(មណ្ឌលគិរី)៖ លំនៅដ្ឋានរបស់សមាជិកក្រុមប្រឹក្សាស្រុកកែវសីមាម្នាក់ ត្រូវបានសមត្ថកិច្ចចម្រុះចុះឡោមព័ទ្ធ និងរឹបអូសយកឈើខុសច្បាប់បានមួយចំនួន បន្ទាប់ពីមានការសម្របសម្រួលពី តំណាងអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី។
ប្រតិបត្តិការខាងលើធ្វើឡើង នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងផ្ទះលោក ស៊ិន វណ្ណរិន ជាសមាជិកក្រុមប្រឹក្សាស្រុកកែវសីមា ស្ថិតក្នុងភូមិឡ៉ាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា។ ឈើដែលព្រះរាជអាជ្ញារងខេត្តមណ្ឌលគិរី បញ្ជាឲ្យសង្កាត់រដ្ឋបាលព្រៃឈើ ដែលដឹកនាំដោយលោក ស្រ៊ុន ឈួន រឹបអូសនោះជាប្រភេទឈើសន្លឹក ដែលមានមុខកាត់ចាប់ពី៧០សង់ទីម៉ែត្រ រហូតដល់៨០សង់ទីម៉ែត្រ ប្រវែង២ម៉ែត្រជាច្រើនសន្លឹក។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចចូលរួមប្រតិបត្តិការខាងលើនេះ ឈើដែលស្ដុកនៅក្នុងផ្ទះសមាជិកក្រុមប្រឹក្សាស្រុកឈ្មោះ ស៊ិន វណ្ណរិន បានដឹកជញ្ជួនចេញពីព្រៃដែនជម្រកសត្វព្រៃកែវសីមា ស្ថិតក្នុងឃុំស្រែព្រះ ស្រុកកែវសីមា ដើម្បីបន្តលក់ឲ្យឈ្មួញវៀតណាម ហើយសមាជិកក្រុមប្រឹក្សាស្រុករូបនេះ ជាមេឈ្មួញធំនៅស្រុកនេះ តែងតែធ្វើសកម្មភាពរកស៊ីជួញដូរឈើក្នុងមូលដ្ឋាន ដោយអាងខ្នងបងប្រុសជាចៅហ្វាយស្រុក។
ប្រជាជនក្នុងមូលដ្ឋានស្រុកកែវសីមា បានធ្វើការរិះគន់ចំៗដល់ លោក ជុយ សុឃាង នាយផ្នែករដ្ឋបាលព្រៃឈើ នៅស្រុកកែវសីមានេះថា អសមត្ថភាពក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបតែម្តង ព្រោះសព្វថ្ងៃនេះ នៅក្នុងមូលដ្ឋានស្រុកមួយនេះ ពោរពេញទៅដោយការកើតឡើងបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ យ៉ាងព្រោងព្រាតតែផ្ទុយទៅវិញលោក ជុយ សុឃាង មិនព្រមធ្វើការបង្រ្កាបឡើយ។
លោក អ៊ុំ វណ្ណសុភះ នាយខណ្ឌរដ្ឋបាលព្រៃមណ្ឌលគិរី បានឲ្យដឹងថា ជាញឹកញាប់លោកបានធ្វើការប្រជុំដាក់ផែនការ ដល់មន្រ្តីជំនាញក្រោមឱវាទរបស់ខ្លួន ត្រូវតែមានការសហការធ្វើយ៉ាងណា ជម្រុញការបង្កាបង្រ្កាប ទប់ស្កាត់ រាល់បទល្មើសទាក់ទងរឿងការដឹកជញ្ជូនឈើខុសច្បាប់នេះ។
ជាមួយគ្នានេះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានជម្រុញឲ្យអាជ្ញាធរស្រុកកែវសីមា និងស្រុកផ្សេងៗទៀតទូទាំង ខេត្តមណ្ឌលគិរី ត្រូវមានសមត្ថភាពរួមសហការរួមគ្នាធ្វើយ៉ាងណា ចូលរួមជម្រុញផែនការបង្កា បង្រ្កាប ទប់ស្កាត់បទល្មើសផ្សេងៗ រួមទាំងបទល្មើសព្រៃឈើនេះផង ឲ្យមានគុណភាព និងប្រសិទ្ធភាព ព្រោះកន្លងមកលោកបានធ្វើការប្រជុំដាក់ផែនការនេះ ជាញឹកញាប់ចំពោះអស់លោករួចហើយ។
លោកអភិបាលខេត្ត សង្កត់ធ្ងន់ដល់មន្រ្តីក្រោមឱវាទ មន្រ្តីជំនាញគ្រប់ប្រភេទគ្រប់ជំនាញ ជាពិសេសអាជ្ញាធរគ្រប់ស្រុកថា សូមកុំយកត្រចៀកស្តាប់ ច្រើនជាងយកភ្នែកមើល ហើយជាពិសេសល្មមដល់ពេលដែលមន្រ្តីត្រូវនាំគ្នាព្យាបាលហើយ៕