(រតនគិរី)៖ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី សហការជាមួយមន្ទីរសុខាភិបាលខេត្ត និងកម្លាំងនគរបាលស្រុកបរកែវ ដឹកនាំដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអម សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧នេះ បានចុះបិទលំនៅដ្ឋានបណ្តោះអាសន្ន១កន្លែង ខាងក្រោយផ្ទះសំណាក់ «រតនៈជូលី» ស្ថិតក្នុងភូមិគ្លិះ ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី។
នគរបាលដែលចុះប្រតិបត្តិការប្រាប់ឲ្យដឹងថា ជនជាតិចិន-ខ្មែរ ប្រុសស្រី៣នាក់ត្រូវបានឃាត់ខ្លួនរួមមាន៖
ទី១៖ ឈ្មោះ ហ័ង អ៊ីហ្វីង ភេទប្រុស ជនជាតិចិន
ទី២៖ ឈ្មោះ វ៉ៃ ហាងមិ ភេទប្រុស ជនជាតិចិន
ទី៣៖ ឈ្មោះ រ៉ាវី រិទ្ធីយះ ភេទស្រី ជនជាតិខ្មែរ-ឥស្លាម ព្រមទាំងដកហូតឬស្សមើមឈើចំនួន៩៧គីឡូក្រាម។
បច្ចុប្បន្នសមត្ថកិច្ចដឹកនាំដោយតំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី បានបិទលំនៅដ្ឋាននោះជាបណ្តោះអាសន្ន រីឯជនជាតិចិន-ខ្មែរទាំង៣នាក់ នាំមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត។ ចំណែកឯឫស្សមើមឈើប្រគល់ឲ្យជំនាញសុខាភិបាល ធ្វើការពិសោធន៍។
ទោះយ៉ាងណាក៏ដោយ សមត្ថកិច្ចនគរបាលដែលចុះប្រតិបត្តិការប្រាប់ឲ្យដឹងថា លទ្ធផលយ៉ាងណានោះ គឺរង់ចាំខាងមន្ទីរសុខាភិបាលខេត្តរតនគិរី យកទៅធ្វើការពិសោធន៍សិន ទើបដឹងថា មានសារធាតុអ្វី។ ដោយឡែក ស្ត្រីខ្មែរ-ឥស្លាមដែលយកប្តីជនជាតិចិននោះប្រាប់ឲ្យដឹងថា ពួកគេទិញឫស្សមើមឈើ(ដើមដូងព្រៃ) ក្នុង១គីឡូក្រាមតម្លៃ៤០០០រៀល ហើយលំនៅដ្ឋានស្នាក់នៅនេះ ជួលបានរយៈពេលជិត១០ថ្ងៃ មកហើយដោយក្នុង១ខែតម្លៃ២០០ដុល្លារ៕