(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះការរឹតបន្តឹងទិដ្ឋាការបន្ថែមរបស់សហអាមេរិក មកលើមន្រ្តីខ្មែរ ដោយពុំបានពិចារណាលើអង្គហេតុ និងអង្គច្បាប់ ជុំវិញស្ថានភាពនយោបាយកម្ពុជាឡើយ។
សេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេស នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧នេះ បានហៅការសម្រេចចិត្តរឹតបន្តឹងទិដ្ឋាការរបស់សហរដ្ឋអាមេរិក ចំពោះមន្រ្តីនយោបាយកម្ពុជានេះ គឺធ្វើឡើងដោយហេតុផលនយោបាយ ដោយមានការគិតទុកជាមុន និងស្តង់ដារ២។
ការប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសអាមេរិក បានចេញសេចក្តីប្រកាសមួយ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ ដោយចាប់ផ្តើមរឹតបន្តឹងចំពោះទិដ្ឋាការរបស់មន្រ្តីមួយចំនួនរបស់កម្ពុជា និងក្រុមគ្រួសាររបស់ពួកគាត់ ដោយចោទថា ធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីមានការរំលាយគណបក្សសង្រ្គោះជាតិ។
លោកស្រី Heather Nauert អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ជាការឆ្លើយតបដោយផ្ទាល់ នឹងសកម្មភាពជាបន្តបន្ទាប់ របស់រដ្ឋាភិបាលកម្ពុជា ប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ យើងប្រកាសថា លោករដ្ឋមន្ត្រីការបរទេស នឹងរឹតបន្តឹងការចូលសហរដ្ឋអាមេរិក នូវជនទាំងឡាយណា ដែលមានជាប់ពាក់ព័ន្ធនឹង ការធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា»។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានអះអាងថា ការសម្រេចចិត្តនេះផ្ទុយពីស្មារតីនៃការបន្តកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក បន្ទាប់ពីរដ្ឋាភិបាលអាមេរិក បានដាក់កម្រិតទិដ្ឋាការដ៏អយុត្តិធម៌ កាលពីខែកញ្ញា ឆ្នាំ២០១៧ ដោយកម្ពុជាក្រាន់តែស្នើឱ្យ យកចិត្តទុកដាក់ចំពោះទិដ្ឋភាពមនុស្សធម៌ និងមេត្តាធម៌ ក្នុងកិច្ចសហប្រតិបត្តិការ នៃកម្មវិធីមាតុភូមិនិវត្តន៍។
ក្រសួងការបរទេសកម្ពុជា បានពន្យល់សហរដ្ឋអាមេរិកថា ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ត្រូវតែដើរទន្ទឹមគ្នានឹង ការពង្រឹងនីតិរដ្ឋ។ ដូច្នេះវិធានការប្រឆាំងនឹងបុគ្គល អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនតូច ដែលបានបំពានច្បាប់ មិនគួរត្រូវបានចាត់ទុកថា ជាការប៉ុនប៉ងធ្វើឱ្យលំហលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ចុះខ្សោយទេ។ វិធានការទាំងនេះ ត្រូវបានដាក់ចេញ ក្នុងគោលបំណងការពារអធិបតេយ្យ សន្តិភាព ស្ថិរភាព និងសន្តិសុខជាតិ៕