(បន្ទាយមានជ័យ)៖​ ជនសង្ស័យ៤នាក់ ត្រូវកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនសារជាថ្មីក្រោយជាប់គុកជាច្រើនលើកច្រើនសារ ជាមួយថ្នាំញៀនប្រភេទម៉ាទឹកកក ៤២កូនថង់ និងប្រភេទមេតំហ្វតាមីន ១៥៧គ្រាប់ នៅចំណុចក្បាលស្ពានថ្មព្រះពន្លា ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ​។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងថ្ងៃទី០៧ ខែធ្នូ យុវជនប្រុសស្រី៤​នាក់ខាងលើ គឺជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងក្រុងសិរីសោភ័ណ ដែលធ្លាប់ជាប់គុក និងជាប់​មណ្ឌលកែប្រែជាច្រើនដងផងដែរ​ ហើយកម្លាំងជំនាញបានធ្វើការតាមដានអស់រយៈពេលជាច្រើនថ្ងៃ ទម្រាំឈានដល់ការឃាត់ខ្លួនបាន។

លោកមេបញ្ជាការបានបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់ខាងលើនេះ មានឈ្មោះ ១-ជា ណុច ភេទប្រុស ២-ស៊ិម ច្រិប ភេទស្រី ៣-ឌុន សុបញ្ញា ភេទប្រុស និង៤-ប៉ក់ ស៊ីណា ហៅចិន។

ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់មក សមត្ថកិច្ចបានដកហូតគ្រឿងញៀនប្រភេទមេតំហ្វេតាមីន Ice ចំនួន៤២កូនថង់ ស្មើនឹងទម្ងន់ ១៨.៨៤ក្រាម មេតំហ្វតាមីនគ្រាប់១៥៧គ្រាប់ ទូរសព្ទ័៤គ្រឿង នាឡិកាមួយគ្រឿង និងម៉ូតូហុងដាទ្រីមមួយគ្រឿង។

បច្ចុប្បន្ននេះ អាវុធហត្ថខេត្ត​កំពុងសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុសស្រីទាំង៤នាក់​ និងវត្ថុតាងទាំងអស់ទៅកាន់សាលាដំបូង​ខេត្តចាត់ការតាមនីតិវិធីច្បាប់៕​