(ភ្នំពេញ)៖ ខណៈដែលកម្រិតជីវភាពរស់នៅ របស់ប្រជាជនកម្ពុជាកំពុងតែកើនឡើង ជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារកំណើនសេដ្ឋកិច្ច ដ៏រឹងមាំរបស់ខ្លួន ដែលមានការគាំទ្រពីវិស័យសំណង់ និងអចលនទ្រព្យ ជាហេតុធ្វើឲ្យមានការផ្លាស់ប្តូរ ដ៏គួរឲ្យកត់សម្គាល់ ទៅលើទំនើបកម្មនៃស្ថាបត្យកម្ម និងការតុបតែង ក៏កាន់តែមានភាពប្រសើរ ជាងមុនផងដែរ។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ការរចនាផ្ទៃក្នុង និងស្ថាបត្យកម្ម ក្រុមហ៊ុន ICVeX Co Ltd ដែលមានមូលដ្ឋាននៅប្រទេសថៃ និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Index Creative Village PCL (ICV) បានធ្វើកិច្ចសហការជាមួយ និងសមាគមស្ថាបត្យករកម្ពុជា (CSA) ដើម្បីពាំនាំមកនូវពិព័រណ៍ស្ថាបត្យកម្មកម្ពុជានិង ការតុបតែងលើកទី ៣ក្រោមប្រធានបទ «ការរចនាសម្រាប់កន្លែងធ្វើការ និងការរស់នៅឱ្យកាន់តែមានភាពប្រសើរជាងមុន» នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៧នេះ។
សម្រាប់ពិធីតាំងពិពរ័ណ៍លើកទី៣នេះ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែឧសភាឆ្នាំ ២០១៨ នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានការចួលរួមពីសំណាក់ក្រុមហ៊ុនល្បីៗ ទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើន។ សម្រាប់អ្នកចូលរួមតាំងពិព័រណ៍ នឹងបង្ហាញពីគំនិតច្នៃប្រឌិតថ្មីៗ និងនិន្នាការចុងក្រោយបំផុត របស់ពួកគេ ហើយក៏ជាឱកាសក្នុងស្វែងរកដៃគូរថ្មីៗ និងការផ្លាស់ប្តូរដ៏សំខាន់ នៃការរចនានៅក្នុងទីផ្សារ សំណង់ដែលកំពុងរីកចំរើននៅកម្ពុជា។
ពិព័រណ៍ពាណិជ្ជកម្ម តែមួយគត់នេះ នឹងប្រមូលផ្តុំស្ថាបត្យករ អ្នករចនាផ្ទៃក្នុង អ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងអ្នកជំនាញសាងសង់អគារ ដើម្បីផ្លាស់ប្តូរនូវគំនិតច្នៃប្រឌិត និងនិន្នាការថ្មីៗបំផុតនៅក្នុងវិស័យនេះ។ ការតាំងពិព័រណ៍នេះ ក៏នឹងមានការរៀបចំសិក្ខាសាលាស្តីពីការអប់រំ ការប្រកួតប្រជែងស្នាដៃរចនា និងការទទួលទានអាហារពេលល្ងាច ដើម្បីបង្កើតបណ្តាញទំនាក់ទំនងផងដែរ។
លោក Ajinveat Vhongthong ប្រធានគ្រប់គ្រងគម្រោងរបស់ក្រុមហ៊ុន ICVeX បានមានប្រសាសន៍ថា «ព្រឹត្តិការណ៍នេះ មិនត្រឹមតែបានរួមចំណែក ដល់ការអភិវឌ្ឍវិស័យសំណង់ និងវិស័យអចលនទ្រព្យនៅកម្ពុជា ប៉ុណ្ណោះទេ តែវាក៏អនុញ្ញាតឲ្យអ្នកចូលរួម ទទួលបានគំនិតថ្មីៗសម្រាប់អាជីព និងការអភិវឌ្ឍប្រទេស ដោយការចែករំលែកព័ត៌មាន និងបទពិសោធថ្មីៗជាមួយ អ្នកជំនាញក្នុងស្រុក»។
លោកបានថ្លែងបន្តទៀតថា «យើងបានបង្កើតពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការរចនាផ្ទៃក្នុង ដើម្បីជួយដល់អ្នកជំនាញ ក្នុងការចូលរួមជាមួយអតិថិជន សក្តានុពលគោលដៅការបង្កើត បណ្តាញទំនាក់ទំនង និងកំណត់នូវឱកាសថ្មីៗនៅលើទីផ្សារ។ យោងតាមការស្ទង់មតិរបស់យើង ពីការតាំងពិព័រណ៍កាលពីឆ្នាំមុនថា អាជីវកម្មជាង ១៨ លានដុល្លារត្រូវបានគេរំពឹងថា នឹងត្រូវបានបង្កើតឡើង ពីការតាំងពិព័រណ៍ក្នុងឆ្នាំ ២០១៦នេះ!»។
នៅក្នុងរបាយការណ៍ទស្សនៈវិស័យអភិវឌ្ឍន៍អាស៊ីឆ្នាំ ២០១៦ ធនាគារអភិវឌ្ឍន៍អាស៊ី បានបញ្ជាក់ថា កម្ពុជាជាប្រទេសថ្មីមួយទៀតក្នុងចំណោម «សេដ្ឋកិច្ចខ្លាអាស៊ី» ដែលផ្អែកសំខាន់ ទៅលើកំណើននៃផលិតផល ក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗចាប់ពី ១.៣០២ ដុល្លារនៅចុងឆ្នាំ ២០១៦ និង កើនដល់ ១.៤២២ ដុល្លារនៅ ដំណាច់ឆ្នាំនេះ។
