(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ជំងឺផ្ដាសាយបក្សី H5N1 កំពុងតែកើតមាននៅភូមិកោះស្វាយ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ក្នុងរបាយការណ៍របស់ក្រសួងកសិកម្ម ដែលផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧នេះ បានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ មាន់ចំនួន២០០ក្បាល បានឈឺ និងងាប់ នៅក្នុងភូមិកោះស្វាយ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
របាយការណ៍បានបញ្ជាក់ថា បន្ទាប់ពីយកសំណាក់សត្វមាន់ងាប់នោះមកពិនិត្យ បានរកឃើញថា មាន់ទាំងអស់នោះមានវីរុសផ្ដាសាយបក្សី H5N1។
បើតាមក្រសួងកសិកម្ម ក្រោយពីការរកឃើញបែបនេះខាងក្រសួងបានចាត់មន្ដ្រីជំនាញ ចុះអនុវត្តវិធានការណ៍បុស្សព្យាបាល និងបន្ដធ្វើការអង្កេត តាមដានស្ថានភាពជំងឺផ្ដាសាយបក្សីនេះ នៅតាមបណ្ដាភូមិជុំវិញតំបន់កើតហេតុជាប្រចាំ ព្រមទាំងបានផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋផងដែរ។
បើតាមមន្ដ្រីសុខាភិបាល ជំងឺផ្ដាសាយបក្សីនេះក៏អាចបង្កគ្រោះថ្នាក់ទៅដល់មនុស្សផងដែរ ប្រសិនបើពួកគេទៅប៉ះពាល់សត្វដែលមានជំងឺ ឬបរិភោគសាច់សត្វដែលមានជំងឺដែលមិនបានចំអិនឲ្យបានឆ្អិនល្អ។ កុមារកម្ពុជាមួយចំនួនក៏ធ្លាប់បានស្លាប់ដោយសារជំងឺផ្ដាសាយនេះផងដែរ៕