(ភ្នំពេញ)៖ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា លោកបណ្ឌិត គីម ហ៊ាង បានលើកឡើងថា ការបង្កើតកម្មវិធីយល់ដឹង ពីវិស័យអចលនទ្រព្យនៅកម្ពុជា គឺជាការបញ្ជ្រាបចំណេះដឹងទូលាយលើវិស័យនេះ ដល់សាធារណជន ដែលវាជាកត្តាល្អមួយក្នុងការបង្កើនឲ្យអ្នករកស៊ីវិស័យនេះ ដែលពុំមានច្បាប់ទម្លាប់ត្រឹមត្រូវ ទៅសុំច្បាប់ពីស្ថាប័នក្រសួងនានា និងអ្នកដែលមានបំណងចង់រកស៊ីមាន ច្បាប់ទម្លាប់ត្រឹមត្រូវនឹងយល់ដឹងបានច្រើន។
ថ្លែងក្នុងកម្មវិធីស្ដីពី «៤ម៉ោងអំពីវិស័យអចលនទ្រព្យនៅកម្ពុជា ជាមួយបណ្ឌិត គីម ហ៊ាង» នាល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ ប្រធាននាយកដ្ឋានរូបនេះ បានថ្លែងថា ការរៀបចំឲ្យមានកម្មវិធីវិស័យអចលនទ្រព្យនេះ ជាការបញ្ជ្រាបចំណេះដឹងពីវិស័យដីធ្លី ហើយអ្វីដែលពិសេសនេះ បានជួយបង្កើនអ្នកដែលរកស៊ីលើវិស័យនេះមានច្បាប់ មានអាជ្ញាប័ណ្ណកាន់តែច្រើនឡើងៗ នេះជាផលចំណេញ សម្រាប់អ្នករកស៊ីផ្ទាល់ និងចំណេះទៅដល់ក្រសួងស្ថាប័ននានាផងដែរ។
លោកបានបន្ដទៀតថា កម្មវិធីស្ដីពី វិស័យអចលនទ្រព្យនេះ មានអ្នកចូលរួមយ៉ាងច្រើន ពិសេសអ្នកពុះដីឡូត៌ អ្នកលក់បុរី អ្នកខុនដូ។
លោកបានបន្ដទៀតថា «ខ្ញុំរំពឹងថាបន្ទាប់ពីបញ្ចប់កម្មវិធីនេះ នឹងមានមនុស្សជាច្រើនមកសុំអាជ្ញាប័ណ្ណ សុំច្បាប់រកស៊ីលើវិស័នេះ ព្រោះដំបូងឡើយពួកគាត់ មិនទាន់បានយល់ដឹងច្បាស់ពីការរកស៊ីមានច្បាប់ និងអត់ច្បាប់ឡើយ ដោយអ្នកខ្លះបានលើកឡើងថា «ប្រសិនបើយល់ដឹងលម្អិតពីវិស័យនេះ ឆាប់រហ័សជាងនេះ ខ្ញុំនឹងសុំច្បាប់ពីក្រសួងយូរណាស់មកហើយ»។
ក្នុងកម្មវិធី៤ម៉ោងអំពីវិស័យអចលនទ្រព្យនៅកម្ពុជា លោកបណ្ឌិត គីម ហ៊ាង បានពន្យល់ណែនាំពីចំណុចសំខាន់ៗចំនួន៨ចំណុចរួមមាន៖
១៖ ដូចម្ដេចដែលហៅថា ក្រុមហ៊ុន អចលនទ្រព្យ?
២៖ ប្រភេទនៃក្រុមហ៊ុន អចលនទ្រព្យ
៣៖ ប្រភេទនៃគម្រោងអភិវឌ្ឍន៍ អចលនទ្រព្យដែលគួរឲ្យទុកចិត្ត
៤៖ លក្ខណៈសម្បត្តិរបស់ភ្នាក់ងារ អចលនទ្រព្យអាជីព
៥៖ លក្ខណៈសម្បត្តិរបស់អ្នកវាយតម្លៃអចលនទ្រព្យអាជីព
៦៖ តើគួរទិញដី ផ្ទះ ឬខុនដូ
៧៖ តើគួរយកលុយទៅផ្ញើធនាគារ ចង់ការប្រាក់ ឬទិញអចលនទ្រព្យ?៨
៨៖ សក្ដានុពលភាព នៃអចនលទ្រព្យនៅរាជធានីភ្នំពេញ៕