(ភ្នំពេញ)៖ ខណៈប្រធានាធិបតីអាមេរិកទី៤៥ ដូណាល់ ត្រាំ ទន្ទេញជាប់មាត់អំពីការគោរពបូរណភាពដែនដី និងផលប្រយោជន៍នៃប្រទេសផ្សេង ដូចអ្វីដែលគាត់បានគិតពីផលប្រយោជន៍អាមេរិកមុនដំបូងនោះ មន្ត្រីអាមេរិកមួយចំនួនតូចដែលនៅសល់ពីកម្អែលនយោបាយរបស់អូប៉ាម៉ា ក្នុងការផ្លាស់ប្តូររបបដឹកនាំបរទេសពេលដែលប្រទេសនោះមិនរណប ឬមិនដើរតាមនយោបាយរបស់ខ្លួន នៅតែបន្តនយោបាយជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងកម្ពុជាដដែល។ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រសួងការបរទេសអាមេរិក តាមរយៈអ្នកនាំពាក្យរបស់ខ្លួនដែលមិនស្គាល់ប្រទេសកម្ពុជាច្បាស់ បានប្រកាសអំពីការរឹតបន្តឹងការផ្តល់ទិដ្ឋាការដល់មន្រ្តីរាជរដ្ឋាភិបាលកម្ពុជាដែលគេយល់ថាធ្វើឱ្យខូចខាតដល់ដំណើរការប្រជាធិបតេយ្យ នៅកម្ពុជា។ ពិតជាអ្នកស្រឡាញ់ខ្មែរជាងខ្មែរមែន។ វិធានការនេះត្រូវបានអបអរសាទរដោយក្រុមអ្នកនយោបាយប្រឆាំង និងអ្នកវិភាគឯករាជ្យលម្អៀង រកក្រុមប្រឆាំងដោយ បានទះដៃអបអរសាទរចំពោះចំណាត់ការរបស់អាមេរិកប្រឆាំងនឹងកម្ពុជានេះ។
តើហេតុអ្វីបានជាមន្ត្រីអាមេរិកមួយចំនួនរួមនឹងសម្ព័ន្ធមិត្ររបស់ខ្លួន ជួយការពារអ្នកនយោបាយប្រឆាំងក្នុងប្រទេសកម្ពុជា និងធ្វើតាមការញុះញង់របស់អ្នកនយោបាយក្បត់ជាតិទាំងនេះ?
ទី១៖ កម្ពុជាគឺជាមន្ទីរពិសោធសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យរបស់បស្ទិមប្រទេស៖ ក្នុងចំណោមប្រទេសទាំងឡាយនៅក្នុងទ្វីបអាស៊ី កម្ពុជាត្រូវបានក្រុមបស្ទិម ប្រទេសយកធ្វើជាមន្ទីរពិសោធន៍ និងជាគម្រូនៃការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន សម្រាប់បង្ហាញដល់ប្រទេសដទៃទៀត ព្រោះពួកគេយល់ថាកម្ពុជាជាប្រទេសតូច មានផលប្រយោជន៍សេដ្ឋកិច្ច នយោបាយតិចតួចបំផុតសម្រាប់ខ្លួន។
ដូច្នេះការសង្កត់កកម្ពុជាលើការអនុវត្តសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យគឺជាជម្រើសមួយសមស្របសម្រាប់ពួកគេ ដោយមិនធ្វើឱ្យប៉ះពាល់ដល់ប្រទេសជាដៃ គូយុទ្ធសាស្ត្រផ្សេងទៀត។ ប្រទេសនៅក្នុងតំបន់មួយចំនួនត្រូវបានគេដឹងថាគ្មានលទ្ធិប្រជាធិបតេយ្យ និងគ្មានការគោរពសិទ្ធិមនុស្ស និងស្ថានភាពសេរីភាពនៃការ បញ្ចេញមតិអន់ជាងកម្ពុជាទៅ ទៀត ហេតុអ្វីបានជាបស្ចឹមប្រទេសមិនធ្វើការថ្កោលទោស ព្រមានដាក់សម្ពាធ គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចសព្វបែបយ៉ាងដូច ដែលពួកគេបាននិងកំពុងធ្វើប្រឆាំងនឹងកម្ពុជាដែរទៅ? ឬមួយប្រទេសទាំងនោះជាសម្ព័ន្ធមិត្ររបស់ខ្លួន ឬជាដៃគូ និងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន និងជាអ្នកដើរតាមនយោ បាយរបស់ខ្លួន ជាក្រុមគ្នាឯង បានជាមិនហ៊ានប្រតិកម្មតប? ចុះកម្ពុជាដែលខិតខំប្រឹងរស់ទាំងត្រដាបត្រដួសរងសោកនាដកម្មនៃការទម្លាក់គ្រាប់បែកជិតបីលានតោន សោកនាដកម្មប្រល័យពូជសាសន៍ និងបានខិតខំតស៊ូរើបម្រះរំដោះជីវិតជាតិ និងប្រជាជនចេញរបបខ្មែរក្រហមមហា ប្រល័យពូជសាសន៍ បន្ទាប់មករស់ក្នុងទណ្ឌសេដ្ឋកិច្ច និងទណ្ឌកម្មនយោបាយយ៉ាងអយុត្តិធម៌បំផុតបែរជាត្រូវរងការគំរាមកំហែងសព្វបែបយ៉ាងតាំងពីអតីតកាល រហូតមកទល់ពេលនេះគ្រាន់តែកម្ពុជាចាត់វិធានការប្រឆាំង នឹងក្រុមអ្នកនយោបាយនិងបក្សនយោបាយក្បត់ជាតិដើម្បី ការពារសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមានទៅវិញ?
