(សៀមរាប)៖ ក្នុងពិព័រណ៍ផលិតផលបន្លែផ្លែឈើកម្ពុជា លើកទី១០ នៅខេត្តសៀមរាប ប្រជាកសិករក្នុងតំបន់អង្គរបានយកបន្លែ ផ្លែឈើ និងកូនឈើហូបផ្លែជាច្រើនប្រភេទមកលក់ និងតាំងបង្ហាញក្នុងព្រឹត្តិការណ៍នេះ ហើយមិនត្រឹមតែទទួល បានចំណូលប៉ុណ្ណោះទេ ពួកគាត់ក៏បានផ្សព្វផ្សាយ ពីផលិតផលរបស់ខ្លួន បានដឹងពីតម្រូវការទីផ្សារ ពិសេសបានស្គាល់ពីដៃគូផ្គត់ផ្គង់ផ្សេងៗទាក់ទងនឹងកសិកម្មផងដែរ ជាមួយនឹងទំនុកចិត្តខ្ពស់ ក្នុងការបង្កបង្កើនផលបន្ថែម។
ក្នុងពិព័រណ៍បន្លែផ្លែឈើថ្នាក់ជាតិ ដែលធ្វើឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០១-០៥ ខែធ្នូ ឆ្នាំ២០១៧នោះ អាជ្ញាធរជាតិអប្សរាបានចូលរួមតាំងបង្ហាញ និងលក់បន្លែ ផ្លែឈើ និងកូនឈើហូបផ្លែជាច្រើនស្កេកស្កះ ជាមួយនឹងការអំពាវនាវជំរុញ ដល់ប្រជាកសិករទាំងអស់ ត្រូវបង្កើនផលដំណាំធម្មជាតិរបស់ខ្លួនឲ្យបានច្រើនបន្ថែមទៀត ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងឈានដល់ការនៃចេញទៅលក់នៅក្រៅប្រទេសទៀតផង។
លោក ឡាច មយូរ៉ា បុគ្គលិកអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមកសិកម្ម ក្នុងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងបេតិកភ័ណអង្គរ (ACHA) សហការជាមួយប្រទេសញូវហ្សេឡែន បានឱ្យដឹងថា «ការលក់ក្នុងរយៈពេល៥ថ្ងៃនេះ ជាឱកាសល្អសម្រាប់ប្រជាកសិករដែលបានទាំងលុយកាក់ និងបានផ្សព្វផ្សាយពីផលិតផលរបស់ខ្លួន ពិសេសគាត់បានដឹងពីទីផ្សារថាលក់អ្វីដាច់ របស់អ្វីដែលគាត់គួរដាំ រួមទាំងបានស្គាល់ដៃគូផ្គត់ផ្គង់ផ្សេងៗទាក់ទងនឹងកសិកម្មផងដែរ»។
លោក មយូរ៉ា បានបន្តថា ទាក់ទងនឹងការដាំដុះនេះ គម្រោង ACHA បានយកចិត្តទុកដាក់ជួយបណ្តុះបណ្តាលកសិករពីរបៀបដាំដុះ ការប្រើប្រាស់ជី ការជ្រើសរើសពូជ របៀបនៃការប្រមូលផល និងសហការជាមួយអង្គរការផ្សេងៗ ដើម្បីធ្វើយ៉ាងណាឱ្យជីវភាពប្រជាជនមានភាពរីកចម្រើនលើផ្នែកកសិកម្ម។ បច្ចុប្បន្នមាន១៥គ្រួសារ មកពី៤តំបន់ គឺក្របីរៀល ដូនកែវ ចៅស្រីវិបុល និងព្រះដាក់បានទទួលជោគជ័យលើការដាំដុះ ហើយអាចផ្គត់ផ្គង់ផលិតផលទាំងនោះដល់ទីផ្សារ ហើយទៅអនាគត គម្រោង ACHA នឹងជួយប្រជាកសិកក្នុងការផ្គត់ផ្គង់បន្លែផ្លែឈើទៅកាន់ទីផ្សារឱ្យបានជារៀងរាល់ថ្ងៃ។
លោក ឡុង អ៊ាន មកពីភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ជាកសិករមួយរូបដែលបានទទួលជោគជ័យលើការដាំដុះ បានលើកឡើងថា ក្នុងដំណាក់ដំាំបន្លែផ្លែឈើដែលពិបាកបំផុត គឺការថែទាំកូន តែដោយបានការបណ្តុះបណ្តាលពីគម្រោង ACHA លោកពូក៏ទទួលបានលទ្ធផលល្អប្រសើរ អាចមានបន្លែសម្រាប់ហូបចុកគ្រប់គ្រាន់ និងអាចយកមកលក់នៅលើទីផ្សារបានទៀត៕