(ភ្នំពេញ)៖ ស្ទើរតែគ្រប់បទចម្រៀង ដែលផលិតនៅពេលបច្ចុប្បន្ន ត្រូវគេសង្កេតឃើញថា មិនមានតម្លៃស្ថិតបានយូរ ដូចបទតាំងពីជំនាន់ដើមឡើយ ដោយមិនរាប់បញ្ចូលពីទឹកដមសំឡេងរបស់អ្នកចម្រៀង, លោក យ៉ាន់ បូរិន្ទ អតីតសាស្ត្រាចារ្យស្មូត នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាសមាជិកគណៈកម្មការកំណែផ្នែកទំនុកច្រៀង នៅក្នុងការប្រកួតថ្ងៃខាងមុខនេះ បានថ្លែងថា ទំនុកចម្រៀងបច្ចុប្បន្ន បាត់សោភណភាព និងខ្វះរូបារម្មណ៍ ដើម្បីឲ្យខ្លឹមសារចម្រៀងដែលមានតម្លៃ និងអាចនៅឋិតថេរបានយូរអង្វែង គឺចាំបាច់ត្រូវមានធាតុសំខាន់ៗចំនួន៣ គឺសច្ចធម៌ គុណធម៌ និងសោភ័ណភាព។
លោក យ៉ាន់ បូរិន្ទ បានថ្លែងបញ្ជាក់ពីធាតុសំខាន់ៗចំនួន៣ ទី១-សច្ចធម៌ ទី២-គុណធម៌ និងទី៣ សោភ័ណភាពថា «សច្ចធម៌ គឺរឿងហ្នឹងវាមានការពិត ហេតុផលពិតប្រាកដ ដើម្បីសរសេរ មួយទៀតគុណធម៌ គឺថា ការតែងនិពន្ធហ្នឹង វាមានប្រយោជន៍អ្វីខ្លះ សម្រាប់អ្នកដែលបានស្ដាប់ គេអាចអនុវត្ដន៍ ឬយកទៅអ្វីបាន សម្រាប់ការតែងនិពន្ធរបស់យើងនោះ
និងទី៣សោភ័ណភាព មានន័យថា ពិរោះដក់ជាប់អារម្មណ៍ ពេលដែលបានជួប និងបាត់បង់ទៅវិញហើយ នៅតែនឹកឃើញរហូត ចឹងលក្ខណៈដែលខ្ញុំយកជាគោលសំខាន់បីចំនុចហ្នឹង បានធ្វើឲ្យស្នាដៃតែងនិពន្ធ នៃខ្លឹមសារហ្នឹងវាឋិតថេរ»។
លោកបន្ដថា បេក្ខជន នឹងទទួលពិន្ទុបានច្រើនពីគណៈកម្មការ ប្រសិនបើខ្លឹមសារទំនុកច្រៀងរបស់ខ្លួន មានចំណុចគោលទាំង៣នេះ បូកផ្សំលក្ខខណ្ឌដទៃទៀត ដែលតម្រូវថាទំនុកច្រៀងដែលចូលរួមប្រកួត ត្រូវមានខ្លឹមសារបម្រើការអប់រំស្មារតីកូនខ្មែរឲ្យចេះស្រឡាញ់ និងអភិរក្សសម្បត្តិវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីខ្មែរ និងមានពាក្យពេចន៍រំលេច រណ្តំចិត្តទៀតនោះ។
ហេតុនេះហើយ ដើម្បីលើកស្ទួយវប្បធម៌ខ្មែរ ការតែងនិពន្ធ និងកាត់បន្ថយការជាលួចស្នាដៃចម្រៀងពីបរទេស ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងរៀបចំប្រកួតប្រជែងតែងនិពន្ធបទភ្លេង និងទំនុកច្រៀងថ្មី ដែលមានលក្ខណៈជាខ្មែរ។ ការប្រកួតនេះ ចាប់ផ្តើមទទួលពាក្យ និងស្នាដៃចូលរួម ចាប់ពីថ្ងៃទី ១ខែធ្នូ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។
សូមជម្រាបថា ស្នាដៃជយលាភីនៅក្នុងការប្រកួតនេះ នឹងត្រូវឡើងទទួលរង្វាន់ នៅថ្ងៃទី៣មីនា ឆ្នាំ២០១៨ ដែលជាទិវាវប្បធម៌ជាតិ លើកទី២០ ក្រោមអធិបតីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ លើសពីនេះ ក៏នឹងទទួលបានទឹកប្រាក់លើកទឹកចិត្តពីក្រសួងវប្បធម៌ផងដែរ ក្នុងនោះជ័យលាភីលេខ១ ទទួលបានទឹកប្រាក់៥លានរៀល លេខ២ ៤លានរៀល លេខ៣ ចំនួន៣លានរៀល និងស្នាដៃ ៣ ផ្សេងទៀត ក៏ត្រូវជ្រើសរើសសម្រាប់ទទួលប្រាក់លើកទឹកចិត្ត ក្នុងម្នាក់ៗ/ក្រុម ចំនួន២លានរៀលផងដែរ។ រីឯស្នាដៃទំនុកច្រៀងនិងបទភ្លេងដែលទទួលចំណាត់ថ្នាក់ ក្រសួងនឹងយកមកផលិតជា CD និង VCD ដោយរក្សាសិទ្ធិសីលធម៌ជូនបេក្ខជន ប៉ុន្តែសិទ្ធិបេតិកភណ្ឌជាសិទ្ធិផ្តាច់មុខរបស់ក្រសួងវប្បធម៌។
បេក្ខជនដែលមានបំណងចូលរួមប្រកួត ត្រូវបំពេញពាក្យសុំចូលរួមប្រកួតជាមុនសិន។ ពាក្យស្នើអាចទាញយកបានពីតំណភ្ជាប់នេះ KhmerCultureMinistry រួចផ្ញើមកកាន់គណៈកម្មការរៀបចំការប្រកួត តាមរយៈអ៊ីម៉ែល [email protected] ឬផ្ញើទៅកាន់ប្រអប់សារហ្វេសប៊ុករបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ https://www.facebook.com/KhmerCultureMinistry/ ។ បន្ទាប់ពី ពិនិត្យឃើញថាបេក្ខជន បានបំពេញបែបបទត្រឹមត្រូវហើយនោះ គណៈកម្មការរៀបចំការប្រកួត នឹងឆ្លើយតបទៅកាន់បេក្ខជនវិញ តាមអ៊ីម៉ែល ឬប្រអប់សារដែលបេក្ខជនផ្ញើមក។
បេក្ខជនដែលទទួលបានសិទ្ធិចូលរួមប្រកួត ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ក្រសួង ដើម្បីទទួលបានគោលការណ៍ណែនាំលម្អិត ពីលក្ខខណ្ឌ និងនីតិវិធីក្នុងការប្រកួត។ បើតាមគណៈកម្មការរៀបចំការប្រកួតបេក្ខជនអាចនិពន្ធជាលក្ខណៈបុគ្គល ឬជាក្រុម ដោយត្រូវនិពន្ធបទភ្លេង និងទំនុកច្រៀងចំនួន២បទ ដែលជាស្នាដៃនិពន្ធថ្មី និងមានលក្ខណៈជាតិ ហើយបេក្ខជន អាចជ្រើសរើសចង្វាក់ដោយសេរី លើកលែងតែចង្វាក់រ៉េប។