Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ មាស សុភា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ ជូនលោកស្រី ហង់ ភារី ភរិយានៃសពលោក អ៊ឹម សិទ្ធី

08-12-2017 16:46

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក និងភរិយា នៅរសៀលថ្ងៃទី0៨ ខែធ្នូ ឆ្នាំ២០១៧នេះ ផ្ញើសារលិខិតចូលរួមមរណទុក្ខជូន លោកស្រី ហង់ ភារី ភរិយានៃសពលោក អ៊ឹម សិទ្ធី និងគ្រួសារ បន្ទាប់ពីលោក អ៊ឹម សិទ្ធី សមាជិកគណៈកម្មាធិការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានទទួលមរណភាព កាលពីម៉ោង៤៖៤៥នាទី ព្រឹកថ្ងៃស្រុក ០៥ រោច ខែមិគសិរ ពស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ។

សារលិខិតរបស់នាយឧត្តមសេនីយ៍ មាស សុភា បានលើកឡើងថា មរណភាពរបស់លោក អ៊ឹម សិទ្ធី គឺជាការបាត់បង់ស្វាមី ដ៏ឧត្តុងឧត្តម ជាការបាត់បង់បិតាជីតា ដែលប្រកដោយព្រហ្មវិហារធម៌ និងក៏ជាការបាត់បង់ នូវសហការីដែលបានរួមសុខរួមទុក្ខ ជាមួយគ្នាក្នុងការបំរើជាតិ និងប្រជាជនកម្ពុជា រហូតដល់ថ្ងៃអវសាននៃជីវិត។

ជាមួយនឹងការចូលរួមរុំលែកទុក្ខដ៏ក្រៀមក្រំនេះ នាយឧត្តមសេនីយ៍ មាស សុភា បានបញ្ជាក់បន្ថែមទៀតថា «ខ្ញុំ និងភរិយា សូមចូលរួមរំលែកនូវមរណទុក្ខ ដោយក្ដីស្រណោះ និងការអាឡោះអាល័យជាមួយលោកជំទាវ និងបុត្រា បុត្រីព្រមទាំងបងប្អូន កូនក្មួយទាំងអស់នៃសព ដោយសេចក្ដីសង្វេកជាទីបំផុត ។ ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ៊ឹម សិទ្ធី បានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ»