(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧នេះ ត្រូវក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ប្រកាសជ្រើសតាំងជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព, Gobla Ambassador for Tuorism and Sustainable Development Goals»។
ជាមួយនោះដែរក៏មានការផ្តល់ជ័យលាភីជូនរាជធានីភ្នំពេញជា «រាជធានីនៃវប្បធម៌ និងទេសចរណ៍ពិភពលោក» «World Capital of Culture and Turism» ពីសំណាក់ក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជក្មអឺរ៉ុប។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ដែលបានជ្រើសតាំងសម្តេចជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព»។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈតួនាទីនេះ នឹងជួយជំរុញវិស័យទេសចរណ៍នៅកម្ពុជាទៅលើឆាកអន្តរជាតិថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងផងដែរ ក្នុងតួនាទីសម្តេចនឹងប្រឹងប្រែងសម្រេចឲ្យបានតាមការចង់បានរបស់ក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ក្នុងការជំរុញវិស័យទេសចរណ៍។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាព គឺជាកំណត់សំខាន់បំផុត ក្នុងការជំរុញវិស័យទេសចរណ៍ក្នុងចំណោមកត្តាដទៃទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជ្រៀតជ្រែកពីប្រទេសដទៃ ជាពិសេសមនោគមន៍វិជ្ជាសង្គ្រាមត្រជាក់ បានធ្វើឲ្យប្រទេសកម្ពុជា បានរងនូវភាពខ្លោចផ្សារបំផុតពីអតីតកាល។
* សម្តេចតេជោ បានថ្លែងថា មកទល់ពេលបច្ចុប្បន្នកម្ពុជាមិនទាន់អាចជម្នះរួចនៅឡើយទេ នូវផលលំបាកទាំងឡាយ នៃភ្លើងសង្គ្រាម និងសោកនាដកម្មពីអតីតកាល ត្រូវប្តេជ្ញាទប់ទល់ជាមួយការប៉ុនប៉ងទាំងឡាយក្នុងការបំផ្លាញអស្ថិរភាព និងសន្តិភាព។
* សម្តេចតេជោ ហ៊ុន សែន បានបន្តថា ការអភិវឌ្ឍន៍ភាពរីកចម្រើន និងទេសចរណ៍ផងដែរ មិនអាចចាប់ក្នុងផ្ទៃនៃភ្លើងសង្គ្រាមនោះឡើយ ដូចជាករណី នៅតាមបណ្តាប្រទេសនៅមជ្ឈិមបូព៌ា។
* សម្តេចតេជោ ហ៊ុន សែន ឯកភាពឲ្យក្រសួងទេសចរណ៍រៀបចំគោលនយោបាយទេសចរណ៍ឆ្នាំ ២០១៨-២០៣០ ដើម្បីជំរុញវិស័យទេសចរណ៍។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវធានាឲ្យបានមិនត្រូវឲ្យទេសចរណ៍បំពានទៅលើវប្បធម៌នោះទេ មានន័យថាបេតិកភណ្ឌពិភពលោកអង្គរវត្ត ព្រះវិហារ និងប្រាសាទសំបូរព្រៃគុក មិនត្រូវឲ្យមានការបំពាននោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ និងវិស័យឯកជនមេត្តាគោរពទៅតាមបទដ្ឋាននានា កុំឲ្យវិស័យទេសចរណ៍បំពានលើវប្បធម៌ ផ្ទុយទៅវិញត្រូវយកវប្បធម៌ ដើម្បីពង្រីកវិស័យទេសចរណ៍ ទើបធ្វើឲ្យវិស័យទេសចរណ៍មាននិរន្តរភាព។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈតួនាទីរបស់សម្តេច នឹងជួយជំរុញវិស័យទេសចរណ៍នៅកម្ពុជាឲ្យកាន់តែរស់រវើក និងល្បីរន្ទឺលើឆាកអន្តរជាតិ បន្ថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន បានចែកជូនកិត្តិយសនៃការទទួលបានតួនាទីថ្មីលើឆាកអន្តរជាតិរបស់សម្តេច ក៏ដូចជាការទទួលពានរង្វាន់ «រាជធានីវប្បធម៌ និងទេសចរណ៍លើពិភពលោក» របស់រាជធានីភ្នំពេញ ជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានរួមគ្នា ដើម្បីអភិវឌ្ឍន៍រាជធានីភ្នំពេញ និងប្រទេសជាតិរហូតទទួលបាននូវជោគជ័យមួយនេះ។
* ពិធីអបអរសាទរការជ្រើសតាំងសម្ដេចតេជោ ហ៊ុន សែន ជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោកសម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព» ត្រូវបានបញ្ចប់នៅវេលាម៉ោង៩៖៣០នាទី៕