នេះឬជាយុត្តិធម៌ សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យដែល ក្រុមបស្ទិមប្រទេសតែងតែ ទន្ទេញជាប់មាត់ និងទាមទារឱ្យប្រទេស ទន់ខ្សោយនិងទើបងើបពីភាពក្រីក្រដូចកម្ពុជាត្រូវតែគោរពនិងអនុវត្តតាមដាច់ខាត? កម្ពុជាមានភាពចាស់ទុំសមល្មមក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន ហើយ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាក៏មានស្តង់ដាររបស់ខ្លួនដែរ មិនអាចចម្លងទាំង ដុលពីអាមេរិក ឬអឺរ៉ុបមកឱ្យកម្ពុជាអនុវត្តនោះឡើយ។ បស្ទិមប្រទេស គួរកុំចាត់ទុកកម្ពុជាជាមន្ទីរពិសោធន៍សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យសម្រាប់ប្រទេសដទៃទៀត ក្នុងពិភពលោកធ្វើអ្វី ព្រោះកម្ពុជាមានរបៀបធ្វើការ និងគ្រប់គ្រងប្រទេសបែបកម្ពុជាដើម្បីធានានូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍសម្រាប់ប្រទេស និងប្រជាជនរបស់ខ្លួនហើយ។
ទី២៖ កម្ពុជាសំពងក្បាលមេគំនិតបដិវត្តន៍ពណ៌ធ្វើឱ្យផែនការបរាជ័យមិននឹកស្មានដល់៖ កាលដែលអាមេរិកដែលត្រូវបាន កឹម សុខា លើកឡើងថា ជាអ្នកផ្តល់ការគាំទ្រសព្វបែបយ៉ាងទាំងហិរញ្ញវត្ថុនិងបច្ចេកទេសមកឱ្យខ្លួននិងបក្សខ្លួនដឹកនាំដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់តាមទម្រង់បដិវត្តន៍ ពណ៌នៅប្រទេសយូហ្គោស្លាវី និងស៊ែបប៊ី ចាត់វិធានការរឹតបន្តឹងការផ្តល់ទិដ្ឋាការចំពោះមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាគឺដើម្បីជួយសង្គ្រោះមុខមាត់របស់ខ្លួន។ គួរយល់ ថាពាក្យរឹតបន្តឹងការផ្តល់ទិដ្ឋាការនៅពេលនេះគឺខុសពីការដាក់ទណ្ឌកម្ម ឬការហាមឃាត់មិន ផ្តល់ទិដ្ឋាការ។
សង្គ្រោះមុខមាត់ខ្លួនឯងព្រោះថាមានជនជាតិអាមេរិកមួយចំនួនដូចជាព្រឹទ្ធសមាជិក ចន ម៉ាក់ខេន ដែលគេសង្ស័យថា ជាអ្នកនៅពីក្រោយខ្នងនៃការបំផ្ទុះ បដិវត្តន៍ពណ៌នៅក្នុងប្រទេសមួយចំនួនដូចជានៅប្រទេសអ៊ុយក្រែនជាដើម បានព្យាយាមដាក់សំណើ ផ្សេងៗតាមការញុះញង់របស់អង្គការចារកម្មរបស់ខ្លួន ក៏ដូចជាអ្នកនយោបាយក្បត់ជាតិនៃអតីតបក្សសង្គ្រោះជាតិដើម្បីជួយលុបលាងអំពើទុច្ចរិតរបស់ខ្លួន និងថាខ្លួនធ្វើសកម្មភាពក្នុងន័យ បម្រើ
