(ភ្នំពេញ)៖ ដើម្បីចូលរួមទប់ស្កាត់ការលក់ ប្រេងឥន្ធនៈមិនគ្រប់ចំណុះ ឬគុណភាពប្រេងមិនល្អនាំឲ្យប៉ះពាល់ ដល់យានយន្ត របស់ប្រជាពលរដ្ឋ ក៏ដូចជារួមការពារបរិស្ថានពីការប្រើប្រាស់ប្រេងឥន្ធនៈមិនល្អនោះ ក្រុមត្រួតពិនិត្យប្រេងឥន្ធនៈរបស់ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្មតាមរយៈរថយន្តមន្ទីរពិសោធន៍ ប្រេងឥន្ធនៈចល័តបានចុះត្រួតពិនិត្យ តាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈមួយចំនួននៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រតិបត្តិការចុះត្រួតពិនិត្យគុណភាពប្រេងតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈដែលធ្វើឡើងនៅថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧នេះ ដឹកនាំដោយ លោក មាន ចំណាប់ អនុប្រធាននាយកដ្ឋាន សហការណ៍ជា មួយមន្រ្តីជំនាញរបស់មន្ទីពិសោធន៍។
លោក មាន ចំណាប់ បានឲ្យដឹងថា ការត្រួតពិនិត្យគុណភាព និងបរិមាណប្រេងនេះគឺផ្អែកទៅលើឧបករណ៍ត្រួតពិនិត្យ នៅនឹងកន្លែង ដូចជាធុងក្រឹតមានមាឌជាក់លាក់សម្រាប់វាស់បរិមាណប្រេងដែលបាញ់ចេញពីកុងទ័រ តាមទំហំផ្សេង ខុសគ្នាមាន ចំណុះ ២លីត្រ ៥លីត្រ ១០លីត្រ និង២០លីត្រ។ ចំណែកសន្ទស្ស៍អុកតាន និងសេតានវិញ គឺប្រើឧបករណ៍ក្នុង រថយន្តមន្ទីពិសោធន៍ចល័ត។
ជាលទ្ធផលនៃការត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈរបស់ស្ថានីយក្រុមហ៊ុន និងដេប៉ូ ទាំង ០៣ កន្លែងខាងលើនេះ គឺមានភាពត្រឹមត្រូវទាំងអនុលោមភាពលើផ្នែកគុណភាព និងរង្វាស់រង្វាល់។ នេះជាការបញ្ជាក់បន្ថែមរបស់លោក មាន ចំណាប់។
លោកអនុប្រធាន បានបញ្ជាក់ថែមទៀតថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធើ្វការ ត្រួតពិនិត្យអោយបានគ្រប់ស្ថានីយទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយក៏បានអំពាវនាវដល់ម្ចាស់ ស្ថានីយប្រេងឥន្ធនៈ ចូលរួមសហការជាមួយក្រុមការងារចុះត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានកាំកុងត្រូលក្នុងកិច្ច ការពារអ្នកប្រើប្រាស់តាមផ្លូវច្បាប់ ហើយចំពោះក្រុមហ៊ុន/ដេប៉ូ ដែលបានរកឃើញមានការលក់ប្រេងឥន្ធនៈមិនសមស្រប ត្រូវធ្វើការបញ្ឈប់ និងកែតម្រូវឲ្យបានសមស្របឡើងវិញជាបន្ទាន់ បើមិនពុំនោះសោធនឹងត្រូវទទួលរងនូវ ចំណាត់ការតាមនីតិវិធី នៃច្បាប់ជាធរមាន។
លោកក៏បានអំពាវនាវដល់អ្នកប្រើប្រាស់យានជំនិះទាំងអស់ ត្រូវពិចារណាជាមុនក្នុងការជ្រើសរើសស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ដែលជាក្រុមហ៊ុនទុកចិត្ត ប្រើប្រាស់ឧបករណ៍ថ្មី លក់ប្រេងសាំងធម្មតា ឬស៊ុបពែរ និងម៉ាស៊ូតដែលមានគុណភាពល្អ ហើយគ្រប់ ចំនួនលីត្រ។ លើសពីនោះ ត្រូវពិនិត្យមើលលេខកុងទ័រនៅពីចំណុចសូន្យជានិច្ចមុនពេលចាក់ ហើយតាមដាន ដំណើរការនៃលេខកុងទ័រដែលត្រូវចាប់ផ្កើមជាមួយគ្នានឹងម៉ាស៊ីនបាញ់ប្រេងរហូតដល់ចំនួនលីត្រចុងក្រោយ ដែលបាន ស្នើតាមដានសេចក្តីជូនដំណឹងពីតម្លៃប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម និងត្រូវប្រុងប្រយ័ត្ន សុវត្ថិភាពផ្នែកអគ្គីភ័យ ដោយពន្លត់ម៉ាស៊ីនយានជំនិះពេលចាក់បំពេញប្រេងក្នុងស្ថានីយ។
លោក មាន ចំណាប់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមផ្តល់ព័ត៌មានទៅមន្រ្តីជំនាញកាំកុងត្រូលប្រចាំរាជធានី ខេត្ត ឬមកអគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងករណីមានបាតុភាពជាយថាហេតុណាមួយ៕