(ភ្នំពេញ)៖ ស្ថានទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ជុំវិញទស្សនកិច្ចនៅកម្ពុជារបស់លោក François CROQUETTE ឯកអគ្គរដ្ឋទូតទទួលបន្ទុកសិទ្ធិមនុស្ស នៃក្រសួងអឺរ៉ុប និងការបរទេសបារាំង រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០៧។
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានេះ លោក François CROQUETTE បានថ្លែងនូវការស្វាគមន៍ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមិនបានបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ដែលជាអង្គការការពារសិទ្ធិមនុស្ស ពោលបានឲ្យបន្តដំណើរការដូចធម្មតា។
បើតាមសេចក្តីប្រកាសព័ត៌មាន ក្នុងឱកាសធ្វើទស្សនកិច្ចនៅកម្ពុជា លោក François CROQUETTE បានចូលរួមសន្និសីទថ្នាក់តំបន់ ស្តីពីសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នានៅអាស៊ី និងបានជួបពិភាក្សាការងារ នានាពាក់ព័ន្ធនឹងសិទ្ធិស្តី្រ ដោយបានផ្លាស់ប្តូរយោបល់គ្នា ស្តីពីការអនុវត្តល្អៗ។ ក្រៅពីនេះ លោកបានចូលរួមក្នុងពិធីសម្ពោធស្តូប រម្លឹកវិញ្ញាណក្ខន្ធជនរងគ្រោះ ពីការជម្លៀសដោយបង្ខំ នៅក្នុងរបបខ្មែរ ក្រហមផងដែរ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមបណ្តាញព័ត៌មាន Fresh News កាលរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នឹងមិនត្រូវបានបិទទេ ក្រោយពីមានការស្រាវជ្រាវឃើញថា មជ្ឈមណ្ឌលនេះមានសកម្មភាពល្អ ជួយលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ត្រូវបានបង្កើតនៅក្នុងខែវិច្ឆិកា ឆ្នាំ២០០២ ក្នុងគោលបំណងផ្សព្វផ្សាយអំពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលបច្ចុប្បន្នមានលោកស្រី ចក់ សុភាព ជាអគ្គនាយិកា៕