ផលប្រយោជន៍ប្រជាជនកម្ពុជា។ ការលាងអំពើអាក្រក់របស់ខ្លួននេះក៏ត្រូវបានវិល្លៀម ហេដ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានធ្វើដែរ ដោយបាននិយាយថាខ្លួនមកកម្ពុជាមានបំណងល្អជួយលើកតម្កើងទំនាក់ទំនងកម្ពុជាអាមេរិក និងជួយសេដ្ឋកិច្ចខ្មែរ និងបច្ចេកវិទ្យានៅ កម្ពុជាជា
ដើម។ ប៉ុន្តែភាសាទាំងអស់នេះបានត្រឹមតែនិយាយឱ្យពីរោះប៉ុណ្ណោះប្រជាពលរដ្ឋខ្មែរបានដឹងច្បាស់ណាស់ថា តើអ្នកទាំងនោះមានបំណងអាក្រក់យ៉ាងណា ខ្លះមកលើកម្ពុជា និងដឹងថាពួកគេបានចាត់ទុកប្រទេសកម្ពុជា មេដឹកនាំព្រមទាំងប្រជាជនកម្ពុជាជាអ្វីរួចទៅហើយ។ ពួកគេគ្មានចេតនាអ្វីក្រៅពីការយកកម្ពុជា មកបម្រើគោលដៅនយោបាយរបស់ខ្លួន និងពង្រឹងឥទ្ធិពលរបស់ពួកគេនៅក្នុងតំបន់តែប៉ុណ្ណោះ។
ពួកគេបានព្យាយាមប្រើលេសសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដើម្បីការផ្លាស់ប្តូររបបនិងមេដឹកនាំស្របច្បាប់នៅកម្ពុជា។ ប៉ុន្តែសំណាងល្អ សម្រាប់ជាតិ និងប្រជាជនកម្ពុជា ផែនការសម្ងាត់បដិវត្តន៍ពណ៌ដែលគេបានរៀបចំត្រូវបានបរាជ័យជាមួយអំនួតរបស់ កឹម សុខា ដែលជាកូនចឹងដាច់ថ្លៃរបស់ខ្លួន។ នេះរាប់ថាជាសំណាងរបស់កម្ពុជាដែលអាចកម្ចាត់ដោយ ជោគជ័យនូវផែនការបដិវត្តន៍ពណ៌ទាន់ពេលវេលា បើពុំនោះទេកម្ពុជាអាចក្លាយជាស៊ីរី លីប៊ី រី ទុយណេស៊ីសព្វថ្ងៃ។ អ្នកដែលសប្បាយនឹងការផ្លាស់ប្តូរនេះគឺបក្សប្រឆាំងនិងចៅហ្វាយនាយ បរទេសរបស់ខ្លួន ចំណែកអ្នកដែលរងទុក្ខវេទនានិងសោកនាដ
កម្មគឺប្រជាជនកម្ពុជា។ នេះអាចចាត់ទុកថាកម្ពុជាបានសំពងចំក្បាលមេបដិវត្តន៍ពណ៌បានជាធ្វើឱ្យពួកគេទ្រាំមិនបានត្រូវតែចាត់វិធានការប្រឆាំង នឹងខ្មែរគ្រប់រូបភាពដើម្បីសងសឹកវិញ។
ទី៣៖ វិធានការដើម្បីលួងចិត្តកូនចឹងរបស់ខ្លួនដែលលះបង់អ្វីៗដើម្បីចៅហ្វាយនាយ៖ ខណៈការរឹតបន្តឹងការផ្តល់ទិដ្ឋាការគឺជាវិធានការដែល ក្រសួងការបរទេសអាមេរិកដាក់ប៉ុន្តែវាហាក់ ដូចជាមិនដាក់ដូច្នោះដែរព្រោះជាទម្លាប់ ការស្នើសុំទិដ្ឋាការទៅសហរដ្ឋអាមេរិកតែងតែត្រូវបាន រឹតបន្តឹងរួចជាស្រេចទៅហើយ។ ក្រោមហេតុផលរក្សាភាពឯកជនរបស់មន្ត្រីរាជរដ្ឋាភិបាល អាមេរិកមិនបានបញ្ចេញបញ្ជីច្បាស់លាស់ថា តើនរណាខ្លះនឹងត្រូវរឹតបន្តឹងការផ្តល់ទិដ្ឋាការឡើយ ដូច្នេះស្រេចតែអាមេរិកថាតែប៉ុណ្ណោះ។ នេះគឺខុសពីការមិនផ្តល់ទិដ្ឋាការដែលបានសម្រេចកាលពីខែកញ្ញាកន្លងទៅ ចំពោះមន្ត្រីនៃក្រសួងការបរទេសកម្ពុជាចាប់ពីឋានៈអគ្គនាយកឡើងទៅ។ វិធានការនេះមើលទៅដូចជាធំដុំ ប៉ុន្តែជាវិធានការសង្គ្រោះមុខមាត់ កុំឱ្យបាក់មុខរបស់អាមេរិក និងដើម្បីលួងចិត្តកូនចឹងរបស់ខ្លួន។ គ្រាន់តែឃើញអាមេរិកសម្រេចរឹតបន្តឹងការផ្តល់ទិដ្ឋា ការភ្លាមក្រុមអ្នកប្រឆាំងក្នុងនោះមានទាំងទណ្ឌិត សម រង្ស៊ី និងកូនស្រី កឹម សុខា និងអ្នកវិភាគ ឯករាជ្យលម្អៀងចេញមកអបអរសារ និងឱ្យមេដាយទៅក្រសួងការបរទេសអាមេរិកថាធ្វើត្រឹមត្រូវ។
នេះគឺគ្រាន់តែជារបៀបនៃការលួងចិត្តក្រុមអ្នកនយោបាយដែលជឿលើអាមេរិកប៉ុណ្ណោះ ប៉ុន្តែធាតុពិតនេះគឺជាវិធានការដែលធ្វើឱ្យតែបាន ដើម្បីកុំឱ្យកូនចឹងរបស់ខ្លួនខូចចិត្តកាន់តែខ្លាំង ត្បិតអីបក្សសង្គ្រោះជាតិដែលខ្លួនខំកសាងមកត្រូវបានរំលាយតាមអំណាចសាលដីការបស់ តុលាការកំពូល អ្នកនយោបាយចំនួន ១១៨ នាក់ដែលជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មាធិការនាយកនៃអតីតបក្សសង្គ្រោះជាតិ។ ពួកគេនៅបន្តច្រៀង និងមោទនភាព ចំពោះទង្វើក្បត់ជាតិ បំផ្លាញជាតិរបស់ខ្លួនបន្តទៅទៀតតាមរយៈអំពាវនាវឱ្យចៅហ្វាយនាយ របស់ខ្លួនធ្វើបាបប្រជាជនកម្ពុជា។
ប៉ុន្តែអ្នកនយោបាយក្បត់ជាតិទាំងនេះមិនបានគិតថាខ្លួនកាន់តែធ្វើសកម្មភាពខ្លាំងក្នុង ការបំផ្លាញជាតិ ពិភពលោកជាពិសេសប្រជាជនកម្ពុជា នឹងកាន់តែមើលឃើញច្បាស់ពីចរិតពិស ពុលរបស់ខ្លួនដែលបានធ្វើមកលើជាតិខ្លួនដើម្បីតែផលប្រយោជន៍បក្សពួកនិងក្រុមគ្រួសារខ្លួន។ គួរកត់សម្គាល់ថារាល់សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលនានា បើទោះបីជាសម្តែងការព្រួយ បារម្ភចំពោះស្ថានការណ៍នយោបាយនៅកម្ពុជា បច្ចុប្បន្នដើម្បីលួងចិត្តក្រុមអ្នកនយោបាយបក្ស ប្រឆាំងដែលជាកូនចឹងរបស់ខ្លួន រដ្ឋាភិបាល ឬស្ថាប័នក្រោមចំណុះរដ្ឋាភិបាលនៃរដ្ឋបរទេសខ្លះ បានបញ្ជាក់នៅចុងបញ្ចប់នៃសេចក្តីថ្លែងការណ៍ថាប្រទេសខ្លួននៅតែជាមិត្តរបស់កម្ពុជា និងបន្តធ្វើការ សហការ និងផ្តល់ជំនួយដល់កម្ពុជា។ តើនេះជាអ្វីទៅ? នេះគឺជាការនិយាយលួងចិត្ត ក្រុមអ្នកនយោបាយបក្សប្រឆាំងយ៉ាងច្បាស់ ហើយក៏ទះកំផ្លៀងក្រុមអ្នកនយោបាយក្បត់ជាតិ មួយទំហឹងដៃផងដែរ ព្រោះរដ្ឋាភិបាលត្រូវធ្វើការជាមួយរដ្ឋាភិបាលមិនមែនធ្វើការជាមួយក្រុម អ្នកនយោបាយប្រឆាំងទេ។ កុំឆោតពេក!
