(ភ្នំពេញ)៖ ម្ចាស់ក្រុមហ៊ុននាំចេញអង្ករដ៏ល្បីមួយ បានគំរាមពីផលអវិជ្ជមាន ចំពោះវិស័យកសិកម្មកម្ពុជា ប្រសិនបើប្រជាកសិករ នៅតែបន្តប្រើប្រាស់ ថ្នាំគីមីលើសកម្រិត និងអះអាងថា ប្រសិនបើកម្ពុជា មិនចង់ក្លាយជាប្រទេសវៀតណាមទី២ទេនោះ សូមកសិករពិចារណា ឲ្យច្បាស់និងប្រើប្រាស់ថ្នាំ សម្លាប់សត្វល្អិតឲ្យបានត្រឹមត្រូវ។
ថ្លែងក្នុងកិច្ចសម្ភាស៍ជាមួយបណ្តាញព័ត៌មាន Fresh News លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice បានថ្លែងថា «យើងដឹងហើយ ពិភពលោកបច្ចុប្បន្ន គេងាកទៅរកបញ្ហាសុខភាព ក្នុងករណីការប្រើប្រាស់សារជាតិគីមីមិនបាន ត្រឹមត្រូវតាមការណែនាំ នោះនាំឲ្យមុខរបររបស់យើងធ្លាក់ចុះ។ ដូច្នេះខ្ញុំស្នើឲ្យកសិករទាំងអស់ មុននឹងប្រើប្រាស់ថ្នាំអ្វីមួយ សូមអានសេចក្តីណែនាំ ឲ្យបានត្រឹមត្រូវ ធ្វើទៅតាមបច្ចេកទេស កុំប្រើប្រាស់ទៅតាមអ្វីដែលខ្លួនឯងចង់ប្រើ។ យើងមិនអាចចេះតែប្រើលើសកំណត់ទេ ព្រោះវានឹងធ្វើឲ្យមានសល់ សារធាតុពុល នៅក្នុងអង្ករ។ កម្ពុជាយើង បើយើងធ្វើបែបនេះ (ប្រើប្រាស់ថ្នាំគីមីលើសកម្រិត) យើងនឹងក្លាយជាប្រទេសវៀតណាម ហើយយើងមិនបាច់លក់ចេញទេ គឺលក់មិនឈ្នះវៀតណាមទេអង្ករប្រភេទនេះ ព្រោះវៀតណាមគេធ្វើល្អជាងកម្ពុជា»។
កសិផលរបស់វៀតណាមកំពុងគំរាមកំហែងយ៉ាងខ្លាំង លើការប្រើប្រាស់សារធាតុគីមីនេះ ប្រជាពលរដ្ឋវៀតណាម ភាគច្រើនមិនហ៊ានហូបបន្លែ ផ្លែឈើ និងកសិផលរបស់ខ្លួននោះឡើយ។ ជាក់ស្តែងរយៈពេល១១ខែ ឆ្នាំ២០១៧នេះ វៀតណាមចំណាយលុយ រហូតដល់ ១.៤ពាន់លានដុល្លារ ដើម្បីទិញបន្លែ ផ្លែឈើពីថៃ និងចិន ដើម្បីឲ្យប្រជាជនបរិភោគ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ កាលរសៀលថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០១៧៕