(ខេត្តកំពង់ធំ)៖ នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្ដល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៨៣០ គ្រួសារ ដែលរស់នៅក្នុងស្រុកប្រាសាទបល្ល័ង្គ និងក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ។
ពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយនេះប្រព្រឹត្តទៅនៅទីតាំង ៣ផ្សេងគ្នា រួមមាន ៖
១៖ ក្នុងបរិវេណវត្តព្រះជ័យចេស្ដា សម្រាប់ប្រជាពលរដ្ឋចំនួន ៣៦១ គ្រួសារ
២៖ ក្នុងបរិវេណវត្តសាលាវិស័យ សម្រាប់ប្រជាពលរដ្ឋចំនួន ១៥៤ គ្រួសារ
៣៖ ក្នុងបរិវេណសាលាក្រុងស្ទឹងសែន សម្រាប់ប្រជាពលរដ្ឋចំនួន ៣១៥ គ្រួសារ ។
ក្នុងឱកាសសំណេះសំណាលនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹក ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនដល់បងប្អូនប្រជាពលរដ្ឋ និងបានផ្ដល់នូវអនុសាសន៍មួយចំនួនដែលមានខ្លឹមសារថា សូមបងប្អូនត្រូវចេះថែរក្សាសុខភាពឱ្យបានល្អប្រសើរ ដោយត្រូវរស់នៅស្អាត និងពិសារទឹកឆ្អិនជានិច្ច ជាពិសេសស្រ្តីមានផ្ទៃពោះ ត្រូវទៅពិនិត្យផ្ទៃពោះតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។ ជាមួយគ្នានេះ ត្រូវចេះស្រឡាញ់រាប់អានយកអាសាគ្នាទៅវិញទៅមក និងត្រូវជៀសវាងការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹងផ្សេងៗ ដែលនាំឱ្យកើតមានអំពើហិង្សាផ្សេងៗ។ បន្ថែមពីលើនេះទៀត សូមបងប្អូនត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីបង្ការពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។
ទន្ទឹមនឹងនេះដែរ ប្រជាពលរដ្ឋដែលមក ទទួលអំណោយបានសម្តែងនូវក្តីរំភើបឥតឧបមា និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលជានិច្ចកាលតែងយកព្រះទ័យ និងយកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋជួបការលំបាកដោយមិនប្រកាន់ពូជសាសន៍ វណ្ណៈ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដែលត្រូវចែកជូនប្រជាពលរដ្ឋចំនួន ៨៣០គ្រួសារ ដែលក្នុងគ្រួសារនីមួយៗទទួលបានរួមមាន៖ អង្គរ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១៕