(កំពង់ចាម)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ចាម នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចបឹងវាលកន្ទិល ក្រោយភូមិឥន្ទេល ឃុំគៀនជ្រៃ ដោយដកហូតវត្ថុតាងបានជាច្រើន និងប្រលែងកូនត្រីផងដែរ។
លោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា លោកបានបញ្ជាឲ្យលោកអធិការស្រុកកំពង់សៀម ដឹកនាំកម្លាំងអធិការដ្ឋាន សហការជាមួយកម្លាំងរដ្ឋបាលជលផលខេត្ត ដឹកនាំដោយលោក ឯម គឹមសួរ អភិបាលរងស្រុកកំពង់សៀម ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ដែលមានទីតាំងខាងលើ។
បើតាមលោកស្នងការ ជាលទ្ធផល លូស្បៃមុង ចំនួន៤៣មាត់, របាំងព្រួលប្រវែង ១,១៧៥ម៉ែត្រ, បង្គោលចម្រឹង ចំនួន៦៤៥ដើម និងចាក់លែងកូនត្រីចម្រុះ ចំនួន៥២គីឡូក្រាម។ ដោយឡែកចំពោះឧបករណ៍ វត្ថុតាងខាងលើបានដុតបំផ្លាញចោលនៅនឹងកន្លែងតែម្ដង៕