(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ស្អែកនេះ នឹងត្រូវក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ប្រកាសតែងតាំងជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព, Gobla Ambassador for Tuorism and Sustainable Development Goals»។
ពិធីប្រកាសតែងតាំងតំណែងជាប្រវត្តិសាស្រ្តក្នុងវិស័យទេសចរណ៍សម្រាប់សម្តេចតេជោ ហ៊ុន សែន នឹងធ្វើឡើងនៅវិមានសន្តិភាព ដោយមានការអញ្ជើញចូលរួមពីលោកសាស្ត្រាចារ្យបណ្ឌិត អានតុន ការ៉ាហ្គា (Anton Caragea) ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ថ្នាក់ដឹកនាំក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា។
យោងតាមលិខិតជូនព័ត៌មានរបស់ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន ជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព» ធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច បានថែរក្សាសុខសន្តិភាពជូនប្រទេសជាតិ និងបានរុញច្រានឲ្យវិស័យទេសចរណ៍ មានការអភិវឌ្ឍន៍រីកចម្រើន ដោយទទួលបានកំណើនទេសចរ កើនជាលំដាប់ជាមួយនឹងការការពារសេចក្តីសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរបានយ៉ាងល្អប្រសើរ។
ជាមួយនោះដែរ ក៏មានការផ្តល់ជ័យលាភីជូនរាជធានីភ្នំពេញជា «រាជធានីនៃវប្បធម៌ និងទេសចរណ៍ពិភពលោក» «World Capital of Culture and Turism» ពីសំណាក់ក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជក្មអឺរ៉ុប។
សាស្ត្រាចារ្យបណ្ឌិត អានតុន ការ៉ាហ្គា បានលើកឡើងថា គឺជាវីរបុរស ដែលដឹកនាំប្រទេសកម្ពុជាពីចំណុចសូន្យ ពីប្រទេសដែលមានផលិតផលក្នុងស្រុកសរុបពីរពាន់លានដុល្លារក្នុងឆ្នាំ១៩៧៩ ដល់ ៥៤ពាន់លានសព្វថ្ងៃ និង ពីចំណុចសូន្យនៃការវិនិយោគបរទេស ដល់ ១,៧ពាន់លានដុល្លារប្រចាំឆ្នាំ។ ពីទីក្រុងដែលត្រូវបានកម្ទេចដោយការទម្លាក់គ្រាប់បែករបស់អាមេរិក និងប្រជាជនរាប់លាននាក់គ្មានផ្ទះសំបែង និងក្តីសង្ឃឹម ពីប្រាសាទ និងភូមិ ដែលត្រូវបានគេបោះបង់ចោល។
លោក អានតុន ការ៉ាគា បានលើកឡើងថា ដោយមានគំរូដ៏ល្អឥតខ្ចោះក្នុងការដឹកនាំនេះហើយ ទើបសម្តេចតេជោ ត្រូវបានជ្រើសតាំងជាអគ្គរាជទូតឆសន្ទៈទេសចរណ៍អន្តរជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនាពេលអនាគត។
សូមបញ្ជាក់ថា ដោយសារកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយល្អ ធ្វើឲ្យប្រទេសកម្ពុជា ទទួលបានកំណើនភ្ញៀវទេសចរកើនឡើងជាលំដាប់ជារៀងរាល់ឆ្នាំ។ ជាក់ស្តែងកាលពីឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង៥លាននាក់ ក្នុងកំណើន៥%។ ក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិ ៣លាន៩សែននាក់ កើនឡើង១១.៥% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៦។ នៅឆ្នាំ២០២០ កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចប្រមាណ ៧លាននាក់៕