(ព្រះវិហារ)៖ រថយន្តធុនយក្សកែច្នៃ ខុសលក្ខណៈបច្ចេកទេស និងរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នឹងត្រូវបានគណៈកម្មាការសុវត្ថិភាព ចរាចរផ្លូវគោកខេត្តព្រះវិហារ ចុះបង្ក្រាប និងកាត់ទ្រុងជាបន្តបន្ទាប់ ដើម្បីការពារការខូចខាតផ្លូវថ្នល់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកផងដែរ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងថា ប្រតិបត្តិការចុះត្រួតពិនិត្យរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខាងលើ ធ្វើឡើងនៅរសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ព.ស ២០១៧ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ គ.ស ២០១៧ ដោយរថយន្តខាងលើលើសកម្ពស់ ០.៧០ម៉ែត្រ និងបណ្តោយ ១.៨០ម៉ែត្រ ដែលក្នុងច្បាប់រថយន្តប្រភេទនេះ គឺកំណត់ឲ្យបណ្តោយ ១២.២ម៉ែត្រ ទទឹង ២.៥ម៉ែត្រ និងកម្ពស់ ៤.២ម៉ែត្រ ហើយខាងម្ចាស់រថយន្តក៏បានយល់ព្រមធ្វើការកាត់ទ្រូងដោយខ្លួនឯង នៅព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ព.ស ២០១៧ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ គ.ស ២០១៧នេះ ដែលស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦២ ក្នុងភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។
លោកប្រធានមន្ទីរបានបន្តថា ប្រតិបត្តិការចុះបង្ក្រាបរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសនេះ គឺធ្វើឡើងតាមបទបញ្ជារបស់ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានអនុគណៈកម្មាការសុវត្ថិភាពចរាចរផ្លូវគោគ ខេត្តព្រះវិហារ។
លោកក៏បានបញ្ជាក់ដែរថា ការចុះកាត់ទ្រុងរថយន្តខាងលើនេះ គឺធ្លាប់បានចុះធ្វើការអប់រំ និងផ្សព្វផ្សាយដល់អ្នកប្រើប្រាស់រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសជាច្រើនដងហើយ ហើយបានព្រមានថា ប្រសិនបើម្ចាស់រថយន្តនៅតែមិនអនុវត្តតាមការណែនាំនោះទេ ក្រុមការងារនឹងចាត់វិធានការក្តៅ ដើម្បីចាប់រថយន្តល្មើសច្បាប់ទាំងនោះយកមកកាត់ទ្រុង ដោយមិនមានការលើកលែងឡើយ៕