(ពោធិ៍សាត់)៖ ប្រជានេសាទចំនួន៧១គ្រួសារ ក្នុងភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ដែលខ្វះខាតស្បៀង សម្រាប់ដោះស្រាយ និងប្រើប្រាស់បឋម ក្នុងពេលដែលភ្លៀងធ្លាក់ជាប់ៗគ្នា ខកខានចេញទៅនេសាទ នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញ បានទទួលអំណោយមនុស្សធម៌ របស់មូលនិធិសង្គមអគ្គសនីកម្ពុជា តាមរយៈលោកបណ្ឌិត ប្រាង ជលសា អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំស្នាអន្សា តំណាងលោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គសនីកម្ពុជា។
ពិធីនេះប្រារព្ធធ្វើឡើងក្នុងសាលាបុណ្យបណ្តែតទឹក (លើផ្ទៃទឹកបឹងទន្លេសាប) ស្ថិតក្នុងភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងបានការចូលរួមពី អាជ្ញាធរស្រុក ឃុំ ក្រុមការងារចុះជួយឃុំ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោក ម៉ៅ ធនិន បានកោតសរសើរដល់អាជ្ញាធរដែនដី និងក្រុមការងារ ដែលបានរួមកម្លាំងសាមគ្គី ក្នុងការអភិវឌ្ឍមូលដ្ឋាន និងផ្តល់ផលប្រយោជន៍ជាច្រើន ជូនដល់ប្រជាពលរដ្ឋក្នុងការកាត់បន្ថយភាពក្រីក្រ។ លោកបានថ្លែងថា «នៅក្នុងសង្គមជាតិយើងនាពេលបច្ចុប្បន្ននេះ មានសុខសន្តិភាព ស្ថិរភាពពេញលេញ គឺដោយមានគោលនយោបាយដឹកនាំប្រទេសដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»។
លោកអភិបាលខេត្ត បញ្ជាក់ថាប្រជានេសាទសូមកុំពឹងផ្នែកទាំងស្រុង ទៅលើកងកម្លាំងមានសមត្ថកិច្ច ព្រោះកម្លាំងមានអាចមិនអាចគ្រប់គ្រង បានទាំងស្រុងនោះទេ គឺមានតែប្រជានេសាទនេះហើយ ត្រូវចូលរួមសហការថែរក្សា និងការពារការពារនៅថ្នាក់មូលដ្ឋាន ទើបអាចកាត់បន្ថយបទល្មើស។ លោកបានរំលឹកថា ការត្រូវពិន័យ ឬផ្តន្ទាទោសទៅតាមច្បាប់ ដោយគ្មានការលើកលែង ចំពោះមន្ត្រីជំនាញណា ឬអង្កការក្រៅរដ្ឋាភិបាល ដែលជាប់ពាក់ព័ន្ធទៅនឹងបទល្មើស ព្រមទាំងឲ្យប្រជានេសាទចូលរួមចំណែក ក្នុងការផ្តល់ព័ត៌មានគ្រប់មុខសញ្ញា ឲ្យបានទាន់ពេលវេលា នោះបទល្មើសពិតជាថយចុះជាមិនខានឡើយ។
ម៉ៅ ធនិន ក៏បានដោះស្រាយសំណូមពររបស់ប្រជានេសាទ ពាក់ព័ន្ធនឹងការបំបាត់កាណូតស្មាច់ដែលដាក់ម៉ាស៊ីនធំ ដោយមានសិទ្ធិប្រើត្រឹមតែម៉ាស៊ីនប៊ីស្តុង ទាំងម៉ាស៊ីនម៉ាស៊ូត និងម៉ាស៊ីនសាំង និងបន្ធូរបន្ថយឲ្យប្រើឧបករណ៍នេសាទ (មងបណ្តូលល្ពៅក្រឡាល្អិត) សម្រាប់នេសាទជាលក្ខណៈគ្រួសារ តែត្រូវគោរពតាមច្បាប់ជលផល។ ចំពោះសំណូមពរកាលពីមុនទាក់ទងនឹងដីសម្រាប់អាស្រ័យផល ក្នុងរដូវទឹកស្រកនោះ លោកបានត្រៀមរៀបចំជាមួយក្រុមការងាររួចរាល់ហើយ ដោយឡែកចំពោះការស្តារប្រឡាយ លោកនឹងឲ្យក្រុមការងារដាក់គ្រឿងចាក់កាយជូន នៅពេលទឹកស្រកបន្តិច។
លោក ម៉ៅ ធនិន និងលោកបណ្ឌិត ប្រាង ជលសា ក៏បានចែកជូនអំណោយមនុស្សធម៌មូលនិធិអគ្គិសនីកម្ពុជា ដល់ដៃប្រជានេសាទទាំង ៧១គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ៥០គីឡូក្រាម, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ និងថវិកា២ម៉ឺនរៀល សម្រាប់ជាស្បៀងទប់ទល់ ក្នុងពេលភ្លៀងធ្លាក់ជាប់ៗគ្នា៕