(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលទើបនឹងត្រូវបានតែងតាំងជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព» បានថ្លែងថា ត្រូវធានាឲ្យបានមិនត្រូវឲ្យវិស័យទេសចរណ៍ បំពានទៅលើ វប្បធម៌នោះទេ មានន័យថាបេតិកភណ្ឌពិភពលោកអង្គរវត្ត ព្រះវិហារ និងប្រាសាទសំបូរព្រៃគុក មិនត្រូវឲ្យមានការបំពាននោះទេ។
ក្នុងពិធីដែលបានធ្វើឡើង នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ធានាយ៉ាងណ កុំឲ្យវិស័យទេសចរណ៍បំពាន ទៅលើវប្បធម៌ ចំណុចនេះដែលយើងតែងតែរំលឹកដាស់តឿនថា បេតិកភណ្ឌពិភពលោកដូចជាប្រាសាទអង្គរ ប្រាសាទព្រះវិហារ និងសំបូរព្រៃគុក មិនត្រូវបានបំពាន ណាមួយនោះទេ»។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានប្រាប់ទៅគ្រប់ស្ថាប័នពាក់ព័ន្ធ និងពលរដ្ឋកម្ពុជាទាំងអស់ថា ដាច់ខាតត្រូវតែគោរពនូវលក្ខខណ្ឌទាំងឡាយ ដែលអង្គការយូណេស្កូ កំណត់ឲ្យ ជាក់ស្ដែងនៅពេលដែលធ្វើពិធីអបអរសាទរការដាក់បញ្ជូនសំបូរព្រៃគុក ទៅជាសម្បតិ្ដបេតិកភណ្ឌពិភពលោក សម្ដេចបានលើកឡើងថា សូមកុំសម្លាប់មេមាន់ ដើម្បីគ្រាន់តែឆ្ងាញ់មួយពេល ត្រូវចិញ្ចឹមទុកមេមាន់នេះដើម្បីយកកូនយកស៊ុតរបស់វា។
ក្នុងន័យនេះសម្ដេចតេជោ ហ៊ុន សែន បានពន្យល់ថា «ខ្ញុំចង់និយាយថាយើងត្រូវធ្វើកិច្ចការទាំងឡាយណា ដើម្បីអភិរក្សនូវកេរ្ដិ៍ដំណែលប្រវត្តិសាស្ដ្រទាំងអស់នេះ ហើយកុំខុសឲ្យលក្ខខណ្ឌដែលកំណត់ដោយអង្គការយូណេស្កូ បើមិនដូច្នោះអ្វីៗដែលយើងបានដាក់បញ្ជូល ទៅក្នុងជាបេតិកភណ្ឌពិភពលោករួចហើយ អាចនឹង បាត់បង់នូវលក្ខណៈសម្បត្តិរបស់វា»។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ និងវិស័យឯកជនមេត្តាគោរពទៅតាមបទដ្ឋាននានា កុំឲ្យវិស័យទេសចរណ៍ បំពានលើវប្បធម៌ ផ្ទុយទៅវិញត្រូវយកវប្បធម៌ ដើម្បីពង្រីកវិស័យទេសចរណ៍ ទើបធ្វើឲ្យវិស័យទេសចរណ៍មាននិរន្តរភាព។
សូមជម្រាបថា ប្រាសាទអង្គរវត្ត ត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅឆ្នាំ១៩៩២, ប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ជូនទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ និងប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ជូនចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងKrakow ប្រទេសប៉ូឡូញ៕