(ភ្នំពេញ)៖ កីឡាករជម្រើសជាតិកម្ពុជាឈ្មោះ ម៉ីន មូសស្តាន អាយុ២២ឆ្នាំ នៅស្រុកស្នួល ខេត្តក្រចេះ ជាកីឡាករមកពីក្រុម Flamingo Jetski Cambodia ដែលក្រុមប្រតិភូ សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា (WFC) ដឹកនាំដោយ លោក ណុះ ស្លេះ ជាប្រធាន និងជាអនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ណ្តើមបាននូវជ័យលាភីជូនកម្ពុជា នូវពានរង្វាន់ចំនួន៣ វិញ្ញាសាសំខានៗគឺ ចំណាត់ថ្នាក់លេខ១ ចំនួន២ គឺវិញ្ញាសា Amateur Ski Limited និង Amateur Ski 1500 Stock និងចំណាត់ថ្នាក់លេខ៣ ចំនួន១ វិញ្ញាសា គឺវិញ្ញាសា Novice Ski Stock ក្នុងការប្រកួត Thailand Jetski World Cup 2017 នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ដែលមានកីឡាករជម្រើសជាតិមកពីជាង ៤០ប្រទេសចូលរួម ពីថ្ងៃទី០៧ ដល់ទី១០ ខែធ្នូ ឆ្នាំ២០១៧។
លោក ណុះ ស្លេះ បានលើកឡើងថា នេះជាលើកដំបូង ដែលសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានបញ្ជូនកីឡាករជម្រើសជាតិកម្ពុជាមកប្រកួត ជាលក្ខណៈផ្លូវការ ហើយត្រូវបានទទួលកិត្តិយសជាកីឡាករឆ្នើម អាចនាំភាពល្បីល្បាញរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
លោកក៏បញ្ជាក់ ឲ្យដឹងដែរថា សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ត្រូវបានបង្កើតឡើង ដោយមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា នៅខែសីហា ឆ្នាំ២០១៧ ក្នុងគោលបំណងធំៗចំនួន៣៖
*ដើម្បីលើកទឹកចិត្តយុវជនកម្ពុជាទូទៅ ដែលមាននិស្ស័យ និងចំណង់ចំណូលចិត្តឲ្យចូលរួមហ្វឹកហាត់ជាកីឡាករ និងការជិះកម្សាន្តលើប្រភេទកីឡា ទំនើបនេះ ស្របតាមបរិបទ នៃការរីកចម្រើនរបស់សង្គមជាតិ
*ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរមកលេងកម្ពុជា តាមរយៈការបង្កើតព្រឹត្តិការណ៍ប្រកួតនានា
*ដើម្បីរួមចំណែក ពង្រីកប្រភេទកីឡាមួយប្រភេទទៀត ដែលកម្ពុជាមានសក្តានុពល អាចចូលរួមប្រកួតជាលក្ខណៈជាតិផង និងអន្តរជាតិផង។
សហព័ន្ធក៏មានគម្រោងបើកសម្ពោធជាផ្លូវការ នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ គឺជាព្រឹត្តិការណ៍ដ៏ធំជាប្រវត្តិសាស្រ្តរបស់ខ្លួន នៅខេត្តព្រះសីហនុ ដែលនឹងមានការចូលរួម ពីសំណាក់កីឡាករល្បីៗ នៅលើពិភពលោក ដើម្បីប្រកួតដណ្តើមពានរង្វាន់ផងដែរ។
បន្ថែមពីនេះ លោកប្រធានសហព័ន្ធ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការឧបត្ថមគាំទ្ររបស់លោក Heinrich Knauf ជាតំណាងឲ្យក្រុមហ៊ុន Knauf និងជាម្ចាស់ក្រុម Flamingo Jetski ប្រទេសថៃ និងលោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ព្រមទាំងសប្បុរសជន នានាផងដែរ៕