(ភ្នំពេញ)៖ រដ្ឋមន្ដ្រី ក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង និងនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាល នៅថ្ងៃទី០៨ ខែធ្នូនេះ បានរួមគ្នាផ្ដល់ឈាម ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលត្រូវការឈាម ដើម្បីសង្គ្រោះជីវិតមនុស្ស ផុតពីសេចក្ដីស្លាប់ ពិសេសគ្រោះថ្នាក់ចរាចរ ដែលតែងតែកើតមានឡើងជារៀងរាល់ថ្ងៃ។
ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា «ខ្ញុំពិតជាសប្បាយចិត្ដណាស់ ដែលបងប្អូនយើងទាំងអស់គ្នា ចូលរួមចំណែកដ៏ធំ ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ ដែលត្រូវការឈាម ពិសេស គឺក្មួយៗនិស្សិតពេទ្យ ខិតខំសិក្សាក្រេបចំណេះវិជ្ជាហើយ ត្រូវមើលថែទាំ និងព្យាបាលអ្នកជំងឺ ថែមទៀត ក្រៅពីផ្ដល់ឈាម ជួយសង្គ្រោះប្រជាពលរដ្ឋយើង ហើយឈាមមួយប្លោកនេះ បានជួយច្រើនណាស់ ដល់អ្នកជំងឺដល់តែបីនាក់ឯណោះ អរគុណណាស់ សម្រាប់ការចូលរួមក្នុងថ្ងៃនេះ»។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃនេះ មានគោលបំណងបីយ៉ាងសំខាន់ ទី១-ការជួយសង្គ្រោះជីវិតអ្នកជំងឺកម្ពុជាយើង ពិសេសអ្នកជំងឺ ក្នុងរាជធានីភ្នំពេញ ដែលត្រូវប្រើប្រាស់ឈាមរហូតដល់ជាង ៦០ភាគរយ នៃតម្រូវការទូទាំងប្រទេស ដែលស្មើនិងជិត២០០ប្លោក ក្នុងមួយថ្ងៃ, ទីពីរ-គឺដើម្បីលើកកម្ពស់ ការផ្ដល់ឈាម ប្រកបដោយសុវត្ថិភាព ព្រោះថាបើសិនជាមានករណីកង្វះឈាម ការដុះដូចឈាម អាចកើតឡើងតាមរយៈក្រុមគ្រួសារបងប្អូន និងមិត្តអ្នកដែលជាហានិភ័យ ដល់សុខភាព នៃការបរិច្ចាកឈាម សម្រាប់អ្នកផ្តល់និងអ្នកទទួលឈាម, ទី៣ -គឺដើម្បីចូលរួមលុបបំបាត់ចំណុច អសកម្មនានាដែលបណ្ដាលមកពីកង្វះ ក្នុងការផ្គត់ផ្គង់ឈាមដោយមូលហេតុថា នៅពេលមានកង្វះឈាម វាអាចមានជនឱកាសនិយមមួយចំនួនតូច ឆ្លៀតឱកាសប្រព្រឹត្តអំពើអសកម្មលើការចរាចរឈាមដល់អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ»។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម បានធ្វើការថ្លែងអំណគុណដល់ដល់និស្សិត នៃសាកលវិទ្យាល័យសុខាភិបាល ក៏ដូចជាសាកលវិទ្យាល័យជាតិ និងឯកជនដទៃទៀត ដែលបានធ្វើការបរិច្ចាគឈាម យ៉ាងច្រើនកុះក ជូនដល់មជ្ឈមណ្ឌល ជាតិផ្តល់ឈាម ក្នុងកំឡុងពាក់កណ្តាលឆ្នាំ ២០១៧នេះ។
លោកហុក គឹមចេង មានបញ្ជាក់ថា ការបរិច្ចាគឈាម គឺមិនមានការប៉ះពាល់ ដល់សុខភាព នោះទេ ផ្ទុយវិញ វាជាសកម្មភាពមួយ ដែលអាចជួយសង្គ្រោះជីវិតមនុស្សបាន។