លោក ហ៊ុន ចាន់សាន អនុប្រធានសមាគមស្ថាបត្យករកម្ពុជា (CSA) បានថ្លែងថា «បច្ចុប្បន្ននេះ ប្រជាជនថ្នាក់កណ្តាលនៅកម្ពុជា ពិតជាមានការកើនឡើងខ្លាំង ហើយរបៀបនៃការរស់នៅ ក៏មានការផ្លាស់ប្តូរ ទាំងកន្លែងធ្វើការ និងបរិស្ថានជុំវិញខ្លួនផងដែរ។ ពិព័រណ៍ស្ថាបត្យកម្ម និងតុបតែងរបស់កម្ពុជា គឺជាវេទិកាប្រមូលផ្តុំ និងអប់រំប្រចាំឆ្នាំសម្រាប់ប្រជាជនកម្ពុជា ដើម្បីឲ្យពួកគេមាននិន្នាការស្វែងយល់ អំពីរចនាបថចុងក្រោយបំផុត។ វាជួយឲ្យឧស្សាហកម្មនេះ បង្កើតស្តង់ដារល្អប្រសើរជាងមុន សម្រាប់ការរចនាសម្រាប់ការរស់នៅ និងកន្លែងធ្វើការ!»។
ការកើនឡើង នៃវិស័យសំណង់នៅកម្ពុជាវិស័យសំណង់បានដើរតួយ៉ាងសំខាន់ ក្នុងកំណើនសេដ្ឋកិច្ច និងការបង្កើតការងារជូនដល់ប្រជាពលរដ្ឋ។ យោងតាមរបាយការណ៍ផ្លូវការ ពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា វិស័យនេះបានទាក់ទាញការវិនិយោគចំនួន ៥.៥៦៣ពាន់ លានដុល្លារ ក្នុងអំឡុងពេលប្រាំបួនខែ ដំបូងនៃឆ្នាំ ២០១៧ ពោលគឺកើនឡើងជាង ២២% បើប្រៀបធៀបទៅនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំមុន ។ ចំណែកដ៏ធំបំផុត នៃចំនួនទឹកប្រាក់នេះ ត្រូវបានវិនិយោគនៅក្នុងអគារពាណិជ្ជកម្មធំ ៗ អគារការិយាល័យ ផ្សារទំនើបរោងចក្រ និងខុនដូ។
តួនាទីនៃគុណភាពការរចនាតុបតែង និងស្ថាបត្យកម្ម មិនត្រូវបានបំបែកចេញពីការរីកចម្រើន នៃឧស្សាហកម្មនេះទេ ព្រោះវាធ្វើឱ្យអគារមានភាពទាក់ទាញ និងមានផាសុកភាព និងមានផលប៉ះពាល់ដោយផ្ទាល់ ទៅលើបរិស្ថានរស់នៅរបស់ប្រជាជន។
លោក Ajinveat Vhongthong បានបន្ថែមទៀតថា «ចាប់តាំងពីការបង្កើតព្រឹត្តិការណ៍នេះ ក្នុងឆ្នាំ ២០១៤ នៅប្រទេសមីយ៉ាន់ម៉ា វាបានបង្ហាញពីអត្ថប្រយោជន៍ជាច្រើន ដល់អ្នកចូលរួម។ យើងបានបង្កើតព្រឹត្តិការណ៍នេះ ជាលើកដំបូងនៅក្នុងឆ្នាំ ២០១៤ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយវាទទួលបានជោគជ័យដ៏អស្ចារ្យ។ យើងដឹងថាវេទិកានេះអាច
ផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដល់កម្ពុជា។ អ្នកចូលរួមតាំងពិព័រណ៍របស់យើង ដែលក្នុងនោះមាន ៧០% មកពីបណ្តាប្រទេសជាច្រើន នឹងបង្ហាញពីគំនិតច្នៃប្រឌិត និងផលិតផលល្អបំផុត របស់ពួកគេ!»។
សូមបញ្ជាក់ថា ក្រុមហ៊ុន ICVEX Co Ltd គឺជាក្រុមហ៊ុនសាខា របស់ក្រុមហ៊ុន Index Creative Village PCL (ICV) ជាក្រុមហ៊ុនជំនួញមានភាពច្នៃប្រឌិត ក្នុងការបង្កើតអាជីវកម្មនៅប្រទេសថៃ ដែលផ្តល់ជូននូវសេវាកម្មប្រាស្រ័យទាក់ទងផ្នែកទីផ្សារ ប្រកបដោយភាពច្នៃប្រឌិត ក៏ដូចជាការផ្គត់ផ្គង់ ច្រកចេញចូលតែមួយខាងសកម្មភាពទីផ្សារ និងគ្រឿងបរិក្ខា។ ក្រុមហ៊ុន ICV ទទួលបានការកោតសរសើរថា ជាភ្នាក់ងារលំដាប់ថ្នាកទី ៧ លើពិភពលោកចុះផ្សាយ ក្នុងទស្សនាវដ្តីព្រឹត្តិការណ៍ពិសេស (Special Events Magazine)។ ក្រុមហ៊ុន ICVeX បានរៀបចំពិព័រណ៍ពាណិជ្ជកម្មនានា នៅក្នុងប្រទេសមីយ៉ាន់ម៉ា មានដូចជា ពិព័រណ៍ FoodBev មីយ៉ាន់ម៉ា, HoReCa មីយ៉ាន់ម៉ា, MediHealth មីយ៉ាន់ម៉ា, Retail Sourcing និង Build & Decor មីយ៉ាន់ម៉ា និងពិព័រណ៍ស្ថាបត្យករ និងការតុបតែងកម្ពុជា ឆ្នាំ ២០១៦ លើកទីមួយ៕