Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយកទំនាក់ទំនងអន្តរជាតិ នៃមន្ទីរពេទ្យមកពីប្រទេសបារាំង ទទួលស្គាល់ថា មន្ទីរពេទ្យកាល់ម៉ែត មានការអភិវឌ្ឍយ៉ាងច្រើន ពាក់ព័ន្ធនឹងគុណភាព នៃការព្យាបាល

09-12-2017 12:15

(ភ្នំពេញ)៖ លោក អ៊ែវេ ដូរីយ៉ាណូ នាយកទំនាក់ទំនងអន្តរជាតិ មកពីមន្ទីរពេទ្យម៉ាកសី ប្រទេសបារាំង បានសម្ដែងនូវការទទួលស្គាល់​ថា មន្ទីរពេទ្យកាល់ម៉ែត មានការអភិវឌ្ឍយ៉ាងច្រើន ពាក់ព័ន្ធនឹងគុណភាព នៃការព្យាបាល ដោយសារតែក្រុមវេជ្ជបណ្ឌិតរបស់មន្ទីរពេទ្យ តែងតែមានការជួបជុំគ្នាជាប្រចាំ។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល នាយកទំនាក់ទំនងអន្តរជាតិ មកពីមន្ទីរពេទ្យម៉ាកសី ប្រទេសបារាំង អញ្ជើញចូលរួមក្នុងពិធីសិក្ខាសាលាមួយ សម្រាប់ប្រធានផ្នែក ស្តីពីប្រធានផ្នែក និងការអភិវឌ្ឍសេវាថែទាំ នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧​។

សិក្ខាសាលាខាងលើនេះ រៀបចំធ្វើដោយមន្ទីរពេទ្យកាល់ម៉ែត ដែលជាមន្ទីរពេទ្យថ្នាក់ជាតិមួយ របស់កម្ពុជា។ សិក្ខាសាលានេះ​ ក៏ជាផ្នែកមួយនៃរបត់ក្នុងការជួបជុំគ្នា រវាងប្រទេស អាស៊ីអាគ្នេយ៍ ដែលប្រើប្រាស់ភាសាបារាំង ​មានដូចជា ៖ ប្រទេសឡាវ វៀតណាម និងប្រទេសកម្ពុជាផងដែរ។

លោក អ៊ែវេ ដូរីយ៉ាណូ បានបញ្ជាក់ផងដែរថា តាមរយៈការជួបជុំជាប្រចាំ ជាពិសេសសិក្ខាសាលា​ សម្រាប់ប្រធានផ្នែកនាពេលនេះ គឺជាការរួមចំណែកមួយ ធ្វើឲ្យមន្ទីរពេទ្យកាល់ម៉ែត មានការអភិវឌ្ឍន៍យ៉ាងច្រើន ពាក់ព័ន្ធនឹងគុណភាព នៃការព្យាបាល​ជូនចំពោះអ្នកជំងឺ។

លោកបន្ដថា សិក្ខាសាលានាពេលនេះ គឺជាឱកាសថ្មីមួយបន្ថែមទៀត ដែលអនុញ្ញាតឲ្យសិក្ខាកាមទាំងអស់ ធ្វើការពិនិត្យ ពិចារណា នូវរូបមន្ត ឬក្បួនខ្នាត ​ជាការវិវត្តន៍លំនាំអន្តរជាតិ ដែលប្រទេសជឿនលឿន នៅលើពិភពលោក កំពុងតែអនុវត្តន៍។

លោក ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងថា ប្រធានបទនៃសិក្ខាសាលានាពេលនេះ គឺមានសារៈសំខាន់ណាស់ ជាក់ស្តែងសម្រាប់ កម្រិតប្រធានផ្នែក ព្រោះវាគឺជាការ លើកកម្ពស់គុណភាព នៃការព្យាបាល និងថែទាំអ្នកជំងឺ។

លោកអគ្គនាយក រំពឹងថា តាមរយៈសិក្ខាសាលានេះ សិក្ខាកាមទាំងអស់ ដែលជាប្រធានផ្នែក នឹងខិតខំអភិវឌ្ឍន៍ ឲ្យបានតាមគោលការណ៍ ដែលបានគ្រោងទុក ហើយឆ្លើយតបទៅនឹង ការរៀបចំលក្ខណៈយុទ្ធសាស្ត្ររួម របស់មន្ទីរពេទ្យ សំដៅលើកកម្ពស់ ការព្យាបាលថែទាំអ្នកជំងឺ ឲ្យកាន់តែមានកម្រិតខ្ពស់មួយបន្ថែមទៀត៕