ព្រមជាមួយគ្នានោះ នាយកសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល (ស.វ.ស) លោកសាស្ដ្រាចារ្យ សាផុន វឌ្ឍនៈ បានថ្លែងថា «ការបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃនេះ គឺជាការបណ្ដុះវប្បធម៌ចែករំលែក ដែលប្រជាជនកម្ពុជាយើង ដែលមានតាំងពីយូរលង់ណាស់មកហើយ ពិសេស គឺសកម្មភាពនេះឆ្លុះបញ្ចាំងអំពីការអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានថ្លែងកន្លងមក ។ ហើយសម្រាប់បរិច្ចាគឈាមនេះ ជាលើកទី២ហើយ ក្នុងឆ្នាំ២០១៧ នៅសាលាយើង ដោយមានការសហការជាមួយ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជន សម្ដេច តេជោ ក្លឹបយុវជន កាកបាទក្រហមកម្ពុជា សាខាសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងក្រុមហ៊ុន អិន វី ស៊ី ទឹកបរិសុទ្ធវីតាល់ នេះគឺជាមោទនៈរបស់សាលាយើង និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់ការងារបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃ ដើម្បីទទួលបានការឆ្លើយតបឲ្យបាន៥០ ភាគរយ នៃតម្រូវការរបស់អ្នកជំងឺក្នុងឆ្នាំ២០២០ ដែលជាគោលដៅ របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក»។
លោក អ៊ុ វណ្ណៈ តំណាងក្រុមហ៊ុន NVC Corporation (វីតាល់) បានលើកឡើងថា ការជួយឧបត្ថម្ភកម្មវិធីថ្ងៃនេះ របស់វីតាល់ ជាការបន្តអនុវត្តយ៉ាងសកម្ម និងបំផុសនូវយុទ្ធនាការស្ម័គ្រចិត្តផ្ដល់ឈាម ដើម្បីជួយសង្គ្រោះជីវិត ជនរួមជាតិរបស់យើងនៅទូទាំងប្រទេស ឆ្លើយតបតាមសេចក្តីអំពាវនាវ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយសារប្រទេសកម្ពុជា បាននិងកំពុងជួបប្រទះនឹងកង្វះឈាម សម្រាប់ជួយជនរងគ្រោះ និងអ្នកជំងឺ ហើយបានប្រែក្លាយជាកម្លាំងជំរុញ ឲ្យបងប្អូនជនរួមជាតិខ្មែរគ្រប់ស្រទាប់វណ្ណៈ ចូលរួមផ្ដល់ឈាម ចែករំលែកក្តីស្រលាញ់ ដែលជាផ្នែកមួយនៃវប្បធម៌ចែករំលែកដ៏ល្អផូរផង់របស់ជនជាតិខ្មែរ។ វីតាល់ កំពុងរៀបចំកម្មវិធីស្ម័គ្រចិត្ត ផ្ដល់ឈាមជាបន្តបន្ទាប់ នៅតាមស្ថាប័នរដ្ឋ ឯកជន គ្រឹះស្ថានអប់រំរដ្ឋ និងឯកជន ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តនានាទូទាំងប្រទេស ហើយជាលទ្ធផល មជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានទទួលស្តុកឈាមច្រើនជាងមុនគួរ ឲ្យកត់សម្គាល់ ដែលមានន័យថា ប្រជាពលរដ្ឋខ្មែរកាន់តែច្រើន ទទួលបានឈាមជួយសង្គ្រោះដែលជាអំណោយនូវនៃជីវិតដ៏សប្បុរសមិនអាចកាត់ថ្លៃបាន។
ទន្ទឹមនឹងនោះ និស្សិតឆ្នាំទី២ នៃមហាវិទ្យាល័យ ឱសថសាស្ដ្រនៃ ស.វ.ស. កញ្ញា ចាន់ សុវណ្ណធិកា បានឲ្យដឹង «ខ្ញុំពិតជាសប្បាយចិត្ដណាស់ ដែលបានចូលរួមចំណែក ជួយជីវិតអ្នកជំងឺ ដែលត្រូវការឈាម ពិសេស ខ្ញុំជឿជាក់ថា ឈាមរបស់ខ្ញុំមួយប្លោកនេះ នឹងអាចជួយជីវិតអ្នកជំងឺ ផុតពីគ្រោះថ្នាក់»។ និស្សិតរូបនេះ ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ចូលរួមផ្ដល់ឈាម ដើម្បីសង្គ្រោះជីវិតអ្នក ដែលត្រូវការឈាម ដើម្បីមានជីវិតរស់នៅបន្ដទៀត ៕