(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧នេះ បានថ្លែងនូវការស្វាគមន៍ចំពោះក្រុមហ៊ុនចិន ដែលបានបំណងចង់វិនិយោគសាងសង់កំពង់ផែ ក្នុងខេត្តព្រះសីហនុ របស់កម្ពុជា។

ការស្វាគមន៍របស់សម្តេចតេជោ ហ៊ុន សែន បែបនេះធ្វើឡើងក្នុងជំនួបជាមួយ លោក ចាង ម៉េងស៊ីង (ZHANG MENGXING) ប្រធានក្រុមហ៊ុន អឹម ស៊ី ស៊ី (MCC) នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៨ ខែធ្នូនេះ។

ក្នុងជំនួបនោះ លោក ចាង ម៉េងស៊ីង បានជំរាបជូនសម្តេចតេជោថា ក្រុមហ៊ុនរបស់លោក គឺជាក្រុមហ៊ុនរបស់រដ្ឋចិន ដែលក្នុងរយៈពេល៨ ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនរបស់លោក បានជាប់ចំណាត់ថ្នាក់ ក្នុងចំណោមក្រុមហ៊ុនទាំង៥០០ លើពិភពលោក។ ​ក្រុមហ៊ុនរបស់លោក មានជំនាញខាងផលិត​លោហៈធាតុ នៅប្រទេសចិន ដែលអាចសន្និដ្ឋានបានថា ជាក្រុមហ៊ុនលេខ១ ហើយនៅពេលនេះ បានផ្គត់ផ្គង់លក់ទៅកាន់ប្រមាណ៦០% នៅទូទាំងពិភពលោក។ ក្រុមហ៊ុននេះ មានបទពិសោធន៍ខាង គូរប្លង់ សាងសង់ទីក្រុងរណប និងមានជំនាញខាងបច្ចេកវិទ្យាថ្មីៗផងដែរ។

លោកបញ្ជាក់ថា ពេលនេះ ក្រុមហ៊ុនរបស់លោកមាន​សាខា នៅក្នុងប្រទេសចំនួន៥៤ ហើយក្រុមហ៊ុន MCC បានយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើទីផ្សារកម្ពុជា ដោយនៅកម្ពុជាបច្ចុប្បន្ននេះ លោកមានគម្រោងចំនួន១៦ហើយ ដែលមានទឹកប្រាក់ប្រមាណ២៦០លានដុល្លារ។ ទោះបីទំហំវិនិយោគប៉ុណ្ណេះក្តី ប៉ុន្តែលោកមិនទាន់ពេញចិត្តនៅឡើយទេ ព្រោះថាទីផ្សារនៅកម្ពុជា គឺកំពុងតែនៅ មានសក្តានុពល។

ក្នុងន័យនេះ លោកបានជំរាបជូនសម្តេចថា វត្តមានមកកាន់កម្ពុជានៅពេលនេះ គឺដើម្បីស្វែងរកសហការវិនិយោគបន្ថែមទៀត ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍនៅកម្ពុជា។

ក្នុងចំណុចនេះ លោក  លោក ចាង ម៉េងស៊ីង បញ្ជាក់ថា ជាភ័ព្វសំណាងដែរ ដែលនៅពេលនេះ លោកកំពុងតែសហការជាមួយលោកស្រី លឹម ឈីវហួរ ដោយបានធ្វើការសិក្សា និងជំរុញកិច្ចសហប្រតិបត្តិការ លើការសាងសង់កំពង់ផែ នៅស្ទឹងហាវ និងតំបន់សេដ្ឋកិច្ចពិសេស នៅស្ទឹងហាវ ព្រមទាំងនឹងរៀបចំជំរុញ ឱ្យមាននាវា ដែលមានទំងន់៥ម៉ឺនតោន អាចចូលចតបាន។

ដើម្បីធ្វើយ៉ាងណា ឱ្យមានប្រសិទ្ធិភាពសេដ្ឋកិច្ចនោះ លោកបានលើកឡើងថា កំពង់ផែនេះ គឺដាច់ខាត ត្រូវតែអាចទទួលនាវា ដែលមានទំងន់៥ម៉ឺនតោន ឱ្យចូលចតបាន ដូច្នេះលោកក៏បានគោរពស្នើសុំ សម្តេចតេជោរាជរដ្ឋាភិបាលកម្ពុជា មេត្តាពិចារណា គាំទ្រ ចំពោះគម្រោងរបស់គាត់។

 ជាងនេះដែរ លោក  លោក ចាង ម៉េងស៊ីង ក៏បានគោរពស្នើសុំសម្តេចតេជោ រៀបចំឱ្យមានក្រុមប្រឹក្សាអ្នកបច្ចេកទេសមួយ ដើម្បីធ្វើយ៉ាងណាឱ្យមានការចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជា ខាងវិស័យបច្ចេកវិទ្យាជាន់ខ្ពស់នេះផងដរ។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះលោក  លោក ចាង ម៉េងស៊ីង ចំពោះរបាយការណ៍របស់ក្រុមហ៊ុនរបស់លោក និងអំពីគោលបំណងមកកាន់កម្ពុជា នាពេលនេះ។ ចំពោះគម្រោងកំពង់ផែ និងតំបន់សេដ្ឋកិច្ចនៅស្ទឹងហាវ ខេត្តព្រះសីហនុ ខាងលើនេះ សម្តេចបានស្វាគមន៍ និងបានជំរាបជូនលោក  លោក ចាង ម៉េងស៊ីង ថារាជរដ្ឋាភិបាលកម្ពុជា គឺមានបំណងធ្វើឱ្យតំបន់សមុទ្រកម្ពុជា ជាតំបន់អភិវឌ្ឍន៍កំរិតខ្ពស់ និងទាក់ទាញវិនិយោគផងដែរ។

ដោយឡែកចំពោះក្រុមប្រឹក្សាបច្ចេកទេស សម្តេចតេជោ ក៏បានស្វាគមន៍ចំពោះការផ្តួចផ្តើមនេះ ហើយសម្តេចក៏បានមានប្រសាសន៍ថា យើងត្រូវការធ្វើការស្រាវជ្រាវ លើរាល់បច្ចេកវិទ្យាថ្មីៗទាំងឡាយ ព្រោះថានៅពេលណាស្រាវជ្រាវបានហើយ យើងអាចផ្តល់ជាធាតុចូលផង និងចែកជូនដល់និស្សិតកម្ពុជាយើងផងដែរ។ ក្នុងន័យនេះ សម្តេចបានលើកទឹកចិត្ត ឱ្យក្រុមហ៊ុនបន្តនូវសកម្មភាពនៅកម្ពុជា និងជំរុញគម្រោងវិនិយោគទាំងពីរ ដែលក្រុមហ៊ុនមានបំណងចង់វិនយោគ៕