(ភ្នំពេញ)៖ ដោយគោរពតាមគោលការណ៍អាស៊ាន លោក រ៉ូឌ្រីហ្គោ រ៉ោ ឌូទែរតេ (Rodrigo Roa Duterte) ប្រធានាធិបតីហ្វីលីពីន បានបញ្ជាក់ប្រាប់ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិថា ប្រទេសហ្វីលីពីន គោរពអធិបតេយ្យភាពរបស់កម្ពុជា។ នេះបើតាមការប្រកាសលទ្ធផល នៃដំណើរទស្សនកិច្ចរបស់ លោក ប្រាក់ សុខុន រយៈពេល៣ថ្ងៃ នៅប្រទេសហ្វីលីពីន។
អំឡុងពេលទស្សនកិច្ចនៅក្រុងម៉ានីល ពីថ្ងៃទី០៥ ដល់០៧ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ លោកប្រាក់ សុខុន បានចូលជួបសម្តែងការគួរសមជាមួយ លោក រ៉ូឌ្រីហ្គោ រ៉ោ ឌូទែរតេ ដោយបានពាំនាំនូវគារវកិច្ច និងការអបអរសាទររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើជូនលោកប្រធានាធិបតី ឌូទែរតេ ចំពោះជោគជ័យដ៏ធំធេងរបស់ហ្វីលីពីន ក្នុងពេលធ្វើជាប្រធានអាស៊ាន។
សេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលចេញផ្សាយនៅថ្ងៃនេះ បានបញ្ជាក់ថា អំឡុងជំនួបនោះ លោកប្រធានាធិបតីហ្វីលីពីន បានបញ្ជាក់ថា ហ្វីលីពីនគោរពអធិបតេយ្យភាពកម្ពុជា និងសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើន នៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យនានា រវាងប្រទេសទាំងពីរ។
លោក ឌូទែរតេ ក៏បានជំរុញហ្វីលីពីន ឲ្យនាំចូលអង្ករកម្ពុជា និងសូមស្វាគមន៍ការវិនិយោគរបស់កម្ពុជា នៅប្រទេសហ្វីលីពីន។
លោកប្រធានាធិបតី ឌូទែរតេ បានថ្លែងថា លោករីករាយដោយបានជួបបងប្អូនអាស៊ាន (ASEAN Brother) ដែលបានអញ្ជើញមកទស្សនកិច្ចនៅហ្វីលីពីន ហើយបានបញ្ជាក់ថា លោកចង់ឲ្យហ្វីលីពីនបង្កើតទំនាក់ទំនងរឹងមាំជាមួយកម្ពុជា។ ជាមួយនឹងគ្រឹះ នៃទំនាក់ទំនងរឹងមាំ ដែលបានបង្កើតឡើង ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលទើបតែបានបញ្ចប់នាពេលថ្មីៗកន្លងទៅនេះ នៅទីក្រុងម៉ានីល លោកប្រធានាធិបតី បានថ្លែងថា លោកចង់ឲ្យពាណិជ្ជកម្ម និងការវិនិយោគ រវាងប្រទេសទាំងពីរ កាន់តែរីកចម្រើនទៅមុខ។
លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណ លោកប្រធានាធិបតី ឌូទែរតេ។ លោកក៏បានអបអរសាទររដ្ឋាភិបាលហ្វីលីពីន ដែលបានរំដោះ ទីក្រុងម៉ារ៉ាវី (Marawi) កាលពីខែតុលាកន្លងទៅ និងបានរាយការណ៍ជូន លោកប្រធានាធិបតី ឌូទែរតេ អំពីលទ្ធផលទស្សនកិច្ចផ្លូវការរបស់ទេសរដ្ឋមន្ត្រី និងកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ច- សហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីនលើកទី២ ផងដែរ៕