(ភ្នំពេញ)៖ ជុំវិញដំណើររឿងក្ដីវិវាទរវាងក្រុមហ៊ុនចិន រំលោភដីរបស់ជាមួយប្រជាពលរដ្ឋ នៅតំបន់សេដ្ឋកិច្ចពិសេស ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុនោះ ត្រូវបានសាលាឧទ្ធរណ៍ចេញដីកា សម្រេចរក្សាការពារ ដោយហាមឃាត់មិនឲ្យក្រុមហ៊ុនចិន បន្តឈូសឆាយដីតទៅទៀត។
ដីការបស់សាលាឧទ្ធរណ៍ ដែលសម្រេចរក្សាការពារនោះ បានបញ្ជាក់ថា សម្រេចលុបដីកាសម្រេចអំពីពាក្យសុំតវ៉ា ចំពោះដីកាសម្រេចការពារលេខ ៤៨៥គរ/១៦ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ របស់សាលាដំបូងខេត្តព្រះសីហនុ ជាអសារបង់ និងតម្កល់ដីកាសម្រេចរក្សាការពារលេខ ៣៩គរ/១៤ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ របស់សាលាដំបូងខេត្តព្រះសីហនុ ទុកជាបានការដដែល។
ដីការក្សាការពាររបស់សាលាឧទ្ធរណ៍នេះ ត្រូវបានដឹកនាំចុះអនុវត្តដោយ ព្រះរាជអាជ្ញារង លឹម ប៊ុនហេង និងមានការចូលរួមពីកងរាជអាវុធហត្ថ និងអាជ្ញាមូលដ្ឋានជាច្រើនទៀតផងដែរ។
សូមជម្រាបថា វិវាទដីធ្លីនេះ កើតឡើងកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៣ ដោយឈ្មោះ ឡៅ ជូ, ឡៅ តា (ជាក្រុមហ៊ុនចិន) និងគូកនជាច្រើន បានយកគ្រឿងចក្រជាច្រើនដូចជា អាប៊ូលចំនួន២គ្រឿង, អេស្កា ចំនួន៣គ្រឿង, ឡានដឹកដីធុនធំ ចំនួន៨គ្រឿង យកមកឈូសឆាយវិវាទ និងដឹកដីចាក់លើចំការ កិនលុបដើមស្វាយ ចំនួន២០០ដើម និងឈួសបង្គោលរបង ចំនួន៥០បង្គោល ព្រមទាំងគំរាមកំហែងមកលើអ្នកចាំដីចំការរបស់ ឈ្មោះ រស់ សុវណ្ណវាសនា ដែលជាប្រជាពលរដ្ឋរងគ្រោះ និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិជាច្រើន។
បន្ទាប់មកក៏មានការប្តឹងផ្តល់គ្នានៅតុលាការខេត្តព្រះសីហនុ ២លើក ហើយទើបប្តឹងឡើងដល់សាលាឧទ្ធរណ៍ ឈានដល់ចេញដីកាសម្រេចរក្សាការពារ ដីរបស់ប្រជាពលរដ្ឋ ឈ្មោះ រស់ សុវណ្ណវាសនា មិនឲ្យក្រុមហ៊ុនចិន ឈូសឆាយទៀតឡើង។
សូមជម្រាបថា ក្នុងដីកាសាលាឧទ្ធរណ៍ ដែលសម្រេចនេះបានបន្ថែមថា ជាគោលការណ៍ក្នុងការសម្រេចរក្សាការពារ គឺត្រូវការពារនូវផលប្រយោជន៍របស់គូភាគី និងត្រូវរក្សានូវស្ថានភាពដើម នៃវត្ថុទំនាស់ឲ្យនៅដដែល ដូច្នេះដើម្បីការពារផលប្រយោជន៍របស់គូភាគីផង និងដើម្បីរក្សានូវស្ថានភាពដើម មុនពេលមានទំនាស់ឲ្យនៅដដែល និងដើម្បីមានភាពងាយស្រួលក្នុងការអនុវត្តសាលក្រម ឬសាលដីកាស្ថាពរនេះ គប្បីហាមឃាត់មិនឲ្យធ្វើការឈួសឆាយដី ដឹកដីចាស់ សាងសង់សំណង់ ផ្ទេរ លក់ ជួល បញ្ចាំ ដាក់ធានា ឬធ្វើអំណោយដល់អ្នកដទៃនូវដីទំនាស់នេះ ជាបណ្ដោះអាសន្នសិន៕