(ប៉ៃលិន)៖ ដំណាំពោតក្រហមដែលដាំដុះលើផ្ទៃដីចម្ការ ៣០,៤២៧ហិចតា របស់កសិករនៅខេត្តប៉ៃលិន ទទួលបានទិន្នផលយ៉ាងពេញចិត្ត ក្រោយទទួលបានការបណ្ដុះបណ្ដាលពីរបៀបដាំ របៀបជ្រើសរើសពូជ និងបច្ចេកទេសគ្រប់គ្រងដំណាំ ពីគម្រោងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា ហៅកាត់ថា CAVAC គាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី ពោលទិន្នផលនេះកើនឡើងខ្ពស់ជាងឆ្នាំមុនៗ។
ក្ដីរីករាយរបស់ប្រជាកសិករនេះ ត្រូវបានស្ដែងឡើងក្នុងទិវាបង្ហាញពីលទ្ធផលពិសោធន៍លើដំណាំពោតក្រហម ការជ្រើសរើសពូជ និងបច្ចេកទេសគ្រប់គ្រង ដល់ប្រជាកសិករនៅខេត្តប៉ៃលិន ដែលគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី តាមរយៈគម្រោង CAVAC ក្នុងគោលបំណងបង្កើនផលិតភាព និងប្រាក់ចំណូលរបស់កសិករ ដែលប្រារព្ធឡើងនៅភូមិសួនអំពៅ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧។
លោក សាយ សុផាត មន្ទីរកសិកម្មខេត្តប៉ៃលិន បានបញ្ជាក់ថា តាមរយៈការធ្វើពិសោធន៍ ដោយប្រើប្រាស់បច្ចេកទេសគ្រប់គ្រង ដូចជា ការជ្រើសពូជ ការប្រើប្រាស់ជី និងការថែទាំលើចម្ការពោតក្រហមរបស់កសិករ ជាលទ្ធផល ទិន្នផលពោតមានការកើនឡើងយ៉ាងខ្លាំង បើប្រៀបធៀបនឹងរដូវដាំដុះកន្លងមក។
លោកបានបន្តថា ប្រជាកសិករនៅខេត្តប៉ៃលិន ភាគច្រើនធ្វើកសិកម្មតាមយថាផលនៅឡើយ ដែលធ្វើឱ្យទិន្នផលថយចុះជាលំដាប់ ជាហេតុធ្វើឱ្យសេដ្ឋកិច្ចគ្រួសាររបស់គាត់មិនការរីកចម្រើន ដូច្នេះនៅថ្ងៃនេះ ដោយមានការគាំទ្រពីគម្រោងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា (CAVAC) បាននាំកសិករមកមើលលទ្ធផលជាក់ស្តែងដល់ចម្ការពោតផ្ទាល់របស់កសិករបង្ហាញ ដែលប្រើប្រាស់បច្ចេកទេសគ្រប់គ្រង។
លោក ផាន សុផាន់ណារ៉ា ប្រធានការិយាល័យក្សេតសាស្ត្រខេត្ត បានឱ្យដឹងថា នៅឆ្នាំ២០១៧នេះ ផ្ទៃដីដាំដុះដំណាំពោតក្រហមមានចំនួន ៣០,៤២៧ហិចតា ក្នុងនោះដើមរដូវចំនួន ១៨,៦៩២ហិចតា ចុងរដូវចំនួន ១១,៧៣៥ហិចតា ហើយនៅខេត្តប៉ៃលិន កម្មវិធីខ្សែសង្វាក់តំលៃកសិកម្មកម្ពុជា (CAVAC) បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់តាំងពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០១៧ ដោយបានឧបត្ថម្ភទាំងសម្ភារៈ និងថវិកាលើការដាំដុះ ធ្វើបង្ហាញដំណាំពោតចំនួន៨កន្លែង និងដំណាំដំឡូងមីចំនួន៥កន្លែង សម្រាប់កសិករក្នុងខេត្តប៉ៃលិនយកជាបទពិសោធន៍៕
លោក ឆុង វ៉ៃ ជាកសិកររស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន បានឱ្យដឹងថា នៅរដូវចុងឆ្នាំនេះ គាត់បានដាំដំណាំពោត ដោយអនុវត្តន៍តាមបច្ចេកទេសរបស់ CAVAC គឺទទួលបានទិន្នផលច្រើន បើប្រៀបធៀបទៅនឹងរដូវកាលកន្លងមក។ លោកបានអំពាវនាវដល់ប្រជាកសិករទាំងអស់ ងាកមកធ្វើការកសិកម្មតាមបច្ចេកទេស ដូចជា ការជ្រើសពូជ ការប្រើប្រាស់ជី និងការគ្រប់គ្រងថែទាំ ដែលធ្វើឱ្យកសិករទទួលបានទិន្នផលខ្ពស់ នាំឱ្យជីវភាពក្រុមគ្រួសារមានការរីកចម្រើន៕