តុលាការកំពូលតម្កល់ទោស៦ខែ លើស្ត្រីបឹងកក់៤នាក់ដដែល ករណីជេរប្រមាថ និងប្រឆាំងអ្នករាជការសាធារណៈ
08-12-2017 10:18
(ភ្នំពេញ)៖ តុលាការកំពូល នៅព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ សម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍ទុកជាបានការដដែល ពោលគឺផ្តន្ទាទោសស្ត្រីបឹងកក់៤នាក់ ដាក់ពន្ធនាគារម្នាក់ៗ៦ខែដដែល ករណីជេរប្រមាថនិងប្រឆាំងអ្នករាជការសាធារណៈ នៅមុខសាលារាជធានីភ្នំពេញ កាលពីឆ្នាំ២០១១។
ស្ត្រីបឹងកក់ទាំង៤នាក់មានឈ្មោះ ទេព វន្នី កំពុងជាប់ពន្ធនាគារ និង ៣នាក់ទៀតឈ្មោះ បូ ឆវីឈ្មោះ គង់ ចន្ថា និង ឈ្មោះ ហេង មុំ ជាប់ចោទពីបទ"ប្រមាថនិងប្រឆាំងអ្នករាជការសាធារណៈដោយមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចមុខសាលារាជធានីភ្នំពេញ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១១ តាមមាត្រា៥០២ និង មាត្រា៥០៤ នៃក្រមព្រហ្មទណ្ឌ៕