(ភ្នំពេញ)៖ ចាប់ពីឆ្នាំ២០១៨ នេះតទៅ និស្សិតខ្មែរ និងនិស្សិតក្នុងតំបន់ អាចទទួលបានឱកាសសិក្សាយកបរិញ្ញាបត្រជាន់ខ្ពស់(អនុបណ្ឌិត) មកពីអាមេរិកលើជំនាញផ្នែកច្បាប់ (Master of Law – LLM) និងការសិក្សាច្បាប់ ឯកទេសគោលនយោបាយ និងច្បាប់សេដ្ឋកិច្ចអន្តរជាតិ (Master of Legal Study in International Economic Law and Policy) នៅកម្ពុជាបានហើយ ។
កម្មវិធីសិក្សាបរិញ្ញាបត្រជាន់ខ្ពស់នេះ ត្រូវបានសហការដោយសាកលវិទ្យាល័យអាមេរិកភ្នំពេញ (AUPP) និងសាកលវិទ្យាល័យអារីហ្សូណា (The University of Arizona-UA) នៅសហរដ្ឋអាមេរិក។
សាកលវិទ្យាល័យ UA គឺជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យល្បីៗ និងលំដាប់កំពូលទាំង១០០ នៅលើពិភពលោក។ និស្សិតដែលបញ្ចប់ការសិក្សានូវកម្មវិធីខាងលើ នឹងទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យ UA ដោយផ្ទាល់។
លោកស្រី Hillary Vance នាយិកាសាខា នៃសាកលវិទ្យាល័យអារីហ្សូណាប្រចាំនៅកម្ពុជា បានថ្លែងថា៖ «ការបើកបង្រៀនកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះ គឺជាការបើកច្រកកាន់តែទូលាយថែមទៀត សម្រាប់និស្សិតខ្មែរ ឱ្យទទួលបានការអប់រំស្តង់ដារអាមេរិក និងមានឱកាសទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យអារីហ្សូណា»។
សាកលវិទ្យាល័យ AUPP ចាប់ផ្តើមទទួលពាក្យចូលរៀនសម្រាប់កម្មវិធីសិក្សាពិសេសមួយនេះ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ ០២៣ ៩៩០ ០២៣/ ០១២ ៨៩៨ ១២៤/ ០១២ ២៦៦ ៦៣១ ឬចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh៕