Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌឫស្សីកែវ ប្រាប់មន្ត្រីឲ្យបន្ទន់ឥរិយាបទ និងខិតខំដោះស្រាយសំណូមពរ និងសេវាតម្រូវការជូនប្រជាពលរដ្ឋឲ្យបានល្អ

08-12-2017 18:56

(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានគូសបញ្ជាក់ថា រយៈពេល៥ខែចុងក្រោយនេះ ពោលគឺការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៤ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ នៅទូទាំង៧សង្កាត់ របស់ខណ្ឌឫស្សីកែវ ឃើញថា លទ្ធផលរបស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានការឆ្លើយតបមកវិញ ពីសំណាក់ប្រជាពលរដ្ឋនូវពុំទាន់ល្អប្រសើរឡើយ ដូច្នេះចាំបាច់ណាស់ ទាមទារឲ្យការិយាល័យច្រកចេញ-ចូលតែមួយខណ្ឌ ចៅសង្កាត់ ស្មៀន ដែលជាមន្ត្រីមុខងារសាធារណៈ គួរតែបន្ទន់ និងប្ដូរឥរិយាបទចេញ ហើយងាកត្រឡប់មកយកចិត្តទុក្ខដាក់បម្រើ និងធ្វើការឆ្លើយតបភ្លាមៗ ទាំងសេវាសំណូមពរ ក៏ដូចជាសេវាតម្រូវការ ជូនប្រជាពលរដ្ឋឲ្យបានល្អ ដោយមិនគិតពីពេលវេលា ដើម្បីឲ្យស្របទៅតាមការខិតខំប្រឹងប្រែង និងដឹកនាំដោយផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ការគូសបញ្ជាក់ ក៏ដូចជាការក្រើនរំឭកយ៉ាងដូច្នេះ ត្រូវបានលោក ជា ពិសី លើកឡើង នៅក្នុងសាលប្រជុំដ៏សំខាន់មួយ នៃគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមានសមាសភាពចូលរួមពីអភិបាលរងខណ្ឌ៤រូប គឺលោកស្រី សួស សូលីដា លោក លីន ញ៉ក់ លោក ប្រាជ្ញ សីហា លោក ស៊ូ សោគន្ធ និងនាយករដ្ឋបាលខណ្ឌលោក សន សោភ័ណ្ឌ ប្រធាន-អនុប្រធានតាមបណ្ដាការិយាល័យជុំនាញចំណុះរដ្ឋបាលខណ្ឌ អធិការរងនគរបាលខណ្ឌ មេបញ្ជាការរងអាវុធហត្ថខណ្ឌ យូទ្ធភូមិភាគពិសេសខណ្ឌ ចៅសង្កាត់ នាយប៉ុស្ដិ៍ ស្មៀន មេភូមិ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួន សរុប២១០រូប។

លោក ជា ពិសី បានថ្លែងថា ចំពោះការិយាល័យច្រកចេញ-ចូលតែមួយ ចៅសង្កាត់ ស្មៀន ដើរតួរនាទីសំខាន់ណាស់ ព្រោះជាមន្ត្រីមុខងារសាធារណៈ ក្នុងការផ្ដល់អត្តសញ្ញាណ ឫបញ្ជាក់រាល់លិខិតស្នាមផ្សេងៗ ពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធនានា ដែលកើតមាននៅតាមមូលដ្ឋាននីមួយៗ ដូចជា បញ្ហាផ្លូវ បញ្ហាកកស្ទះប្រព័ន្ធលូ ជាដើម ដើម្បីធ្វើការដោះស្រាយ និងឆ្លើយតបភ្លាមៗឲ្យទាន់សភាពការ ទាំងសេវាសំណូមពរ និងសេវាតម្រូវការ ជូនប្រជាពលរដ្ឋ ដោយមិនគិតពីពេលវេលា ដូចអនុសាស្ត្ររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញថា «ធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាព»៕