(ភ្នំពេញ)៖ លោក អ៊ឹម សិទ្ធី តំណាងរាស្ដ្រមណ្ឌលកំពង់ចាម និងជាអតីតរដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលមរណភាព ព្រឹកទាបភ្លឺនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧នេះ ដោយរោគាពាធ។ នេះបើយោងតាមលោក សួង សារិន ជំនួយការរបស់លោក បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិច។
លោក សួង សារិន បានបញ្ជាក់ថា នៅព្រឹកមិញនេះ លោកបានទទួលព័ត៌មាននៃការទទួលមរណភាព ពីកូនរបស់គាត់ ដើម្បីជំរាបជូនទៅខាងរដ្ឋសភា ក្នុងការជួយចាត់រៀបចំពិធីបុណ្យសព។ បើតាមលោក សារិន ការទទួលមរណភាពរបស់លោក អ៊ឹម សិទ្ធី បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែសុខភាពរបស់លោក មិនទាន់មានការទ្រុឌទ្រោមនោះឡើយ។
បច្ចុប្បន្នលោក អ៊ឹម សិទ្ធី ជាតំណាងរាស្រ្តមណ្ឌលកំពង់ចាមមកពីគណបក្សប្រជាជនកម្ពុជា និងមានអាយុ៧០ឆ្នាំ៕