(បន្ទាយមានជ័យ)៖ លោកវរសេនីយ៍ឯក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដាក់តឿនដល់កម្លាំងអាវុធហត្ថតាមអង្គភាពមូលដ្ឋានក្រុង-ស្រុក ត្រូវជំរុញការងារ ប្រឡងប្រណាំងបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីឧបត្ថម្ភបន្ថែមលើការហូបចុករបស់កងកម្លាំង បន្តការងារជួសជុល កសាងសំណង់ផ្សេងៗ បន្តការយកចិត្តទុកដាក់លើសុខុមាលភាព និងការពារជំងឺឆ្លងគ្រប់ប្រភេទ។
ការណែនាំនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំឆ្នាំ២០១៧ និងលើកទិសដៅ ឆ្នាំ២០១៨ ដោយមានការចូលរួមពីមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការ-មេបញ្ជាការរងមូលដ្ឋានក្រុង-ស្រុក និងស្នាក់ការសន្តិសុខ កងអនុសេនាធំលេខ១៦ និងនាយទាហាន-នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តចំនួន ១៤៥នាក់ នាព្រឹកថ្ងៃទី0៧ ខែធ្នូ ឆ្នាំ២០១៧។
លោកមេបញ្ជាការបានជំរុញដល់គ្រប់កងឯកភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នៅតែបន្តធ្វើផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យជាតិ-អន្តរជាតិ ដូចជា៖
* ត្រៀមកម្លាំងមធ្យោបាយសម្ភារគ្រឿងបំពាក់អាវុធគ្រាប់ សម្រាប់បម្រើការងារប្រតិបត្តិការ និងចុះជួយប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយជាយថាហេតុ។
* ចាត់តាំងកម្លាំងចេញល្បាត និងការពារតាមគោលដៅសំខាន់ៗ និងទីប្រជុំជន។
* ចាត់តាំងជំនាញចុះស្រាវជ្រាវរុករុមុខសញ្ញាជនល្មើស។
* អនុវត្ត បង្ការ បង្រ្កាបបទល្មើសធនធានធម្មជាតិ ដូចជា ការកាប់ព្រៃឈើខុសច្បាប់ កាប់រានទន្រ្ទានយកដីរដ្ឋ រុករករ៉ែខុសច្បាប់ ចាប់ ឬនាំសត្វព្រៃខុសច្បាប់ និងបទល្មើសនេសាទខុសច្បាប់។
* ត្រួតពិនិត្យចរាចរអាវុធជាតិផ្ទុះ បង្ក្រាបការប្រើប្រាស់អាវុធខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្ត ក៏ដូចតាមមូលដ្ឋានក្រុង-ស្រុក និងស្នាក់ការសន្តិសុខផងដែរ។
* ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នសមត្ថកិច្ចជំនាញ និងកងកម្លាំងប្រដាប់អាវុធ ក្នុងកិច្ចប្រតិបត្តិការល្អប្រសើរ។
* បន្តការកសាងបណ្ដាញផ្ដល់ព័ត៌មានតាមមូលដ្ឋានបន្ថែមទៀត។
* បន្តការអប់រំផ្សព្វផ្សាយ ស្ដីពីច្បាប់សិទ្ធមនុស្ស និងក្រមសីលធម៌ របស់កងយោធពលខេមរភូមិន្ទ។
* ត្រូវផ្សព្វផ្សាយ បទបញ្ជា សារាចរ សេចក្ដីណែនាំ ដែលបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសដាក់ជូន។
* បន្តការងារមនុស្សធម៌ និងចុះសួរសុខទុក្ខក្រុមគ្រួសារអាវុធហត្ថជួបការលំបាក។
លោកមេបញ្ជាការបានបញ្ជាក់បន្ថែមទៀតថា គ្រប់អាវុធហត្ថទាំងអស់ត្រូវយកចិត្តទុកដាក់បន្តការងារ បង្ការ បង្រាប និងសង្គ្រោះបន្ថែមទៀត ត្រូវយកចិត្តទុកដាក់ក្តាប់សភាពការ និងការពារ សន្តិសុខសណ្តាប់ធ្នាប់ និងរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់ពេលវេលាផងដែរ៕