(ភ្នំពេញ)៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការកម្ពុជា បានបញ្ជាក់ថា ប្រតិកម្មរបស់សហរដ្ឋអាមេរិក ចំពោះការវិវឌ្ឍនយោបាយនៅកម្ពុជានាពេលថ្មីៗនេះ ហាក់ដូចជាធ្វើឡើងមិនមែនក្រោមហេតុផល នៃគោលការណ៍លទ្ធិប្រជាធិបតេយ្យនោះទេ ប្រសិនបើពិចារណាលើការប្រព្រឹត្តរបស់អាមេរិក ចំពោះប្រទេសផ្សេងទៀតអំពីបញ្ហាប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់កម្ពុជា ដែលចេញនៅល្ងាចថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រសួងការបរទេសបន្ថែមថា ការវាយតម្លៃបែបនេះ ត្រូវបានគូសបញ្ជាក់យ៉ាងច្បាស់នៅក្នុងវេទិកាសួរសំណួរក្នុងអំឡុងពេលសន្និសីទកាសែត នៅក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ផងដែរ។
ក្រសួងការបរទេស និងកិច្ចសហប្រតិបត្ដិការអន្ដរជាតិ លើកឡើងទៀតថា ដោយមានគណបក្សនយោបាយជាច្រើនកំពុងលូតលាស់នៅកម្ពុជា លំហលទ្ធិប្រជាធិបតេយ្យ និងប្រព័ន្ធពហុបក្សនៅតែបន្ដមាន។
កម្ពុជាប្ដេជ្ញាចិត្តក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលអនុលោមតាមរដ្ឋធម្មនុញ្ញកម្ពុជា និងការៀបចំបោះឆ្នោតព្រឹទ្ធសភានៅថ្ងៃទី២៥ ខែកុម្ភៈ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ក្នុងបរិយាកាសសេរីយុត្តិធម៌ និងរបៀបរៀបរយ ដែលអាចទទួលយកបានសម្រាប់ ម្ចាស់ឆ្នោតនៅកម្ពុជា។ នេះជាការបញ្ជាក់យ៉ាងច្បាស់ របស់ក្រសួងការបរទេស។
សូមជម្រាបថា ការប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសអាមេរិក បានចេញសេចក្តីប្រកាសមួយ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ ដោយចាប់ផ្តើមរឹតបន្តឹងចំពោះទិដ្ឋាការរបស់មន្រ្តីមួយចំនួនរបស់កម្ពុជា និងក្រុមគ្រួសាររបស់ពួកគាត់ ដោយចោទថា ធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីមានការរំលាយគណបក្សសង្រ្គោះជាតិ។
សេចក្តីថ្លែងការណ៍ក្រសួងការបរទេសកម្ពុជា មានចំនួន៧ចំណុច ដែលមានខ្លឹមសារដូចខាងក្រោម៖