(ភ្នំពេញ)៖ ដល់ថ្ងៃឱសានវាទដែលលោក មាស សាវឿន អតីតអភិបាលរងខេត្តព្រះវិហារ ត្រូវរុះរើរោងចាំដីរបស់ខ្លួន ចេញពីទីតាំងទំនាស់មួយកន្លែងជាមួយលោកស្រី លឹម វណ្ណា ប៉ុន្តែពួកគេមិនបានរុះរើចេញឡើយ បើទោះពីពួកគេបានធ្វើកំណត់ហេតុដោយសន្យាជាមួយ អាជ្ញាធរខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ ថារយៈពេល១០ក្រោយ គិតត្រឹមថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ នឹងរុះរើចេញដោយខ្លួនឯង។
យ៉ាងណាក៏ដោយ រហូតមកដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧នេះ អាជ្ញាធរ និងសមត្ថកិច្ចមិនទាន់បានទៅរុះរើនោះទេ។ អភិបាលរងខណ្ឌឬស្សីកែវលោក ប្រាជ្ញ សីហា បានឲ្យដឹងថា អាជ្ញាធរនឹងទៅរុះរើ នៅថ្ងៃអង្គារ៍សប្តាហ៍ក្រោយ ដោយសារប៉ុន្មានថ្ងៃនេះអាជ្ញាធរនៅជាប់រវល់។
សូមបញ្ជាក់ថា រោងចាំដីរបស់អតីតអភិបាលរងខេត្តព្រះវិហារ គឺលោក មាស សាវឿន ដែលបានលួចសាងសង់លើដីទំនាស់មួយកន្លែង ស្ថិតនៅក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ត្រូវបានលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវបញ្ជាឲ្យលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌដឹកនាំកម្លាំងចម្រុះប្រើវិធានការរដ្ឋបាលចុះទៅរុះរើ កាលពីថ្ងៃទី២៧ ខែវិឆ្ឆិកា ឆ្នាំ២០១៧។
តែទោះបីជាយ៉ាងណា ការប្រើវិធានការរដ្ឋបាលនោះ ពុំបានសម្រេចឡើយដោយសារតែលោក មាស សាវឿន បានចេញមុខមកស្នើសុំឲ្យអាជ្ញាធរ ឲ្យជួយពន្យាពេលរយៈពេល១០ថ្ងៃក្រោយ គាត់នឹងរុះរើចេញខ្លួនឯង ដោយរាប់គិតត្រឹមថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ខាងមុខប៉ុណ្ណោះ។
លោក ប្រាជ្ញ សីហា បានបញ្ជាក់ថា ការចុះរុះរើរោងចាំដី ដែលសង់រំលោភលើដីទំនាស់ខាងលើនេះដែរ បានធ្វើឡើងតាមបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ឈ្មោះ លឹម វណ្ណា ភេទស្រី អាយុ៦១ឆ្នាំ ព្រោះនៅមុនពេលឈានដល់ការចុះរុះរើសំណង់រោងឈើនេះ អាជ្ញាធរបានចុះមកហាមឃាត់ និងណែនាំឲ្យរុះរើដោយខ្លួនឯង តែម្ចាស់មិនស្តាប់ទើបឈានដល់ការប្រើវិធានការរដ្ឋាបាល ស្រាប់តែក្រុមគ្រួសារលោកស្រី ថាច់ ស៊ីសាម៉ា ដែលជាអ្នកចាំដីឲ្យលោក មាស សាវឿន និងបក្ខពួកប្រមាណជិត១០នាក់ ប្រដាប់ដោយកាំបិត ពូថៅ មកធ្វើការរេរ៉ាំងអាជ្ញាធរផងដែរ។
ទោះបីជាយ៉ាងណាលោក មាស សាវឿន បានចេញមុខមកអះអាងសម្របសម្រួល ដោយស្នើសុំពន្យាពេលរយៈពេល១០ថ្ងៃក្រោយ គិតត្រឹមថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីរុះរើសំណង់ឈើ លើដីនោះចេញដោយខ្លួនឯង បើមិនដូច្នេះទេ អាជ្ញាធរនឹងចាត់វិធានការរុះរើ ដោយមិនទទួលខុសត្រូវលើការខូចខាតទ្រព្យសម្បត្តិឡើយ។
បើតាមការអះអាងពីលោកស្រី លឹម វណ្ណា បានឲ្យដឹងថា ដីទំនាស់នេះ មានទំហំប្រមាណជាង១ហិកតា ស្មើនិង១២០០០ម៉ែត្រការ៉េ ដែលមានជម្លោះដ៍រ៉ាំរ៉ៃជាយូរមកហើយ ជាមួយលោក មាស សាវឿន ដោយគាត់បានទិញដោយស្របច្បាប់ពីលោក លឹម អាន តាំងពីឆ្នាំ១៩៩៩ ដោយមានអាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌដឹងឮ និងទទួលស្គាល់ត្រឹមត្រូវ។ លុះក្រោយមកស្រាប់តែលោកមាស សាវឿន ដែលមានដីនៅខាងកើតបានលក់ដីអស់ហើយ និងបានប្តឹងចោទឈ្មោះ លឹម អាន ថា លួចបានយកដីលក់ និងប្តឹងដណ្ដើមដីរបស់គាត់ដែលទិញដោយស្របច្បាប់ទៅវិញ។
លោកស្រី លឹម វណ្ណា បន្តថា កាលពីអំឡុងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ កន្លងទៅ ស្រាប់តែក្រុមគ្រួសារលោកស្រី ថាច់ ស៊ី សុម៉ា ប្រមាណជិត១០នាក់ ដែលអ្នកយាមដីឲ្យលោក មាស សាវឿន បាននាំគ្នាមកសាងសង់រោងរំលោភយកដីរបស់គាត់។ ជាមួយគ្នានោះ គាត់ក៏បានប្តឹងទៅអាជ្ញាធរខណ្ឌឬស្សីកែវ ឲ្យជួយអន្តរាគមន៍ចុះមករុះរើ នៅពេលនេះ តែត្រូវម្ចាស់សុំពន្យាពេល។
លោកមាស សាវឿន ក៏បានឲ្យដឹងផងដែរថា ដីនោះជាដីរបស់គាត់ដែលបានកាន់កាប់តាំងពីឆ្នាំ១៩៨៨ ដោយមានទំហំជាង៣ហិកតា៕