ព្រឹកស្អែកនេះ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន៣៣៣នាក់ នឹងចុះពិនិត្យ-ព្យាបាលជំងឺជូនពលរដ្ឋក្នុងស្រុក ដំណាក់ចង្អើរ ខេត្តកែប ដោយឥតគិតថ្លៃ
08-12-2017 11:39
(កែប)៖ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ ស្អែកនេះ សម្ព័ន្ធគ្រូសហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន៣៣៣នាក់ ដែលមានឯកទេសច្បាស់លាស់ និងបទពិសោធន៍ជាច្រើនឆ្នាំទាំងក្នុងប្រទេស និងបញ្ចប់ការសិក្សាក្រៅប្រទេសផងនោះ នឹងចុះទៅពិនិត្យ ព្យាបាលជំងឺជូនពលរដ្ឋក្នុងស្រុក ដំណាក់ចង្អើរ ខេត្តកែប ដោយឥតគិតថ្លៃ។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាលតាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែសម្តេចតេជោទេ ដែលមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរើកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស៕