ដូច្នេះអ្វីដែលក្រុមអ្នកនយោបាយរំពឹងថានឹងអាចញុះ ញង់ និងពឹងពាក់ចៅហ្វាយនាយរបស់ខ្លួនជួយសង្គ្រោះ និងប្រស់បក្សរបស់ខ្លួនឱ្យរស់ឡើងវិញគឺ ជាការយល់សប្តិហើយចង់ឱ្យលុបការសម្រេចរបស់តុលាការកំពូលហាមប្រាមអ្នកនយោបាយ ១១៨ នាក់មិនឱ្យធ្វើនយោបាយគឺជាការស្រមើស្រម៉ៃ។ នៅពេលនេះ ក្រុមអ្នកនយោបាយបក្ស ប្រឆាំងបានត្រឹមតែចាញ់បោកការបន្លប់របស់ចៅហ្វាយនាយរបស់ខ្លួន និងខាតបង់ពេលវេលាប៉ុណ្ណោះ។ អ្នកនយោបាយទាំងនេះគួរដឹងថាខ្លួនគ្រាន់តែជាស្លឹកចេកខ្ចប់នំឱ្យពួកគេហូបតែប៉ុណ្ណោះ។ នៅពេលមានបក្ស ពេលមានសិទ្ធិធ្វើនយោបាយ ចៅហ្វាយរបស់ខ្លួនជួយមិនបានផង ចុះទម្រាំពេលនេះបក្សក៏រលាយ ខ្លួនក៏អស់សិទ្ធិធ្វើនយោបាយ តើនឹងមានតម្លៃនយោបាយអ្វី ទៀតសម្រាប់ពួកគេ? ដំបូងឡើយ ក្រុមប្រឆាំងប្រកាសថានឹងមិនមានការរំលាយគណបក្សសង្គ្រោះជាតិឡើយ ទីបំផុតតុលាការកំពូលរកឃើញថាបក្សនេះរំលោភបំពានច្បាប់ស្តីពីគណបក្សនយោបាយ ក៏បានសម្រេចរំលាយចោល។
ឥឡូវពួកគេបានប្រកាសថាសម្ពាធអន្តរជាតិ និងការដាក់ទណ្ឌកម្មនានា នឹងជួយប្រស់ឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ហើយក្រុមខ្លួន នឹងបានសិទ្ធិធ្វើ នយោបាយវិញ និងអាចបានអាសនៈរដ្ឋសភា បានតំណែងផ្សេងៗមកវិញ តែឥឡូវអ្វីៗហាក់ដូចជាគ្មានសង្ឃឹមព្រោះនីតិវិធីច្បាប់ ត្រូវបានអនុវត្តបានយ៉ាងត្រឹមត្រូវ និង អាសនៈនៅទំនេរក៏ត្រូវបានបែងចែកអស់ហើយដែរ។ តើពេលនេះក្រុមអ្នកនយោបាយប្រឆាំង នៅសល់អ្វីទៀត? គឺនៅសល់តែសាលក្រមតុលាការផ្តន្ទាទោស សល់តែការជាប់ឃុំឃាំង សល់ តែការរត់និរទេសខ្លួនឯងពីសំណាញ់ច្បាប់ និងសល់តែក្តីសង្ឃឹមនៅក្នុងក្តីអស់សង្ឃឹមតែប៉ុណ្ណោះ។ ដូច្នេះ សូមកុំសូវជឿលង់នឹងបរទេសពេក ហើយអ្វីដែលបរទេសមួយចំនួនតូចបានធ្វើនាកន្លងទៅគឺគ្រាន់តែជាការលួងចិត្តកូនចឹងរបស់ខ្លួនប៉ុណ្ណោះ ហើយទន្ទឹមនឹងនោះពួក គេក៏បានគិតវែងឆ្ងាយពីទំនាក់ទំនងយូរអង្វែងជាមួយកម្ពុជា និងជាពិសេសបរទេសខ្លះក៏បានទទួលស្គាល់ពីភាពចាំបាច់របស់កម្ពុជា ក្នុងការអនុវត្តច្បាប់ប្រឆាំងនឹងផែនការបដិវត្តន៍ពណ៌ ដើម្បីការពារសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមានសព្វថ្ងៃសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត៕
ដោយ៖ ចៅចាក់ស្មុក