(ភ្នំពេញ)៖ ជាមោទនភាពដ៏ធំធេងថ្មីមួយទៀតសម្រាប់ជាតិកម្ពុជាទាំងមូល ដែលនៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧នេះ ដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំជាតិកម្ពុជា ត្រូវបានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ត្រូវបានជ្រើសតាំងជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅ នៃការអភិវឌ្ឍប្រកបដោយចីរភាព»។
ក្នុងពិធីប្រកបដោយកិត្តិយសសម្រាប់ជាតិកម្ពុជា ដែលមេដឹកនាំកំពូលសម្តេចតេជោ ហ៊ុន សែន ត្រូវបានស្ថាប័នពិភពលោកជ្រើសរើសឯកអគ្គរដ្ឋទូតសុឆន្ទៈ និងមានអ្នកចូលរួមអបអរសាទរយ៉ាងច្រើនកុះករនេះ លោក អានតុន ការ៉ាគា ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប បានថ្លែងថា ការជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន ជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅ នៃការអភិវឌ្ឍប្រកបដោយចីរភាព» បន្ទាប់ពីបានមើលឃើញថា សម្តេចជាមេដឹកនាំមួយរូប ដែលបានប្រឹងប្រែងយ៉ាងខ្លាំងសម្រាប់ជាតិ និងប្រជាជនកម្ពុជា ចាប់តាំងពីក្នុងស្ថានភាពដ៏តោកយាក ឈានមករកស្ថានភាពមួយដែលប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ ហើយជាតិទាំងមូលមានកេត្យានុភាពលើឆាកអន្តរជាតិ។ ជាពិសេសសម្តេចបានរួមចំណែកយ៉ាងក្នុងការជំរុញលើវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។
លោក អានតុន ការ៉ាគា បានលើកឡើងទៀតថា សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងដឹកនាំកម្ពុជា ពីចំណុចសូន្យ ក្លាយជាប្រទេសមួយដែលមានភាពទំនើបទាន់សម័យយ៉ាងឆាប់រហ័ស និងក្លាយទៅជាមជ្ឈមណ្ឌលនៃការជួបពិភាក្សា និងសន្ទនាសម្រាប់មនុស្សទាំងអស់ សម្រាប់ពិភពលោក ដែលជាការបើកទ្វារដើម្បីស្វែងរកពន្លឺនៃវប្បធម៌ ការស្រាវជ្រាវប្រវត្តិសាស្ត្រ និងការរុករកបេតិកភណ្ឌ។
«រាជធានីភ្នំពេញសព្វថ្ងៃនេះជាមជ្ឈមណ្ឌលសម្រាប់ការទូតពិភពលោកដែលវិបត្តិត្រូវបានដោះស្រាយ ហើយរដ្ឋបុរសកំពុងស្វែងមធ្យោបាយថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ ជាមជ្ឈមណ្ឌលមួយនៃនវានុវត្តន៍ និងការច្នៃប្រឌិត ជាកន្លែងមួយដែលប្រពៃណី វប្បធម៌ និងបច្ចេកវិទ្យាថ្មីៗត្រូវបានលាយបញ្ចូលគ្នាក្នុងមធ្យោបាយដ៏ល្អឥតខ្ចោះមួយ។ នេះគឺជាសញ្ញាសំគាល់ពិតប្រាកដមួយសម្រាប់អ្នកដឹកនាំសម្រាប់សតវត្សទី២១ សម្រាប់ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោកសម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់បុរសម្នាក់ សម្រាប់នរណាម្នាក់ ដែលគោលដៅនៃការអភិវឌ្ឍមិនមែនគ្រាន់តែជាក្រដាស ឬ សំដីតែប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការងារពេញមួយជីវិត និងគឺជាផ្នែកមួយ និងបំណែកមួយនៃវត្តមាន និងសកម្មភាពរបស់គាត់»។ លោក អានតុន ការ៉ាគា បានគូសបញ្ជាក់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្តីសប្បាយរីករាយ និងមោទនភាពផងដែរក្នុងនាមជាមេដឹកនាំរបស់កម្ពុជា និងក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាទាំងមូល ដែលត្រូវបានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុបមានមូលដ្ឋាននៅប្រទេសប៊ែលហ្ស៊ិក ជ្រើសរើសជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅ នៃការអភិវឌ្ឍប្រកបដោយចីរភាព»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មោទនភាពមួយនេះមិនអាចកើតមានបានឡើយ ប្រសិនបើគ្មានការចូលរួមពីប្រជាពលរដ្ឋខ្មែរទាំងមូលទេនោះ។ សម្តេចតេជោ សូមផ្ញើនូវមោទនភាពជាតិមួយនេះជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។
