(ព្រះវិហារ)៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អាមេរិក បានចុះមកពិនិត្យព្យាបាលជម្ងឺដោយឥតគិតថ្លៃ ដែលការព្យាបាលនោះ គឺផ្តោតសំខាន់ទៅលើការវះកាត់ ជូនប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះវិហារ ក្រោមការស្វាគមន៍ពីលោកស្រី ចឹក ហេង អភិបាលរងខេត្តព្រះវិហារ លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្ត និងមន្ត្រីសុខាភិបាលជាច្រ់នរូបផងដែរ។
លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងថា ថ្ងៃនេះមន្ទីរសុខាភិបាលខេត្តព្រះវិហារ មានកិត្តិយសដោយលោកវេជ្ជបណ្ឌិត Elliot blender បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អាមេរិក ចុះព្យាបាលជម្ងឺដោយវះកាត់ជូនប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ដោយឥតគិតថ្លៃរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០១៧។
សកម្មភាពមនុស្សធម៌នេះ ពិតជាមានសារខាន់ខ្លាំងណាស់ ហើយពិតជាត្រូវ និងតម្រូវការរបស់ប្រជាពលរដ្ឋនៅទីនេះ ក៏ដូចជាតម្រូវការរបស់មន្ត្រីសុខាភិបាល ដែលកំពុងបំរើការងារនៅក្នុងខេត្តព្រះវិហារ ពីព្រោះសកម្មភាពនេះបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ និងចូលរួមបង្កើននូវសមត្ថភាពមន្ត្រី នៅក្នុងមន្ទីរពេទ្យបង្អែក១៦ មករាផងដែរ។
លោកវេជ្ជបណ្ឌិត Elliot blender ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អាមេរិក បានឲ្យដឹងថា ថ្ងៃនេះលោកមានចិត្តសប្បាយរីករាយណាស់ដែលបានមកជួប ជាមួយប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះវិហារ ពិសេសឃើញវត្តមានបងប្អូនមកច្រើន ហើយពួកគាត់ នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពនូវអ្វីដែល ពួកគាត់បាន ជួយដល់ប្រជាពលរដ្ខខ្មែរ។
លោកបន្តថា លោកនឹងបង្កើតគ្លីនិចនៅភ្នំពេញ នៅក្រុងព្រះសីហនុ ហើយនៅមន្ទីរពេទ្យព្រះសីហនុ មានការគាំទ្រដោយជនជាតិអាមេរិក ហើយការព្យាបាលដោយវះកាត់ គឺឥតគិតថ្លៃទេ។ ពួកគាត់មកទីនេះដើម្បី មកព្យាបាលការវះកាត់ឲ្យល្អបំផុត ហើយនឹងជួយជម្ងឺអ្វីដែលវះកាត់ឲ្យបានជាសះស្បើយ ហើយលោកវេជ្ជបណ្ឌិតសន្យាថា និងបានជួបជាមួយប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ក្នុងឱកាសក្រោយទៀត។
លោកស្រី ចឹក ហេង អភិបាលរងខេត្តព្រះវិហារ បានឲ្យថា ក្នុងនាមលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ លោកស្រីមានក្តីសោមនស្សរីករាយ ដោយបានចូលរួមជាមួយក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត របស់ប្រទេសអាមេរិក ដែលចុះមកពិនិត្យព្យាបាលដោយវះកាត់ ឥតបង់ប្រាក់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ។
លោកស្រីបានបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍន៍ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋយើងមានឱកាសក្នុងការប្រកបរបរទទួលទានរៀងៗខ្លួនតាមតម្រូវការ។ ការវះកាត់របស់ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តប្រទេសមេរិក ដោយឥតគិតថ្លៃនៅពេលនេះ ពិតជាបានចូលរួមនូវការសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋបានមួយចំនួនផងដែរ និងស្របតាមគោលនយោយបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ក្រៅពីការវះកាត់ដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្មគ្រ័ចិត្តរបស់ប្រទេសអាមេរិក ក៏មានការប្រគល់សម្ភារបរិក្ខារ ថ្នាពេទ្យដល់មន្ទីរពេទ្យបង្អែក១៦មករា ទុកប្រើប្រាស់ផងដែរ៕