹកនាំគ្រប់គ្រង ប្រទេសកម្ពុជា បានតាមបំណងរបស់ខ្លួន តាមរយៈបដិវត្តន៍ពណ៌ដូចនៅតាមបណ្តាប្រទេសមួយចំនួន ព្រោះពួកគេពិតជា ទទួលស្គាល់ថាមិនអាចឈ្នះការបោះឆ្នោតដឹកនាំរដ្ឋាភិបាល តាមរយៈការបោះឆ្នោត តាមផ្លូវប្រជាធិបតេយ្យបានឡើយ ដោយសារតែបានចាញ់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជាច្រើនអាណត្តិមកហើយ។
បើក្រុមអ្នកនយោបាយប្រឆាំងជាពិសេសទណ្ឌិត សម រង្ស៊ី កូនស្រី កឹម សុខា មូរ សុខហួរ នឹងគូកននយោបាយក្បត់ជាតិរបស់ខ្លួន ខំប្រឹងបំផ្លាញជាតិ និងប្រជាជន កម្ពុជាស្របតាមផែនការសម្ងាត់ចៅហ្វាយនាយអាមេរិក និងសម្ព័ន្ធមិត្ររបស់ខ្លួនយ៉ាងនេះ គួរតែពួកគេទទួលបានមេដាយបំផ្លាញជាតិពីអាមេរិក និងគួរលះបង់ចោល នូវសញ្ជាតិខ្មែរចោលព្រោះកម្ពុជា មិនត្រូវការសែស្រឡាយក្បត់ជាតិ និងខ្ញុំបម្រើបរទេសដូចទណ្ឌិត សម រង្ស៊ី និងកូនស្រី កឹម សុខាឡើយ។ កម្ពុជាក៏មិនត្រូវការ ក្រុមជនក្បត់ជាតិ និងចៅហ្វាយនាយខ្លួនមកបំផ្លាញកម្ពុជាក្រោមលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្សបន្តទៀតដែរ៕
ដោយ៖ ចៅចាក់ស្មុក