«វាមិនមែនកើតឡើងដោយឯកឯង ហើយក៏មិនមែនដោយសារការខិតខំរបស់ខ្ញុំតែឯងនោះទេ។ ក៏ប៉ុន្តែខ្ញុំសូមចែករំលែកនូវពានរង្វាន់ទាំងអស់នេះ ជូនចំពោះអ្នកទាំងអស់គ្នានៅទីនេះ ស្ថាប័នរដ្ឋទាំងអស់ ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ដែលបានខិតខំប្រឹងប្រែងរួមគ្នាកសាងទឹកដីនេះតាំងពីទីក្រុងភ្នំពេញអត់មនុស្សនៅ រហូតដល់ទីក្រុងភ្នំពេញក្លាយទៅជាគោលដៅទាក់ទាញមួយ និងទទួលបានពានរង្វាន់។ ខ្លួនខ្ញុំគ្រាន់តែជាផ្នែកមួយ នៃការដឹកនាំប៉ុណ្ណោះ ប៉ុន្តែជោគជ័យនេះការចូលរួម និងការគាំទ្រទាំងឡាយពីអតីតកាល ក៏ដូចជាបច្ចុប្បន្ន ហើយបន្តឆ្ពោះទៅអនាគតកាលវាកាន់តែមានសារៈសំខាន់ខ្លាំងជាងទៀត»។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់។
ការសម្រេចរបស់ក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ជ្រើសរើសសម្តេចតេជោ ហ៊ុន សែន «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅ នៃការអភិវឌ្ឍប្រកបដោយចីរភាព» ក៏បានធ្វើឲ្យសិស្សនិស្សិត និងយុវជនខ្មែរបង្ហាញមោទនភាព ចំពោះមេដឹកនាំរបស់ពួកគេផងដែរ។
ពួកគេបានលើកឡើងថា «នេះជាមោទនភាពមួយសម្រាប់ពួកខ្ញុំជាកូនខ្មែរក្នុងសម័យបច្ចុប្បន្ន ដែលមានមេដឹកនាំមួយរូបបានប្រឹងប្រែងស្តារប្រទេសជាតិចេញពីភ្លើងសង្គ្រាម ហើយធ្វើឲ្យជាតិកម្ពុជាមានកេរ្តិ៍ឈ្មោះ និងកេរ្តិ៍ឈ្មោះជាថ្មីនៅលើឆាកអន្តរជាតិ»។
ទន្ទឹមនឹងការទទួលតួនាទីជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅ នៃការអភិវឌ្ឍប្រកបដោយចីរភាព» សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋខ្មែររួមគ្នាជំរុញវិស័យទេសចរណ៍ឲ្យបានកាន់តែខ្លាំងក្លាថែមទៀត ដើម្បីទាក់ទាញអ្នកទេសចរបរទេសមកកាន់កម្ពុជាកាន់តែច្រើន។
សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកទៅកាន់ប្រជាពលរដ្ឋថា ដើម្បីបន្តរក្សានូវនិរន្តរភាពវិស័យទេសចរណ៍ ការរក្សាឲ្យបាននូវសុខសន្តិភាព គឺជារឿងដ៏ចំបាច់បំផុត។ សម្តេចតេជោ បញ្ជាក់ថា គ្មានសន្តិភាពទេ កុំថាឡើយការអភិវឌ្ឍវិស័យទេសចរណ៍ វិស័យផ្សេងៗដទៃទៀត ក៏មិនអាចធ្វើទៅរួចផងដែរ។
វិស័យទេសចរណ៍កំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ។ ដើម្បីធានាដល់និរន្តរភាពសម្រាប់វិស័យទេសចរណ៍នេះ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញគន្លឹះសំខាន់ៗចំនួន ៣រួមមាន៖
ទី១). សុខសន្តិភាព៖ ជាកត្តាសំខាន់ធ្វើឲ្យប្រទេសជាតិឈានការរីកចម្រើនបើប្រទេសមានសង្គ្រាមមិនមានការអភិវឌ្ឍនិងរីកចម្រើនដែរ។កន្លងមកកម្ពុជាបានឆ្លងកាត់នូវសង្គ្រាមកាប់សំលាប់ជិវិតមនុស្សអស់ជាច្រើន ដូចច្នេះ កម្ពុជាត្រូវតែការពារ និងរក្សាសន្តិភាពអោយបាន។
ទី២). បន្តរួមគ្នាក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងការជួយដល់សេដ្ឋកិច្ចជាតិដូចច្នេះត្រូវឲ្យមានការចូលរួមគ្រប់ភាគីទាំងអស់ និងស្នើ ក្រសួងទេសចរណ៍រៀបចំវេទិកាថ្នាក់ជាតិ អន្តរជាតិ ដើម្បីឲ្យវិស័យនេះកាន់តែមានសក្តានុពលថែមទៀត។
ទី៣). យើងបន្តធានាឲ្យបានជាផលវិជ្ជមានរវាងទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធផ្សេងៗ ដូចជាសហគមទេសចរណ៍ បណ្តាញផ្សព្វផ្សាយ ដើម្បីជំរុញវិស័យនេះឲ្យកាន់តែទូលំទូលាយ។
យោងតាមរបាយការណ៍របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឲ្យដឹងថា នៅឆ្នាំ២០១៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៥លាននាក់ ទទួលបានប្រាក់ចំណូល ៣,៤០០លានដុល្លារ, ១០ខែឆ្នាំ២០១៧ កម្ពុជាទទួលអ្នកទេសចរអន្តរជាតិជាង ៤លាននាក់ ហើយតាមការព្យាករណ៍ដាច់ឆ្នាំ២០១៧ កម្ពុជា នឹងទទួលបានអ្នកទេសចរប្រមាណ ៥លាន ៦សែននាក់ ខណៈឆ្នាំ២០២០ រំពឹងទទួលបាន ៧លាននាក់។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រៅពីការជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅ នៃការអភិវឌ្ឍប្រកបដោយចីរភាព» ហើយនោះ ក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ក៏បានប្រគល់ពានរង្វាន់ «រាជធានីនៃវប្បធម៌ និងទេសចរណ៍ពិភពលោក» ជូនរាជធានីភ្នំពេញផងដែរ៕