(ភ្នំពេញ)៖ ការប្រកួតកីឡាគុនខ្មែរអន្ដរជាតិ លើកទី១ បានលេចចេញជារូបរៀងផ្លូវការហើយ ក្រោយពិធីបើកការប្រកួតនៅវិមានពហុកីឡដ្ឋានជាតិ នាល្ងាចថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ខណៈលោករដ្ឋមន្ដ្រីបានចាត់ទុកព្រឹត្តិការណ៍គុនខ្មែរអន្ដរជាតិ និងបង្កើតឲ្យមានសហព័ន្ធគុនខ្មែរអន្ដរជាតិ គឺជារឿងដ៏សំខាន់ ដើម្បីដាក់បញ្ចូលកីឡាក្បាច់គុនបុរាណខ្មែរមួយនេះ ទៅក្នុងការប្រកួតកីឡាស៊ីហ្គេម(SEA Games) ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ។
លោក ថោង ខុន បានថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រយ៉ាងដូច្នេះថា «គោលដៅនៃការបង្កើតសហព័ន្ធគុនខ្មែរអន្ដរជាតិ គឺដើម្បីត្រៀមបញ្ចូលប្រដាល់គុនខ្មែរ ក្នុងកម្មវិធីប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ បើសហព័ន្ធគុនខ្មែរអន្ដរជាតិយើង មានភាពស្របច្បាប់អនុលោមតាមធម្មនុញ្ញ SEA Games ដែលបានចែងថា ប្រទេសម្ចាស់ផ្ទះអាចបញ្ជូលកីឡាប្រពៃណី ១ប្រភេទ ក្នុងកម្មវិធីប្រកួត តែត្រូវមានសហព័ន្ធកីឡាអន្ដរជាតិរបស់ខ្លួន» ។ ការលើកឡើងដូច្នេះ ស្របពេល NOCC និងក្រសួងអប់រំ បានទទួលស្គាល់សហព័ន្ធគុនខ្មែរអន្ដរជាតិ ដែលទើបត្រូវបានបង្កើតកាលពីឆ្នាំ២០១៦កន្លងទៅ ។
ដោយឡែកការរៀបចំសង្វៀនគុនខ្មែរអន្ដរជាតិ ដែលគ្រោងធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៨-១០ ខែធ្នូពេលនេះ រឹតតែផ្ដល់នូវផលប្រយោជន៍ដល់ច្រើន នៅក្នុងដំណើរឆ្ពោះទៅឆ្នាំ ២០២៣ ។ លោកថា «ការប្រកួតនេះ គឺមានសារៈសំខាន់ណាស់ សម្រាប់កីឡាគុនខ្មែរយើង ដែលជាឱកាសរៀនសូត្រ ដកស្រង់បទពិសោធន៍ ដោយអនុវត្តផ្ទាល់ក្នុងការរៀបចំការប្រកួត ពង្រឹងបានគុណភាព សមត្ថភាព មន្ដ្រីបច្ចេកទេស និងពិសេសគឺការវាស់ស្ទង់កម្រិតបច្ចេកទេសកីឡាករ-កីឡាការិនីកម្ពុជាបានយ៉ាងរលូន ។ ដូចនេះ បើយើងរៀបចំការប្រកួតកីឡាគុនខ្មែរអន្ដរជាតិជារៀងរាល់ឆ្នាំ នោះយើងនឹងមានសង្ឃឹម និងភាពជឿជាក់លើកីឡាគុនខ្មែរ ទទួលបានជោគជ័យ នៅឆ្នាំ២០២៣ ជាក់ជាមិនខាន» ។
សូមបញ្ជាក់ថា នេះគឺជាលើកដំបូងហើយ ដែលកម្ពុជារៀបចំឲ្យមានព្រឹត្តិការណ៍គុនខ្មែរអន្ដរជាតិ បន្ទាប់ពីកម្ពុជាបង្កើតឲ្យមានសហព័ន្ធគុនខ្មែរអន្ដរជាតិ ខណៈការរៀបចំលើកទី១ គឺមានកីឡាករ-កីឡាការិនីចំនួន ៤៦នាក់ មកពី ១១ប្រទេសលើពិភពលោកចូលរួម ដូចជាប្រេស៊ីល បារាំង អូស្ដ្រាលី អ៊ីរ៉ង់ នេប៉ាល់ រុស្ស៊ី អ៊ុយក្រែន នីហ្សេរីយ៉ា ថៃ ឡាវ និងក្រុមកីឡាករ-កីឡាការិនីម្ចាស់ផ្ទះកម្ពុជា ។ ការប្រកួតនេះដែរ គឺបែងចែកជា ៣កម្រិង រួមមានកម្រិតស្ម័គ្រចិត្ត ពាក់កណ្ដាលអាជីព និងអាជីព ដោយការប្រកួតនឹងធ្វើឡើងនៅលើសង្វៀនក្នុងវិមានពហុកីឡដ្ឋានជាតិតែមួយគត់ គ្រាដែលអ្នកគាំទ្រអាចចូលរួមទស្សនាបានដោយសេរី មិនមានការលក់សំបុត្រនោះទេ ។
លោក មៀម រ៉ា ប្រធានសហព័ន្ធគុនខ្មែរអន្ដរជាតិ បានបញ្ជាក់ក្នុងឱកាសនោះដែលថា ជំហានដំបូងនៃការរៀបចំព្រឹត្តិការណ៍អន្ដរជាតិនេះ លោកពិតជាមានមោទនៈភាព ដែលអាចអញ្ជើញអ្នកប្រដាល់ឆ្លងដែនមកពី ១១ប្រទេស មកចូលរួមប្រកួតលើសង្វៀនគុនខ្មែរអន្ដរជាតិ ។ លោកបានប្ដេជ្ញាចិត្តថា នៅឆ្នាំបន្ដបន្ទាប់ សហព័ន្ធនឹងព្យាយាមរៀបចំព្រឹត្តិការណ៍មួយនេះឲ្យបានកាន់តែធំ និងអស្ចារ្យ ហើយគ្រោងនឹងពង្រីកសង្វៀនគុនខ្មែរអន្ដរជាតិ ទៅតាមបណ្ដាប្រទេសផ្សេងៗលើពិភពលោកទៀតផង ដើម្បីផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរឲ្យកាន់តែល្បីល្បាញ និងមានការរីកចម្រើន ពិសេសគឺការត្រៀមខ្លួន ដើម្បីធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣តែម្ដង ៕