(បន្ទាយមានជ័យ)៖ ដោយសារតែជម្លោះស្នេហាត្រីកោណ បណ្ដាលឲ្យជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ ក្រោយប្រើដាវសាំម៉ូរ៉ៃ កាប់ទៅលើនារីម្នាក់ធ្លាប់ជាសង្សារនឹងគ្នា និងសង្សារថ្មីរបស់នាង បណ្ដាលឲ្យរបួសធ្ងន់ស្រាលទាំងពីរនាក់។
លោកវរសេនីយ៍ទោ ខែម សុភ័ណ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៊ុល គឹមសាន ហៅចិន អាយុ២៣ឆ្នាំ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ចំណែកនារីរងគ្រោះជាអតីតសង្សារមានឈ្មោះ សឹង្ហ សុភ័ក្ត្រ អាយុ២១ឆ្នាំ រស់នៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងបុរសជាសង្សារថ្មីរបស់នាងមានឈ្មោះ ទាវ សារិទ្ធ អាយុ២១ឆ្នាំ មានទីលំនៅភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បច្ចុប្បន្នមកស្នាក់នៅធ្វើការនៅរោងចក្រ ស្ថិតក្នុងភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ទោបានបញ្ជាក់ថា កាលពីយប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ ឈ្មោះ ប៊ុល គឹមសាន បានយកដាវសាំម៉ូរ៉ៃទៅកាប់ទៅលើឈ្មោះ ទាវ សារិទ្ធ បណ្តាលឲ្យរងរបួសត្រចៀកឆ្វេង ដៃឆ្វេង ជើងឆ្វេង ចំណែកឈ្មោះ សឹង្ហ សុភ័ក្ត្រ របួសកដៃឆ្វេង ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេច។
លោកវរសេនីយ៍ត្រី សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងដែរថា ក្រោយពីកើតហេតុ កម្លាំងនគរបាលស្រុកអូរជ្រៅ បានធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៊ុល គឹមសាន នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិអូរអំបិល ក្រុងសិរីសោភ័ណ រួចបានបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានប្រាប់សមត្ថកិច្ចថា រូបគេ និងឈ្មោះ សឹង្ហ សុភ័ក្ត្រ ធ្លាប់ស្រឡាញ់គ្នាយូរហើយ តែពេលឃើញនាងបែកចិត្តពីខ្លួនមានសង្សារថ្មី និងឃើញនាងស្និទ្ធស្នាលនឹងគ្នាទៀតនោះ ក្តៅចិត្តក៏ទាញដាវសាំម៉ូរ៉ៃពីចង្កេះកាប់ទៅលើប្រុសស្នេហ៍ជាច្រើនដាវ ពេលដែលឈ្មោះ សុភ័ក្ត្រ ស្ទុះទៅជួយក៏កាប់ត្រូវ១ដាវផងដែរ រួចហើយក៏រត់គេចខ្លួន។
លុះនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ដោយផ្អែកលើចម្លើយសារភាព និងបណ្ដឹងរបស់អាណាព្យាបាលជនរងគ្រោះទាំង២នាក់ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនិតិវិធីច្បាប់៕