(ភ្នំពេញ)៖ លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទទាំងអស់ នៅរសៀល ថ្ងៃទី0៨ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញសាររំលែកមរណទុក្ខ ចំពោះគ្រួសារសព លោក អ៊ឹម សិទ្ធី តំណាងរាស្ដ្រមណ្ឌលកំពង់ចាម និងជាអតីតរដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានទទួលមរណភាព នាព្រឹកទៀបភ្លឺ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧នេះ ដោយរោគាពាធ ក្នុងជន្មាយុ៧០ឆ្នាំ។

តាមលិខិតរំលែកទុករបស់ លោក ងី តាយី បានបញ្ជាក់ថា មរណភាពរបស់ លោក អ៊ឹម សិទ្ធី គឺជាការបាត់បង់បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់ នូវកុលបុត្រកម្ពុជាដ៏ឆ្នើមមួយរូប ដែលធ្លាប់មានស្នាដៃ និងគុណបំណាច់ដ៏ធំធេង ក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ ។

ជាមួយនឹងការចូលរួមរុំលែកទុក្ខដ៏ក្រៀមក្រំនេះ សារលិខិតរបស់ លោក ងី តាយី បានបញ្ជាក់បន្ថែមទៀតថា «ខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទទាំងអស់ សូមចូលរួមរំលែកនូវមរណទុក្ខដោយក្ដីស្រណោះ និងការអាឡោះអាល័យជាមួយ ក្រុមគ្រួសារទាំងអស់ របស់សព ឯកឧត្តម អ៊ឹម សិទ្ធិ ដោយសេចក្ដីសង្វេកជាទីបំផុត ។ ខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទទាំងអស់ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក អ៊ឹម សិទ្ធិ បានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»