(សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចចិត្តចាយលុយ ៣១០,០០០ដុល្លារ ទៅឱ្យអង្គភាពពិសេសមួយ ដែលទើបត្រូវបានបង្កើតឡើង ដើម្បីធ្វើឃាតមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធាសំខាន់ៗ របស់ទីក្រុងព្យុងយ៉ាង នៅក្នុងករណីសង្រ្គាមនៅលើឧបទ្វីបកូរ៉េផ្ទុះឡើង។ នេះបើតាមកាសែត Korea Herald ដកស្រង់ដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែធ្នូ ឆ្នាំ២០១៧។
សារព័ត៌មានកូរ៉េខាងត្បូង Korea Herald ផ្អែកលើប្រភពពីមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានលួចបង្ហើបឱ្យដឹងថា ក្រសួងការពារជាតិកូរ៉េខាងត្បូងបានផ្ដល់ប្រាក់ជាង ៣៤០លានវ៉ុន ឬស្មើនឹង ៣១០,០០០ដុល្លារ ដល់អង្គភាពពិសេសដែលហៅខ្លួនឯងថា «decapitation unit» ឬ«អង្គភាពកាត់ក្បាល»។
ប៉ុន្តែទន្ទឹមគ្នា បា្រក់ទំាងនេះគ្រាន់តែជាចំណែកមួយ នៃថវិកាជាតិជិត ៤០ពាន់លានដុល្លារ ដែលបានផ្ដល់ឱ្យក្រសួងការពារជាតិតែប៉ុណ្ណោះ។ មន្ត្រីរូបនេះដដែលបានលើកឡើងយ៉ាងដូច្នេះថា «ប្រាក់ទាំងនេះនឹងត្រូវ ចំណាយដើម្បីទិញបរិក្ខាយោធាសម្រាប់កងកម្លាំងពិសេស... ហើយបរិក្ខាយោធាទាំងអស់រួមមាន យន្ដហោះដ្រូនអត្តឃាត យន្ដហោះស៊ើបការណ៍ គ្រាប់បែកស្វ័យប្រវតិ្ត និងកាំភ្លើងយន្ដជាដើម»។
គួរបញ្ជាក់ថា បើតាមសារព័ត៌មានកូរ៉េខាងត្បូងជាច្រើន «decapitation unit» ត្រូវបានបង្កើតឡើងដោយយោធាកូរ៉េខាងត្បូង កាលថ្ងៃទី០១ ខែធ្នូ ហើយកងកម្លាំងកុម្ម៉ង់ដូពិសេសនេះ មានកងទ័ពដែលទទួលការហ្វឹកហាត់ជំនាញខ្ពស់ ១,០០០នាក់ ព្រមទាំងយកគំរូតាមកងកុម្ម៉ង់ដូពិសេសអាមេរិក US Army Rangers, Delta Force, SEAL Team Six និង Green Berets ផងដែរ៕