(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា ដែលហៅកាត់ថា ស៊ីម៉ាក់ បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ត្រូវនឹង ៥រោច ខែមិគសិរ ព.ស ២៥៦១ ក្រុមជំនាញសុីម៉ាក់ បានបោសសំអាតនិងរុករកឃើញគ្រាប់មីនប្រឆាំងមនុស្ស គ្រាប់មីនតោន គ្រាប់បែកទំលាក់ពីយន្តហោះ គ្រាប់បែកចង្កោម រុករកទីតាំងគ្រាប់បែកគីមីជាដើម បានជាង៥០០គ្រាប់។
លោកបន្តថា នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០១៧នេះ នៅទិសខែត្របាត់ដំបង រុករកឃើញចំនួនជាង៣០០គ្រាប់ ទិសខេត្តកំពង់ចាមជាង១៦០គ្រាប់ ទិសខេត្តសៀមរាប-បន្ទាយមានជ័យជិត១០០គ្រាប់។
លោក ហេង រតនា បានចាត់ទុកថា ដោះបានគ្រាប់បែក គ្រាប់មីននេះ ជាការខិតខំរបស់រាជរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍ក្នុងការធ្វើយ៉ាងណាឲ្យទឹកដីដ៍ប្រសិទ្ធនេះ កាន់តែសុខក្សេមក្សាន្ត និងឲ្យមនុស្សគ្រប់រូបមានសុខសុវត្ថិភាព និងអស់កង្វល់ពីបញ្ហាគ្រាប់មីន គ្រាប់បែកចង្កោម និងគ្រាប់បែកគីមីបន្តគំរាមកំហែងអាយុជីវិតប្រជាជនបន្តទៀត៕