(កំពងស្ពឺ)៖ គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកកម្មករ-កម្មការិនី នៅតាមផ្លូវជាតិលេខ៤១ ក្នុងឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ បានបណ្តាលឲ្យកម្មការិនីម្នាក់ ស្លាប់ និង៥១នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។
នៅរសៀលថ្ងៃនេះ លោក វ៉ី សំណាង អភិបាលខេត្តកំពងស្ពឺ បានចុះសួរសុខទុក្ខជនរងគ្រោះខាងលើ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួនផងដែរ។
សម្រាប់ជនរងគ្រោះដែលរងរបួសបានទទួលថវិកាចំនួន១០ម៉ឺនរៀល និងអ្នកមើលថែចំនួន៥ម៉ឺនរៀលផងដែរ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់អ្នកបើករថយន្តដឹក បងប្អូនកម្មករ-កម្មាការីនី ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងពេលបើកបរ និងត្រូវត្រួតពិនិត្យឲ្យបានជាប្រចាំគ្រឿង សម្ភារបច្ចេកទេស ជៀសវាងមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ បច្ចុប្បន្ន កម្មករបានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត និងពេទ្យបង្អែកស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