(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា បានសហការជាមួយសហភាពគមនាគមន៍អន្ដរជាតិ (ITU) រៀបចំកិច្ចប្រជុំពិភាក្សាតុមូល ស្តីពី «ការគ្រប់គ្រងវិសាលគមន៍ហ្រេ្វកង់វិទ្យុ សម្រាប់អ៊ីនធឺណិត ល្បឿនលឿន» ក្រោមការចូលរួមពីលោក សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមទាំងការចូលរួមពីតំណាង ITU ក្រសួង-ស្ថាប័ន និងបណ្ដាប្រតិបត្តិការ ទូរគមន៍នៅកម្ពុជា។
កិច្ចប្រជុំពិភាក្សាតុមូលនេះ ជាវេទិកាប្រកបដោយអត្ថន័យ ដែលនឹងពិភាក្សាផ្លាស់ប្ដូរយោបល់ និងចែករំលែកបទពិសោធន៍ការគ្រប់គ្រង និងការប្រើប្រាស់វិសាលគមន៍ហ្រេ្វកង់វិទ្យុ ស្របតាមកាវិវត្តន៍នៃបច្ចេកវិទ្យាអ៊ិនធឺណិតល្បឿនលឿន និងប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា រួមទាំងសហភាពគមនាគមន៍អន្ដរជាតិ បានរៀបចំ សិក្ខាសាលាស្ដីពី «វិទ្យុគមនាគមន៍ សម្រាប់ប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ២០១៧ - ដំណើរឆ្ពោះទៅកាន់ជំនាន់ទី៥ (5G) ក្នុងតំបន់»។
សិក្ខាសាលានេះបានរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤ រហូតដល់ទី៧ ខែធ្នូ ឆ្នាំ២០១៧ ដែលកម្ពុជាជាម្ចាស់ផ្ទះក្នុងការរៀបចំសិក្ខាសាលា នេះឡើង។ នេះជាមោទនភាពមួយសម្រាប់កម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះ នូវសិក្ខាសាលាថ្នាក់តំបន់មួយនេះ ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយ:ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) សហការជាមួយសហភាព ទូរគមនាគមន៍អន្តរជាតិ៕