(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចមូលដ្ឋាន ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅឃាត់ខ្លួនជនជាតិវៀតណាមចំនួន២៣នាក់បន្តទៀត (ស្រី៩នាក់) នៅភូមិសាស្រ្តខណ្ឌ៧មករា។
លោកឧត្តមសេនីយ៍ផ្កាយ៣ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានបានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ប្រតិបត្តិការត្រួតពិនិត្យបានធ្វើឡើង នៅហាងកាហ្វេដាលីង ហាងគុយទាវភឿងណាម និងក្រុមហ៊ុនដឹកអ្នកដំណើរផន លិន (ភ្នំពេញ-វៀតណាម) តាមផ្លូវលេខ១០៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បើតាមលោកឧត្តមសេនីយ៍បានបន្តទៀតថា ការឃាត់ខ្លួនជនជាតិវៀតណាមទាំង២៣នាក់ ដោយសារតែពួកគេបានលួចចូលមកស្នាក់នៅ និងប្រមុខរបរដោយខុសច្បាប់គ្មានលិខិតឆ្លងដែន។
សម្រាប់ជនជាតិវៀតណាមទាំងនេះ ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់បន្ត៕