(ភ្នំពេញ)៖ ស្ថានទូតជប៉ុន ក្រសួងធនធានទឹក និងអង្គការ JICA ជំរុញឲ្យប្រជាកសិករប្រើប្រាស់ធនធានទឹកនៅតាមអាងស្ទឹង ជុំវិញបឹងទន្លេសាប ឱ្យត្រឹមត្រូវ កុំឲ្យខ្ជះខ្ជាយដើម្បីកាត់បន្ថយការខ្វះខាត់ទឹកប្រើប្រាស់សម្រាប់កសិកម្មនៅរដូវប្រាំង ព្រោះទឹកជារឿងចាំបាច់បំផុតសម្រាប់វិស័យកសិកម្ម។
នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧នេះ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ក្រសួងធនធានទឹក រួមជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) បានរៀបចំសន្និសីទ សារព័ត៌មានលើកទី៦ ស្តីពី សកម្មភាពសហប្រតិបត្តការរវាង ក្រសួងធនធានទឹក និង JICA លើសកម្មភាពបែងចែក ការប្រើប្រាស់ទឹកនៅតំបន់ទាំង៦ ឲ្យបានស្មើគ្នាលើគ្រប់វិស័យពិសេសវិស័យកសិកម្មនៅកម្ពុជា។
លោក Manabu MASUO ទីប្រឹក្សា JICA បានថ្លែងថា យន្តការនៃការគ្រប់គ្រង និងការសម្របសម្រួលសម្រាប់ប្រើប្រាស់ធនធានទឹក ត្រូវបានអនុវត្ត ដោយផ្អែកលើមូលដ្ឋានសាកល្បងមួយ ដើម្បីឈានទៅអនុវត្តការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព សមធម៌ និងនិរន្តរភាព។
លោក Manabu MASUO បានបន្តថា គម្រោងថ្មីមានវិសាលភាព គ្របដណ្តប់លើអាងស្ទឹងចំនួន៦ ក្នុង៦ខេត្ត-ក្រុង ដោតផ្តោតជាពិសេសលើវិធី សាស្រ្តថ្មី ក្នុងការបែងចែកទឹកប្រើប្រាស់ ចេញពីប្រភពខ្សែទឹកខ្ពស់ និងទាប តាមរយៈការប្រមូលទិន្នន័យការបង្កើតគម្រោងស្ថាប័ន សម្រាប់សម្របសម្រួល និងរៀបចំផែនការគ្រប់គ្រងធនធានទឹក។ លើសពីនេះគម្រោងថ្មីនេះ មានគោលបំណងលើកស្ទួយផលិតភាពក្នុងវិស័យ កសិកម្មផងដែរ។
លោក តូស៊ីគី ហ៊្វូជីម៉ូតុ លេខាទី២ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា គម្រោងថ្មីមានវិសាលភាពគ្របដណ្តប់លើអាងស្ទឹងចំនួន៦ ខេត្ត-ក្រុង រួមមាន៖ អាងស្ទឹងសង្កែ អាងស្ទឹងមោងឬស្សី ក្នុងខេត្តបាត់ដំបង អាងស្ទឹងពោធិ៍សាត់ អាងស្ទឹងបរិបូរណ៍ អាងស្ទឹងព្រែកត្នោត និងអាងស្ទឹងស្លាគូរ។
លោក តាំង សូផាត ប្រធានក្រុមការងារ ក្របខណ្ឌស្ថាប័នរបស់គម្រោងការប្រើប្រាស់ធនធានទឹក នៅតាមអាងស្ទឹង នៃក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងថា កន្លងទៅ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មការ ដែលមានសមាជិកចូលរួមមកពីក្រសួងស្ថាប័នពាក់ព័ន្ធនៅកម្ពុជា។ គណៈកម្មការនេះ បានអង្គុយជជែកគ្នាពីយន្តការដើម្បីគ្រប់គ្រង នៃការប្រើប្រាស់ទឹកក្នុងតំបន់ទាំង៦ ខាងលើឲ្យមាននិរន្តរភាព ពិសេសអាងស្ទឹងពោធិ៍សាត់ ដែលបានធ្វើជាគំរូគេសម្រាប់អនុវត្ត៕