(កំពង់ស្ពឺ)៖ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី សម សាមួន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងបន្ថែមទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើង ដោយរថយន្តដឹកកម្មករ-កម្មការិនី ធ្វើការនៅរោងចក្រមួយគ្រឿង បានបើកបរក្នុងល្បឿនលឿន ក៏បែកកង់រេចង្កួតក្រឡាប់ធ្លាក់ផ្លូវនោះ រហូតមកដល់ពេលនេះ មានកម្មការិនីម្នាក់ស្លាប់ និងកម្មការិនី៣៥នាក់ផ្សេងទៀត របួសធ្ងន់ស្រាល ហើយ១៤នាក់ បញ្ជូនមកសង្គ្រោះនៅភ្នំពេញ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅម៉ោង០៦៖២០នាទីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ត្រង់ចំណុចភូមិអណ្ដូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
សូមជម្រាបថា របាយការណ៍របស់នគរបាលការិយាល័យចរាចរណ៍ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា រថយន្ដដឹកកម្មករដែលជួបគ្រោះថ្នាក់ចរាចរណ៍នេះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សឆ្នូតខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AG-5411 បើកបរដោយឈ្មោះ រិន អាយុប្រហែល៣៥ឆ្នាំ ដោយធ្វើដំណើរមកពីទិសខាងត្បូងទៅទិសខាងជើង លុះបើកបរទៅដល់ត្រង់ចំណុចកើតហេតុ បានទៅប៉ះរថយន្ដ១គ្រឿងម៉ាក KIA ពណ៌ត្រីអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ 1.3-5637 បើកបរដោយឈ្មោះ កឺ រិទ្ធី អាយុ២៦ឆ្នាំ ជាយោធាវិស្វកម្ម ដែលកំពុងតែបើកបរបញ្ច្រាសទិសគ្នា។
បើតាមសេចក្ដីរាយការណ៍បន្ថែមទៀតថា ក្រោយកើតហេតុភ្លាមៗ រថយន្ដសង្គ្រោះ៦គ្រឿង បានចេញអន្ដរាគមន៍ដឹកជនរងគ្រោះទៅសង្គ្រោះ ហើយខ្លះបានបញ្ជូនមកសង្គ្រោះនៅរាជធានីភ្នំពេញ៕